តម្លៃជួល​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​នៅ​កំពត​ឡើង​ថ្លៃ​តែគេ​កក់​ជិតអស់

  • 2015-12-10 17:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈដែលខេត្តកំពតនឹងត្រូវរៀបចំ​ពិធីបុណ្យ​សមុទ្រដ៏​ទាក់ទាញ​មួយដែល​ផ្តល់ភាព​សប្បាយរីករាយ​ដល់ភ្ញៀវ​ទេសចរ​ដែលនឹង​ប្រព្រឹត្តទៅ​រយៈពេល​៣ថ្ងៃ​ នៅ​ក្នុង​​សប្តាហ៍​​នេះ​​កន្លែង​​ស្នាក់​នៅ​​ដូចជា​ផ្ទះ​​សំណាក់​ ​និង​​សណ្ឋាគារ ​នៅក្នុង​ខេត្តនេះ​ត្រូវបាន​កក់ស្ទើរ​តែអស់​ហើយ​ បើគិត​ ត្រឹម​ថ្ងៃម្សិលមិញ។

 

ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​ធ្វើឡើងក្នុង​គោលបំណង​លើកកម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​តំបន់ឆ្នេរមួយ​នេះនឹង​មានយៈពេល​៣ថ្ងៃ​ គឺចាប់​ពីថ្ងៃទី១១​ដល់ថ្ងៃ​ទី១៣​ ខែ​ធ្នូ ឆ្នាំ​២០១៥។

 

លោក សយ ស៊ីណុល ​ប្រធានមន្ទីរទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍​ថា ពិធីបុណ្យ​សមុទ្រឆ្នាំ​នេះ​រំពឹងថា​នឹង ​ទទួល​បានភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​រាប់ម៉ឺន​នាក់​មិនចាញ់​ការ​រៀប ចំ​ព្រឹត្តិការណ៍​ មុនៗ​នៅ​បណ្តាខេត្ត​ផ្សេង​ឡើយ។

 

លោកថាគិត​ត្រឹមថ្ងៃម្សិលមិញ​នេះចំនួន​បន្ទប់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅខេត្ត ​កំពតត្រូវ​បាន​ភ្ញៀវកក់​ស្ទើរតែ​អស់​ទៅ​ហើយ ដែល​នៅសេស​សល់មិន​ដល់ ​១៥ភាគរយ ​ឡើយ​ហើយ​ចំនួន​ភ្ញៀវ​បាន​បន្តកើន​ឡើង​ជាបន្តបន្ទាប់។

 

លោក​បញ្ជាក់ថា​ ចំពោះតម្លៃ​បន្ទប់បានហក់​ឡើងចន្លោះ​ពី ​១៥ទៅ ​៣០ភាគរយ ​លើសថ្ងៃ​ធម្មតាដែល​តម្លៃនេះ​មិនកើន​ឡើងហួស​ហេតុពេក​នោះទេ​ ប៉ុន្តែ​យ៉ាង​ណាក៏ ​ដោយក៏​មាន​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយ​ចំនួនតូច​បាន​បង្កើន​តម្លៃ​ខ្ពស់ជ្រុល​ផងដែរ។

 

បច្ចុប្បន្ន​សណ្ឋាគារនៅ​ខេត្តកំពត​មាន​ចំនួន៨​ និង​ផ្ទះសំណាក់​ចំនួន​១១០កន្លែង ​ដែល​មាន ជាង​ ២០០០​បន្ទប់។​ លោក ស៊ីណុល ​បាន​ឲ្យដឹង​ទៀត​ថា ​ក្រៅពី​ខេត្តកំពត​ភ្ញៀវក៏​អាច​ទៅ​ស្នាក់​នៅខេត្ត​កែប ដែល​នៅ​ក្បែរគ្នា​នេះ ​និងកន្លែងស្នាក់​នៅ​ ជាង​១០០០បន្ទប់​បន្ថែម​ទៀត។

 
 

កញ្ញា យ៉ន មីនា ​ជាបុគ្គលិក​បម្រើការនៅ​ផ្ទះសំណាក់​យីហោ ​ហង្សមាន​ ខេត្ត ​កំពតបាន​ឲ្យដឹងថា ​មក​ទល់នឹង​ថ្ងៃម្សិលមិញ​ផ្ទះសំណាក់​របស់នាង​ត្រូវ​បាន​ភ្ញៀវកក់​បន្ទប់​អស់ទៅ​ហើយ​សម្រាប់​ការស្នាក់​នៅថ្ងៃ​ទី​១២ ធ្នូ​ ប៉ុន្តែ​ចំពោះ​ថ្ងៃទី១១ ​និង​ថ្ងៃទី​ ១៣ ​ត្រូវបាន​កក់ស្ទើរ​តែអស់​ហើយ​ដែរ។

 

កញ្ញាបញ្ជាក់​ថា​ តម្លៃជួល​បន្ទប់បាន​ ហក់ឡើង​ដល់ទៅ ​២០ទៅ​ ២៥ដុល្លារ​ក្នុង ​មួយបន្ទប់​ដែល​តម្លៃនេះ​គឺខ្ពស់​ជាងថ្ងៃ​ធម្មតាពី​៧ ​ទៅ​ ១៥ដុល្លារ។ ​កញ្ញានិយាយ ​ថា ទោះបី​តម្លៃបន្ទប់​ហក់​ឡើងខ្ពស់​បន្តិច​ក្តី ប៉ុន្តែពុំ​មានការ​ត្អួញត្អែរ​ពីភ្ញៀវនោះ​ទេ។

 

ចំណែកតម្លៃម្ហូបអាហារ​វិញលោក ​សយ ស៊ីណុល ​បានឲ្យដឹងថា ​មន្ទីរ​ទេសចរណ៍ ​និងអាជ្ញាធរ​ខេត្តបានធ្វើការ​ណែនាំឲ្យ​អាជីវករលក់​ម្ហូបអាហារ​ក្នុងខេត្ត​លក់ក្នុង​តម្លៃសមរម្យ​ដើម្បី​ចៀសវាង ​ប៉ះពាល់​ដល់ ​អារម្មណ៍​អ្នកទេសចរ​មកទស្សនា​ព្រឹត្តិការណ៍​បុណ្យសមុទ្រ​នេះ។ លោកបន្ថែមថា ​បុណ្យសមុទ្រ​ឆ្នាំនេះនឹង​មានរៀប​ចំនូវព្រឹត្តិការណ៍​ជាច្រើន​ដូចជា​ ការសម្តែង ​សិល្បៈ ​ការប្រកួតកីឡា​ និង ​ការតាំង​បង្ហាញ​ផលិតផល​ និងម្ហូប​អាហារ​ ដែលមាន​ការចូលរួម​ពីប្រទេសថៃ ​និង​ វៀតណាម​ផងដែរ។

 

តាមលោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានអះអាងនា​ពេលកន្លងមក​ថា ព្រឹត្តិការណ៍បុណ្យ​សមុទ្រនៅ​ខេត្តកំពតឆ្នាំ ​២០១៥នេះ​នឹងទាក់ទាញ​អ្នកចូលរួម​មិន​ តិចជាង ៣០​ទៅ ​៤០ ម៉ឺន​នាក់​ឡើយ។

 

កាល​ពីឆ្នាំ ២០១៤​កន្លងទៅ ពិធីបុណ្យ​សមុទ្រនៅក្នុងខេត្តកោះកុង​ទទួលបានភ្ញៀវ​មកទស្សនាប្រមាណ ​១០ម៉ឺននាក់ ​ប៉ុណ្ណោះ​ដែល​ទាប​ជាងការរំពឹង​ទុក៕

 

 

អត្ថបទ៖ ភិរុណ ប្រភព៖ ​thekhmerdaily