ចង់ថត Pre-Wedding ចំណាយតិច សាកប្រើវិធីនេះ
- 2015-11-30 17:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ថត Pre-Wedding ចំណាយតិច សាកប្រើវិធីនេះ
ចន្លោះមិនឃើញ
សម្រាប់មង្គលការសម័យថ្មី ការថត Pre-Wedding ទុកដាក់តាំងលម្អនៅមុខរោងការ ឬបញ្ចាំងនៅលើ Slide ពេលមង្គលការសម្រាប់អនាគតគូស្វាមីបានក្លាយជារឿងសាមញ្ញទៅហើយ។ ការថតនេះទៀតសោតត្រូវបានគេមើលឃើញថា ធ្វើឡើងតាមរូបភាពខុសៗគ្នារាប់តាំងពីតម្លៃបួនប្រាំរយដុល្លារដល់រាប់ពាន់រាប់ម៉ឺនដុល្លារក៏មាន អាស្រ័យទៅតាមលទ្ធផលជាក់ស្ដែងរបស់ម្ចាស់ដើមការ។ យើងងាកមកស្ដាប់យុវវ័យជជែកគ្នាថា តើធ្វើយ៉ាងណាទើបចំណាយអស់តិចសម្រាប់ការថត Pre-Wedding នេះបើគូស្នេហ៍មិនមានជីវភាពធូរធារ ឬចង់សន្សំសំចៃច្រើន?
រូបតំណាង
កញ្ញា ចន្ទ រង្សី និស្សិតច្បាប់ឆ្នាំទី ២ និយាយថា គួរបង្កើតសាច់រឿងដោយខ្លួនឯង។ «បើមានសាច់រឿងខ្លួនឯងស្រួលបង។ មិនចាំបាច់ជួលគេឲ្យគិតរកទាំងសាច់រឿងផង និងថតផង គេអាច Charge លុយ (ទារលុយ) ច្រើន។ យើងអាចឆែកមើលតាមអ៊ីនធឺណិតរកមើលការថតនៅក្រៅ គេថតម៉េចហើយយកមកច្នៃធ្វើសាច់រឿងខ្លួនឯងបាន»។
ចំណែកយុវជនមកពីស្រុកកោះធំ ខេត្តកណ្ដាល រដ្ឋាវិញ និយាយថា ឲ្យមិត្តភ័ក្ដិដែលមានជំនាញជួយថតឲ្យនឹងធ្វើឲ្យចំណាយផ្នែកនេះកាន់តែទាប។ និស្សិតផ្នែកកសិកម្មដដែលនិយាយថា «បើមានពួកម៉ាកចេះថត ពឹងគេឲ្យជួយថតឲ្យកាន់តែអស់តិចបង។ និយាយទៅយើងអស់តែថ្លៃសោហ៊ុយទៅមក ដូចជាសាំង និងស៊ីចុកតិចតួចប៉ុណ្ណឹង បើធៀបយើងជួលគេទាំងអស់ខុសគ្នាច្រើន»។
កញ្ញា តាំង លីឆេង វិញនិយាយថា ការជួលរ៉ូបគេមកថតនឹងបន្ថយខ្ទង់ចំណាយបានមួយកម្រិត។ «បើយើងជួលផ្នួងថ្លៃ អាហ្នឹងគេអាច Free ថ្លៃថត Pre-Wedding ឲ្យ តែនៅតែថ្លៃដដែលហ្នឹងព្រោះគេបូកបញ្ចូលថ្លៃថតហ្នឹងអស់ហើយ។ សម្រាប់ខ្ញុំ ជួលរ៉ូបគេពីរបីឈុតទុកថតទៅ ហើយរកជាង (ថត) ស្គាល់គ្នាទៅថតឲ្យប្រហែលអស់តិច។ យើងអាចទៅរកជួលខ្លួនឯង ឬក៏សួរជាងថត ព្រោះជាងខ្លះគាត់មានលេខគេស្រាប់ស្រួល អស់តែថ្លៃថតមួយមុខទេ»។
បុគ្គលិកក្រុមហ៊ុនឯកជនលោក ថន ធារ៉ា វិញ ប្រាប់ថា គួររកទីតាំងថតជិតៗ និងប្រើស្ទីលសាមញ្ញៗ។ បុរសវ័យ ២៦ ឆ្នាំ បញ្ជាក់ «ចង់អស់តិច ខ្ញុំវិញគិតថា មិនបាច់ជួលរ៉ូបក្បាច់ក្បូរអីច្រើនទេ។ ឥលូវគេមិនសូវលេងស្ទីលកូនក្រមុំ អាវធំអីនាំរញ៉េរញ៉ៃច្រើនទេ យកខោអាវខ្លួនឯង អាណាស្អាតមក ហើយថតបែបយុវវ័យទៅដឹងតែអស់តិចហើយ។ មួយទៀត កន្លែងថតហ្នឹងមិនបាច់រកកន្លែងណាឆ្ងាយពេកទេ រកកន្លែងជិតៗឲ្យតែមើលទៅទំនងថតទៅ អត់អស់សាំងច្រើនហើយ ស៊ីពេលតិចទៀត»។
ចុះអ្នកវិញ គិតថា ថតយ៉ាងម៉េចទើបចំណាយតិច?
អត្ថបទ៖ ប្រាក់ ចាន់សីហា