អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពីខ្មាសបរទេស
- 2015-12-30 15:56:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពីខ្មាសបរទេស
ចន្លោះមិនឃើញ
លោក សេង ពិសិដ្ឋ អគ្គនាយក ANUSSA ដែលបានរៀបចំឲ្យមានកម្មវិធី The MIC Original Song រដូវកាលទី ១ នេះ លើកឡើងថា លោកផ្ដួចផ្ដើមគំនិតឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើយ មានមូលហេតុពីរយ៉ាងទីមួយ ខ្មាសបរទេស និងទីពីរ ព្រោះលោកមានភាពឈឺចាប់។
“មូលហេតុទីមួយ គឺខ្ញុំខ្មាសបរទេសណាស់ ពេលទៅចូលរួមកម្មវិធីនៅក្រៅប្រទេសម្ដងៗគេឲ្យយើងលើកយកបទចម្រៀង Original របស់ខ្លួនទៅបង្ហាញ តែសឹងតែគ្មានទៅហើយ ព្រោះភាគច្រើនសុទ្ធតែបទចម្លងពីគេ។” ពិសិដ្ឋ ពោលដូចនេះ ព្រោះថាចម្រៀងភាគច្រើនជារបស់ថៃ ឡាវ វៀតណាម ជាដើម។
ចំណែកឯមូលហេតុទីពីរ វិញ គឺលោកថាមានភាពឈឺចាប់ ព្រោះតែចម្រៀងគេចេញមកភ្លាម មិនទាន់បានពីរ បី ថ្ងៃផង ផលិតកម្មខ្មែរបួនប្រាំយ៉ាងហោច នាំគ្នាចម្លងតាម ដោយដូចទាំងចម្រៀង ដូចទាំងកាយវិការ ដូចទាំងការស្លៀកពាក់ ដូចសព្វបែបយ៉ាងទាំងអស់។ សេង ពិសិដ្ឋ ថ្លែង។
អគ្គនាយកដដែលថ្លែងថា "ខ្ញុំជាខ្មែរម្នាក់ដែរ ជាយុវជនម្នាក់ដែរ តើខ្មែរយើងអន់ដល់ថ្នាក់នឹងផង? ខ្មែរដែលធ្លាប់មានវប្បធម៌រីកចម្រើនលូតលាស់មានបទចម្រៀងផ្ទាល់ខ្លួន ច្រើនកាលជំនាន់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត រហូតមកដល់ពេលនេះមួយឆ្នាំមានចម្រៀង Original ប៉ុន្មានបទ?”
សំណួរមួយទៀតដែលលោកចង់សួរដែរនោះ គឺថា "នេះជាកំហុសអ្នកណា? អ្នកចម្រៀង អ្នកផលិត អ្នកលក់ អ្នកស្ដាប់ ឬអ្នកនិពន្ធ?” ដូចនេះហើយទើបខាងលោកសម្រេចចិត្តធ្វើកម្មវិធីនេះឡើង ដើម្បីជួយជំរុញឲ្យមានការផលិតចម្រៀងមិនចម្លងគេកាន់តែច្រើនឡើងថែមទៀត។
បុរសវ័យកណ្ដាលរូបនោះ ក៏បានផ្ដាំផ្ញើដល់អ្នកទាំងនោះដែរថា នេះជាសម័យអ៊ីនធឺណិត គេមិនបាច់ទិញឌីសក៏បានដែរ ដោយគ្រាន់តែបង្ហោះចូលYouTube ហើយគេអាចទាញយកមកស្ដាប់ ទីបំផុតផលិតកម្មរបស់ទាំងនោះនៅតែអាចបិទបានដូចគ្នា ប្រសិនបើមិនមានការផលិតបទថ្មី។
យ៉ាងណាជាចុងក្រោយ លោក ពិសិដ្ឋ បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្នមានតារាចម្រៀងកំពូលៗមួយចំនួនបានងាកមកធ្វើ Original Song បណ្ដើរៗហើយ ហើយមានជំនឿចិត្តថា សិល្បៈតន្ត្រីរបស់លោកកាន់តែប្រសើរជាងនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ទ្រី រ៉ាវី