ខ្សែ​ភាពយន្ត​ខ្មែរ​ចាយ​លុយខ្ពស់ “Before the Fall” ជប់​លៀង​ធំ

  • 2015-12-11 19:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្មែរ​ខ្នាត​ធំ ដែល​ចំណាយ​ទុន​ជិត​១លាន​ដុល្លារ “Before the Fall” របស់​ផលិតកម្ម រ៉ក់ បាន​ធ្វើ​ពិធី​ជប់​លៀង​ធំ​មួយ​ថ្មី​ៗ​នេះ នៅ​ហាង Exchange ជិត​វត្តមាន​ភ្នំ ដែល​មាន​ភ្ញៀវ​ចូល​រួម​រាប់​រយ​នាក់​ភាគ​ច្រើន​បំផុត​ជា​ជនជាតិ​បរទេស។

 

ពិធី​ជប់​លៀង​នេះ ក្រោយ​ពី “Before the Fall” ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ (CIFF) ដែល​ទើប​នឹង​បញ្ចប់​ថ្មី​ៗ។ លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock បាន​ប្រាប់​ថា ភាពយន្ត​ខ្មែរ​ដែល​ចាយ​ទុន​ធំ​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៦​កន្លង​ទៅ​ថ្មី​ៗ​នេះ។

 

 

ប្រធាន​គ្រប់​គ្រង អ្នក​ដឹក​នាំ​រឿង តួ​សម្ដែងរបស់​ភាពយន្ត "Before the Fall"

 

“កម្មវិធី​គេ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៤ ធ្នូ ចប់​នៅ​ថ្ងៃ​ទី ០៩​ធ្នូ ហើយ​រឿង​យើង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ដំបូង ដែល​មាន​តែ​មួយ Screen ទេ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​មែន​ទែន បន្ទាប់​ពី​រឿង​របស់ អេនជាលីណា ចូលី និយាយ​ទៅ គឺ​អ្នក​មើល​ពេញ​សាល​តែ​ម្ដង" យឹម សុ​សត្យា ថ្លែង។

 

ដូច្នេះ​កម្មវិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​អប​អរ​សាទរ​ដែល​ខ្សែ​ភាពយន្ត​មួយ​នេះ ដោយ​មាន​អ្នក​ដឹកនាំ តួ​សម្ដែង​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​ចូល​រួម។ ក្រៅ​ពី​នេះ Band ចម្រៀងដែល​ត្រូវ​បាន​ប្រើ​បញ្ចូល Sound Track ក៏​មាន​វត្តមាន​​ដែរ។ លោក សត្យា បាន​ហៅ​ការ​នេះ​ថា ជា​សញ្ញា​ល្អ​មួយ​របស់​ខ្សែ​ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​នេះ មុន​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ខ្មែរ​បាន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ។

 

“Before the Fall” ឬ "មុន​ការ​ដួល​រលំ" ធ្លាប់​មាន​ព័ត៌មាន​ចេញ​មក​ថា បាន​សម្ងំ​ថត​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ជាមួយ​ទុន​ប្រមាណ ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​បាន​នាំ​យក​តួ​សម្ដែង និង​អ្នក​ដឹក​នាំ​រឿង​មក​ពី​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​មក​ផង។ រឿង​នេះ​ធ្លាប់​បាន​ដាក់​គម្រោង​ដាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ម្ដង​ជា​ពីរ​ដង​ដោយ​សារ​បញ្ហា​បច្ចេកទេស។

 

លោក សត្យា ធ្លាប់​ប្រាប់ Sabay កន្លង​មក​ថា បញ្ហា​សំឡេង និង​រូបភាព​ជា​ដើម “Before the Fall” ធ្លាប់​យក​ទៅ​កាត់​ត​ដល់​បារាំង និង​អូស្ត្រាលី​ឯណោះ ដើម្បី​សម្រាំង​គុណភាព ខណៈ​ភាពយន្ត​នេះ​ស្ថិត​ក្នុង​ផែន​ការ​យក​ទៅ​បញ្ចាំង​នៅ​អន្តរជាតិ​ផង។ ដោយ​ឡែក​បច្ចុប្បន្ន ក្រុម​ការងារ​កំពុង​ត្រៀម​ដាក់​បញ្ចូល Subtitle ទៀត ដើម្បី​ជំនួយ​ដល់​អ្នក​ទស្សនា ដោយ​សារ​តែ​ការ​សម្ដែង​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​សុទ្ធ។

 

 

"ពី​ដំបូង​យើង​ចង់​បក​ប្រែ តែ​គិត​ទៅ​ខ្លាច​ដល់​យើង​បក​ប្រែ​ទៅ ប៉ះពាល់​នឹង​ការ​សម្ដែង​របស់​តួ​សម្ដែង​ដែល​គាត់​ខំ​ប្រឹង​សម្ដែង​ដល់​កម្រិត អីចឹង​យើង​សម្រេច​ដាក់ Subtitle ប្រហែល​ចប់​ឆាប់​ៗ​នេះ​ហើយ" លោក បន្ត ក្រោយ​ពេល​រួច​រាល់ នឹង​ត្រូវ​បញ្ជូន​ទៅ​នាយកដ្ឋាន​ភាព​ពិនិត្យ និង​ស្នើ​សុំ​ថ្ងៃ​ដាក់​បញ្ចាំង ដោយ​ក្នុង​គម្រោង​គឺ​ខែ​មករា ដើម​ឆ្នាំ ២០១៦​នេះ៕

 

Rock បង្ហាញ​មុខ​តួ​ហូលីវូដ​ក្នុង​រឿង​ចំណាយ​ទុន​ជិត​១លាន​ដុល្លារ​ផ្លូវការ​

 

 

 

 

 

អត្ថបទ៖ ទារិកា