ភរិយា ស៊ុក សុភា ធានាតារាខ្មែរទៅរកលុយនៅអូស្ត្រាលីមកជួយគន្ធបុប្ផា
- 2015-12-09 17:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយា ស៊ុក សុភា ធានាតារាខ្មែរទៅរកលុយនៅអូស្ត្រាលីមកជួយគន្ធបុប្ផា
ចន្លោះមិនឃើញ
ភរិយា ស៊ុក សុភា អ្នកនាង សារីណា ដែលស្ងប់សកម្មភាពពាក់ព័ន្ធនឹងសិល្បៈ រួមទាំងសកម្មភាពសប្បុរសធម៌ផងនោះ បានចាប់ផ្ដើមកម្រើកសកម្មភាពហើយ ដោយអ្នកនាងជាអ្នកចេញមុខធានាសិល្បករ សិល្បការិនីមួយក្រុមទៅច្រៀងនៅអូស្ត្រាលីរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។
សិល្បករមួយក្រុមដែលចេញបេសកកម្មទៅអូស្ត្រាលីក្រោមការធានារបស់ សារីណា នោះមាន ឈឿន ឧត្តម កែវ សៀងហៃ ទន់ ជឿន និង ស្រ៊ីង សុខអេងលី ដោយពួកគេទាំងអស់បានទៅដល់ទឹកដីសត្វកង់ហ្គូរូហើយតាំងពីចុងសប្ដាហ៍មុន និងចេញសម្ដែងបានមួយ Show ហើយ។
តាមផែនការ ពួកគេនឹងស្នាក់នៅរហូតដល់ដាច់ឆ្នាំ ដើម្បីចេញសម្ដែងនៅកន្លែងមួយចំនួនដូចជា Adelaide និង Melbourn ដើម្បីរកប្រាក់បម្រើការងារមនុស្សធម៌។ សារីណា បញ្ជាក់ថា ថវិកាដែលរកបាន ផាត់ការចំណាយផ្សេងៗដូចជាសំបុត្រយន្តហោះជាដើម ពោលគឺប្រាក់ចំណេញទាំងអស់ នឹងប្រគល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។
ទោះយ៉ាងនេះក្ដី ភរិយា ស៊ុក សុភា រូបនេះ អះអាងថា ប្រាក់ចំណេញប្រហែលជាបានតិចដោយសារ ការចំណាយអស់ច្រើនពេក បើទោះសំបុត្រសម្រាប់ការចូលមើលការសម្ដែងរបស់សិល្បករយើង បានលក់ស្ទើរតែអស់ទៅហើយក្ដី។ សារីណា ប្រាប់ថា សូម្បីសំបុត្រយន្តហោះ ត្រូវកើនឡើងស្ទើរតែទ្វេ ព្រោះចំរដូវឡើងថ្លៃ។
ហេតុដូច្នេះហើយ នាងបានគ្រោងកម្មវិធីដដែលនេះចំនួន២លើក ក្នុងនោះបើមិនមានអ្វីរាំងស្ទះទេ នាងនឹងរៀបចំធ្វើលើកទី២នៅចុងខែនេះ ដើម្បីរកចំណូលបានកាន់តែច្រើនសម្រាប់មន្ទីរពេទ្យ។
មិនត្រឹមសកម្មភាពធានាតារាខ្មែរទៅរកប្រាក់នៅអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែ សារីណា ក៏បានកម្រើកសកម្មភាពសប្បុរសធម៌ជាថ្មីផងដែរ ដោយតាមរយៈមូលនិធិរបស់នាង SS Fundraiser សារីណា បាននាំថវិកាចំនួន ២៦០ ដុល្លារទៅជូនដូនចាស់ម្នាក់រស់នៅខេត្តកំពង់ឆ្នាំងថ្មីៗ។ ស្ត្រីមេផ្ទះរូបនេះ ប្រាប់ថា ថវិកា២៦០ដុល្លារអាមេរិកនោះ នាងទទួលបានពីសប្បុរសជននៅអូស្ត្រាលីឈ្មោះ Jolynet Tep ចំនួន ៦០ដុល្លារអាមេរិក។
សប្បុរសជនអូស្ត្រាលីផ្សេងទៀតមាន April Mayចំនួន ១០០ដុល្លារអូស្ត្រាលី Srey Lao៥០ដុល្លារអូស្ត្រាលី។ ចំណែកនៅសល់ ម្ចាស់ជំនួយសុំមិនបញ្ចេញឈ្មោះ តែក្នុងនោះ សារីណា បានបន្ថែមថវិកាផ្ទាល់ខ្លួនខ្លះទៀត ដើម្បីក្រោយពេលដូរបានគ្រប់ ២៥០ដុល្លារអាមេរិក។
សារីណា ប្រាប់ទៀតថា ដោយសារតែមានការយឺតយ៉ាវ ជំនួយត្រូវបានបញ្ជូនទៅលោកយាយចំនួនពីរដំណាក់កាល។ ដំណាក់កាលទី១ ចំនួន ៦០ដុល្លារអាមេរិកពី Jolynet Tep ត្រូវបានយកទៅលោកយាយកាលពីដើមខែវិច្ឆិកា ដោយភ្នាក់ងាររបស់នាង បានដូរជាលុយរៀល ហើយទិញគ្រឿងឧបភោគ បរិភោគមួយចំនួនជូនលោកយាន។
លើកទី២ ទឹកប្រាក់២០០ដុល្លារអាមេរិក តែបានដូរយកលុយរៀល ៨០ម៉ឺនរៀល ត្រូវបានបញ្ជូនទៅកាលពីថ្ងៃទី ២៨ វិច្ឆិកា។ ម្ចាស់មូលនិធិ SS Fundraiser ថ្លែងថា នាងនឹងនៅតែបន្តសកម្មភាពសប្បុរសធម៌របស់នាង បន្តបន្ទាប់ទៀត៕
អត្ថបទ៖ ទារិកា