ស្ពានទ័ពជាស្ពានបុរាណវែង និងធំជាងគេបង្អស់បន្សល់ទុក តាំងពីសម័យចក្រភពអង្គរ
- 2015-12-18 17:33:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានទ័ពជាស្ពានបុរាណវែង និងធំជាងគេបង្អស់បន្សល់ទុក តាំងពីសម័យចក្រភពអង្គរ
ចន្លោះមិនឃើញ
ស្ថានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងដូចស្ពានកំពង់ក្តីនោះទេ។ ស្ពានទ័ព ឬ ស្ពានអូរជីកមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើង ទៀន ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។
ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រ ដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះ បង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ ចំណែកឯសសរជើងស្ពានខ្លះទទួលការសឹករេចរឹលផងដែរ។
ស្ពាននេះមានបណ្ដោយប្រវែងប្រមាណជា ១៤៩ ម៉ែត្រទទឹងប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់ប្រហែល ១០ ម៉ែត្រ ពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន ៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី ៧ ក្នុងចន្លោះសតវត្សរ៍ទី ១២ និងទី ១៣ នៃគ.ស។ ស្ពាននេះត្រូវបានចាត់ទុកថា មានប្រវែងវែងជាងគេបង្អស់នៅក្នុងចំណោម ស្ពានបុរាណនានាជាង ១០០ ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
កាលពីសម័យ ដែលរាជធានីអង្គរជាមណ្ឌល នៃចក្រភពអង្គរដ៏ធំមួយនេះទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ឧទាហរណ៍ផ្លូវចេញពីអង្គរទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និង កំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។
ឧទាហរណ៍មួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេស កាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្ត ស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។ ស្ពានទ័ព ឬស្ពានអូរជីកនេះឆ្លងកាត់មកពីខាងលើភូមិរមៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យរហូតមកទល់ស្ទឹងក្រឡាញ់ខេត្តសៀមរាប។
ស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេ។ បើសិនយើងធ្វើដំណើរតាមតម្រាយនៃផ្លូវបុរាណចេញពីអង្គរកាត់ឃុំអង្គរភាសស្រុកពួកបន្ត មកភូមិគោគខ្ជាយខាងជើង កាត់ខាងជើងភូមិគោគជ្រៃ ឃុំសសរស្តម្ភ ខេត្តសៀមរាប យើងនឹងឃើញមានផ្លូវបែកជាពីរ។ ផ្លូវ បុរាណខ្សែទី ១ បែកទៅឃុំជន្លាស់ដៃអន្លង់ ស្វាយ ស្រុកក្រឡាញ់តភ្ជាប់ទៅឃុំស្ពានស្រែង (មានស្ពានថ្មបុរាណ មួយវែង) កាត់ស្ទឹងស្រែងឃុំស្រះជីក ភ្ជាប់ទៅឃុំ ប៉ោយចារ (មានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងត្រពាំងថ្ម) នៃស្រុកភ្នំស្រុកបន្តទៅស្រុកថ្មពួក ស្រុកស្វាយចេក និងបន្តរហូតដល់ប្រាសាទបន្ទាយឆ្មារខេត្តបន្ទាយមានជ័យ ហើយចុងក្រោយភ្ជាប់ទៅប្រាសាទភីម៉ៃ (បច្ចុប្បន្នប្រទេសថៃ) ឬអាចទៅ សុខោទ័យ។
ចំណែកឯផ្លូវបុរាណខ្សែទី ២ ដែលគេអះអាងថា សំដៅទៅភ្នំដងរ៉ែកតទៅប្រាសាទភ្នំរូង (ខេត្តបូរីរាំ ប្រទេស ថៃ) ឬតភ្ជាប់បន្តទៅប្រាសាទភីម៉ៃ ឬបន្តទៅសុខោទ័យ។ ផ្លូវនេះកាត់តាមភូមិខ្នាររ៉ឹល ឃុំសែនសុខឆ្ពោះទៅកាន់ខាងកើត ស្រុកស្រីស្នំ កាត់តាមឃុំស្ពានស្រែង ឬភូមិចំការចេក ហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំ (ដែលមានអាងបុរាណមួយនៅក្បែរអូរជីកអ្នកភូមិហៅថាស្ទឹងអូរជីក) ស្រុកស្រីស្នំខេត្តសៀមរាប ឈមនឹងភូមិជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះគ្របដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើ ធំ តូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើឲ្យស្ពានមានភាពស្ងប់ស្ងាត់។
នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវ ហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើឲ្យមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះ នៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។
នៅពេលរដូវភ្ជុំបិណ្ឌប្រជាជនប្រុស-ស្រីនៅតំបន់នោះតែងធ្វើដំណើរទៅទស្សនាទេសភាពមាត់ស្ពានហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងច្រើនកុះករ។ អ្នកស្រុកភូមិនៅតែមានជំនឿទៅលើខ្មោចព្រាយអ្នកតា ដែលថែរក្សាទីស្ថានបុរាណ ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មីសម្រាប់វាងស្ពានបុរាណនេះ។ នៅខាង ត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខានៅក្រោមដើមឈើមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែលពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថាសម្បូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅ អូរជីកៗដែលមានប្រវែងប្រមាណជា ២គីឡូម៉ែត្រ។
នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក កាលពីសម័យសង្គ្រាមតំបន់នេះ គឺជាបន្ទាយទាហាន៕
អត្ថបទ លោក វិសិទ្ធ ប្រភព៖ KhmerDaily