KhmerAcademy បន្ថែម​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត សម្រាប់​សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ

  • 2015-11-20 16:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មុខ​វិជ្ជា​​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ដែលវិបសាយ KhmerAcademy បាន​ដាក់​បង្រៀន​នៅ​លើ​វិបសាយ​របស់​ខ្លួន។ ដោយ​ឡែក​ មុខ​វិជ្ជា​វិទ្យាសាស្ត្រ​​ពិតដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​សម្រាប់​សិស្ស​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​ នៅ​មិន​ទាន់​មាន​បង្រៀន​នៅ​​លើ​វិបសាយ​នេះ​នៅ​ឡើយ​ទេ។

 

ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ចុះ​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​មជ្ឈមណ្ឌល Korea Software HRD និងសាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង (National University of Management) លោក Kim Taekyung នាយក​មជ្ឈមណ្ឌល Korea Software HRD បាន​មាន​ប្រសាសន៍​ថា ជា​ការ​​ពង្រឹង​​​បន្ថែម​គុណភាព​​សិក្សា​​ដល់​​​សិស្សានុសិស្ស​ មជ្ឈមណ្ឌល Korea Software HRD ​នឹង​​​​បញ្ចូល​ការ​សិក្សា​​មុខវិជ្ជា​វិទ្យាសាស្រ្ត​ពិត​​នៅ​លើ​ប្រព័ន្ធ E-Learning ដើម្បី​​ធ្វើ​ឲ្យ​សិស្សានុសិស្ស​​​​​​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​អា​ច​ទទួល​បាន​ចំណេះដឹង​​​បន្ថែម​ពី​ការ​​សិក្សា​នៅ​ក្នុង​សាលា​។

 

លោក​ថា ការ​បន្ថែម​​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ពិត​នេះ​​​ជា​ជំនួយ​បំប៉ន ​សម្រាប់​សិស្សានុសិស្ស​​ដែល​មាន​បំណង​ចាប់​យក​មុខ​ជំនាញ​បច្ចេកវិទ្យា​សិក្សា​​​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ អាច​មាន​​គ្រឹះ​រឹងមាំ​ដើម្បី​​អាច​​ឈាន​ទៅ​ចាប់​​យក​ជំនាញ​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ទទួល​​បាន​ជោគជ័យ​​។

 

 

 

ទាក់ទង​នឹង​ចំណុច​នេះ​ដែរ លោក ចិន ភី​រម្យ ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៃ​​មជ្ឈមណ្ឌល​ Korea Software HRD ឲ្យ​ដឹង​​ថា ការ​​ដាក់​បញ្ចូល​នូវ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត​ដូចជា គណិតវិទ្យា( ពីជគណិត និង ធរណីមាត្រ ) គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា​ ​ស្រប​តាម​កម្មវិធី​សិក្សា​កម្រិត​វិទ្យាល័យ របស់​ក្រសួង​អប់រំ យុវជន​ និង កីឡា។ ការ​បន្ថែម​សិក្សា​មុខវិជ្ជា​ទាំង​នេះ​ សិស្សានុសិស្ស​​អាច​ស្វ័យ​សិក្សា​តាម​​បែប​ E-Learning  ដែល​​ពួកគេ​អាច​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​​មុខវិជ្ជា​បច្ចេកវិទ្យា​​និង​​ទុក​​ជា​ឯកសារ​ដើម្បី​​ត្រៀម​ប្រលង​សញ្ញាប័ត្រ​មធ្យម​ទុតិយភូមិ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

 

វិបសាយ KhmerAcademy ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ Korea Software HRD កាល​ពី​ឆ្នាំ ២០១៣ ដែល​ក្នុង​នោះ​មាន​​បង្រៀន​មុខ​វិជ្ជា​​ជា​ច្រើន​ដូច​ជា របៀប​បង្កើត​​កម្មវិធី​លើ​ iOS , កម្មវិធី Android , ការ​បង្កើត​ Website និង​ ការ​រចនា​ឌី​ហ្សាញ​។ គេ​ហ​ទំព័​រ​នេះ​​រៀន​អនឡាញ​នេះ​មាន​បង្រៀន​សរសេរ​កូដ​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ខ្ពស់​ដូច​ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជា​ដើម។ ចំណែក​មេរៀន Design មាន​ដូច​ជា Photoshop និង illustrator រួម​ទាំង​ការ​​បង្រៀន​ពី​កម្មវិធី​រដ្ឋបាល​ដូចជា​ Word , Excel និង PowerPoint។  ជាង​នេះ​ទៅ​ទៀត​ Khmer Academy ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ​ផង​ដែរ៕

 

 

 

 

 

អត្ថបទ៖ រក្សា