និស្សិត​ត​​អនុ​បណ្ឌិត​នៅ​កូរ៉េ​មហិច្ឆតា​ខ្ពស់​ចង់​នាំ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

  • 2015-12-24 16:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាង វុទ្ធា ជា​និស្សិត​ជំនាញ IT មួយ​រូប​ដែល​នឹង​ឈាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ជុងប៊ុក សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​ខាង​មុខ​នេះ។ ក្រៅ​ពី​មាន​ឱកាស​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស យុវជន​នេះ​ក៏​មាន​មោទនភាព​ដោយ​បាន​ក្លាយ​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា​នៅ​មជ្ឈមណ្ឌល Korea Software HRD Center បន្ទាប់​ពី​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ជា​ច្រើន។

 

ការ​ទទួល​បាន​ជោគជ័យ​ទាំង​ការ​សិក្សា​និង​ការងារ វុទ្ធាមាន​​គោល​ដៅ​​ចង់​នាំ​កម្ពុជា​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​តាម​តាម​បែប​អេឡិចត្រូនិក ឬ E-Government ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត។

 

 

ប្រវត្តិ​ការ​សិក្សា​ និង​ស្ថានភាព​គ្រួសារ

 

យុវជន ឈាង វុទ្ធា មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង មាន​ឪពុក​ជា​កសិករ និង​ម្ដាយ​ជា​អ្នក​លក់​ផ្លែឈើ​រស់នៅ​ក្នុង​ស្ថានភាព​គ្រួសារ​ជីវភាព​មធ្យម។

 

វុទ្ធា ធ្លាប់​ជា​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​កាល​នៅ​វិទ្យាល័យ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ការ​ប្រឡង​ប្រជែង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​នា​ឆ្នាំ ២០១០ និង​ទទួល​បាន​អាហារូបករណ៍​ផ្នែក​ច្បាប់ ១០០ ភាគរយ​ពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បន្ទាប់​ពី​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ។

 

ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ទីផ្សារ​ជំនាញ​ផ្នែក​ច្បាប់​មិន​សូវ​ជា​សម្បូរ យុវជន​សម្បុរ​ស​រូប​នេះ​បាន​ដាក់​ពាក្យ​មក​រៀន​បង់​ថ្លៃ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាញ IT រយៈ​ពេល​បួន​ឆ្នាំ។

 

ផ្លាស់​ប្តូរ​ការ​ងារ​ព្រោះ​ក្តី​ស្រមៃ

 

ការងារ​ដំបូង​របស់​វុទ្ធា​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្ដី​កុំព្យូទ័រ​មួយ​ ដែល​ជា​ជំហាន​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ ICT។ បន្ទាប់​ពី​បម្រើ​ការ​នៅ​ទី​នោះ​រយៈ​ពេល ២ ឆ្នាំ​ ក៏​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ជា​អ្នក Design ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ទៀត រួច​ក៏​ទទួល​បាន​ការងារ​ជា​បន្ត​បន្ទាប់​តាម​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ដូចជា Web Developer ជាដើម។

 

យុវជន​​​​ដែល​មាន​​ទី​លំនៅ​​នៅ​​​ខេត្ត​ព្រៃវែង​រូប​នេះ​ប្រាប់​ថា ជា​សិស្ស​ដែល​ទើប​ឡើង​មក​ពី​ខេត្ត មិន​សូវ​ស្គាល់​គេ​ច្រើន និង​មិន​ដឹង​ពី​បច្ចេកវិទ្យា​អ្វី​ថ្មីៗ​ទេ ប៉ុន្តែ​ចិត្ត​ស្រលាញ់​ជំនាញ​ព័ត៌មានវិទ្យា​ក៏​ជម្នះ​រៀន​​បណ្ដើរ ធ្វើ​ការ​បណ្ដើរ​ទាំង​ដឹង​ថា​វា​លំបាក​ខ្លាំង​សម្រាប់​ខ្លួន​ឯង។

 

សមិទ្ធផល​ដែល​សម្រេច​បាន

 

វុទ្ធា ជា​ស្ថាបនិក​វិបសាយ kh4it.com ដែល​ជា​វិបសាយ​ចែក​រំលែក​ចំណេះ​ដឹង​អំពី​ច្បាប់​ បច្ចេកវិទ្យា កម្មវិធី​កុំព្យូទ័រ​ថ្មីៗ​ជាដើម និង​ជា​អ្នក​អភិវឌ្ឍ​វិបសាយ (Web Developer) ឲ្យ​វិបសាយ Khmer Academy ដែល​ជំរុញ​ឲ្យ​ការ​សិក្សា​លើ​អនឡាញ​មាន​ភាព​ប្រសើរ​ឡើង។

 

ដោយ​សារ​តែ​សមត្ថភាព ភាព​ប៉ិន​ប្រសប់ ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​​លើ​ការ​បណ្ដុះបណ្ដាល​ដល់​សិស្ស​និស្សិត​បាន​យ៉ាង​ល្អ វុទ្ធាក៏​​​ត្រូវ​បាន​ផ្ដល់​អាហារូបករណ៍​ពី​​​​មជ្ឈមណ្ឌល Korea Software HRD Center ដើម្បី​សិក្សា​បន្ត​​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ សាកលវិទ្យាល័យ ​ជុងប៊ុក​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​មុខ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត។

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

 

​ជា​អ្នក​បណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល​ Korea Software HRD Center យុវជន​រូប​នេះ​​មាន​មហិច្ឆតា​ចង់​​​អភិវឌ្ឍ​​កម្ពុជា​ជា​ប្រទេស​តាម​បែប​អេឡិចត្រូនិក ឬ E-Government ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត តាម​រយៈ​ការ​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន។

 

ជាមួយ​គ្នា​យុវជន​រូប​នេះ​ចង់​ឲ្យ​និស្សិត​ដែល​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ជំនាន់​ក្រោយ ត្រូវ​មាន​ជំនាញ​​ផ្ទាល់​ខ្លួន​​មួយ​ពិត​ប្រាកដ។ ដូច​និស្សិត​រៀន​ផ្នែក Programmer, Web Developer, Database Analysis ឬ Network System ត្រូវ​ដាក់​គោល​ដៅ​ឲ្យ​ច្បាស់​លាស់​លើ​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​ និង​ខិតខំ​សម្រួច​​ឲ្យ​បាន​រឹងមាំ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​និង​ការងារ និង​អាច​ឈាន​ទៅ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ជឿនលឿន៕

 

 

អត្ថបទ៖ រក្សា