សល់តែប៉ុន្មានទៀតប៉ុណ្ណោះនឹងចូលឆ្នាំ២០១៦ហើយ ប្រលោមលោក Sabay ក៏បានត្រៀមរឿងជាច្រើនសម្រាប់មិត្តយុវវ័យមិនឱ្យចាញ់រឿងក្នុងឆ្នាំចាស់ដែរ។ ប៉ុន្តែមិត្តអ្នកអានរបស់ Sabay មានចាំទេថា ពេញមួយឆ្នាំ២០១៥នេះ មានរឿងណាខ្លះដែលល្បី និងមានអ្នកចូលអានច្រើនជាងគេនោះ?
១. ស្រទន់មន្តស្នេហ៍៖
ប្រលោមលោកស្នេហាខ្នាតវែងមួយនេះ បានធ្វើឱ្យអ្នកអានរាប់ម៉ឺននាក់នៅមិនសុខ មិនអាចចាំអានភាគបន្តរាល់ថ្ងៃបាន ព្រោះតែឈុតឆាកប្រទាក់ក្រឡាគ្នារកដកឃ្លាមិនបាន។ ស្នេហាយុវវ័យបីគូដែលគ្រប់គ្នាតែងអន្ទះសាចង់ដឹង និងចរិតឈ្នានីសរបស់ តូច មនោរា និង ដាអ៊ីណា បានធ្វើឱ្យសាច់រឿងមួយនេះក្លាយជារឿងល្អប្រចាំឆ្នាំ ដោយមានអ្នកចូលអានជិតមួយម៉ឺននាក់ក្នុងមួយភាគៗ។
នៅចាំឈ្មោះតួអង្គប៉ុន្មាននាក់ក្នុងរឿងនេះ?
២. ភ្នំពេញអើយ បងនឹកអូន៖
នៅចាំ សៅ នីភា អ្នកគ្រូភាសាចិន និងបងធំ ឯក រ៉េណា ដែរទេ? ការវិលមកវិញរបស់អ្នកនិពន្ធ ហេង ទី ក្នុងឆ្នាំ២០១៥ ជាមួយសាច់រឿង២០ភាគមួយនេះក៏អង្រួនបេះដូងមិត្តអ្នកអានមិនចាញ់ «ស្រទន់មន្តស្នេហ៍» ប៉ុន្មានដែរ។ ទោះបីជាបានបញ្ចប់ការចេញផ្សាយប៉ុន្មានខែហើយ តែអ្នកអានរបស់យើងនៅតែនាំគ្នានិយាយពីសាច់រឿងមួយនេះជាហូរហែ។ សាច់រឿងនេះ មានអ្នកអានដល់ទៅជាង១ម៉ឺននាក់ក្នុងមួយភាគ។
៣. សំណុំឯកសារ Z22 ៖
ដំណើររឿងបន្តពីរឿង «ម៉ោង១២អធ្រាត្រនៅសង្កាត់លេខមួយ» និងរឿង «ស្ទូឌីយោលេខ៧» បានបញ្ចប់នៅឆ្នាំ២០១៥នេះ ដោយមានអ្នកចូលអានភាគច្រើនជាបុរស ព្រោះតែសាច់រឿងបែបស៊ើបអង្កេតដ៏ងងឹតជ្រៅ មិនមានអ្នកណាអាចប៉ាន់ស្មានសាច់រឿងនេះបាន។ នៅភាគបញ្ចប់នៃសាច់រឿងនេះ អ្នកនិពន្ធ សុភាប្រុសបានបង្ហើបថា នឹងមានចេញរឿងក្ដីថ្មីមួយទៀត «គម្រោងការសម្ងាត់២០៣៥»។
៤. កេន្នីកំពូលស្នេហ៍៖
កេន្នី លេខាមហាឆ្នាសក្នុងរឿង «មន្តស្នេហ៍លេខា» កាលពីចុងឆ្នាំ២០១៤ បានធ្វើឱ្យមិត្តអ្នកអានចងចាំមិនភ្លេច រហូតសំណូមពរឱ្យមានភាគបន្តស្នេហានាងនិងនាយតូនីទៀត។ កំណើតស្នេហ៍នៅសេអ៊ូលរបស់អ្នកទាំងពីរ មានទាំងសើចផង យំផង ព្រោះតែរឿងរំភើបដែលតូនីបានផ្ដល់ឱ្យកេន្នីទាំងមិនដឹងខ្លួន។ ភាគទី១របស់រឿងនេះមានអ្នកចូលអានដល់ទៅ២ម៉ឺននាក់ ខណៈភាគផ្សេងៗទៀតក៏មានអ្នកចូលអានប្រមាណ១ម៉ឺន ទៅ ១,៥ម៉ឺននាក់ដែរ។
៥. បេះដូងក្នុងពែងកាហ្វេ៖
នេះជាសាច់រឿងខ្លីនិយាយពីប្រវត្តិស្នេហ៍ដ៏កម្សត់របស់យុវវ័យមួយគូដែលចុងក្រោយមិនបានជួបគ្នា ហើយបែកគ្នាដោយហេតុផលដ៏ឈឺចាប់បំផុត។ រឿងនេះមានអ្នកចុច Like 27K និងមានអ្នកចូលអាន២,៦ម៉ឺននាក់។
៥. គាថាបុរាណ៖
រឿងបែបអប្បិយជំនឿដែលមានអ្នកអានជិត២ម៉ឺននាក់ក្នុងមួយភាគ ដោយសារតែជំនឿនិងការរៀបរាប់ដូចពិតៗរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត បានធ្វើឱ្យរឿង៣ភាគមួយនេះត្រូវចាត់ចូលក្នុងចំណោមរឿងដ៏ពេញនិយមទាំង៦ក្នុងឆ្នាំនេះ។ គាថាបុរាណដែលត្រូវដូនតាវិបុលបង្កប់ក្នុងផ្ទះ និងដីទំនេរក្រោយផ្ទះដែលបង្កប់រឿងរ៉ាវអាថ៌កំបាំងជាច្រើន មិនអាចទប់អារម្មណ៍អ្នកអានមិនឱ្យព្រឺសម្បុរពេលអានបានទេ៕
តើមានរឿងអីទៀតដែលអ្នកគិតថា អ្នកចូលចិត្តខ្លាំងបំផុតដែលប្រលោមលោក Sabay បានចេញផ្សាយក្នុងឆ្នាំ២០១៥នេះ?
អត្ថបទ៖ សុគន្ធី