ទេសចរសម្រុកទៅលេងឆ្នេរសមុទ្រអូរឈើទាលខេត្តព្រះសីហនុ នាថ្ងៃឆ្លងឆ្នាំ
- 2015-12-31 23:52:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសចរសម្រុកទៅលេងឆ្នេរសមុទ្រអូរឈើទាលខេត្តព្រះសីហនុ នាថ្ងៃឆ្លងឆ្នាំ
ចន្លោះមិនឃើញ
នៅតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរអូរឈើទាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ២០១៥-២០១៦នេះ បើតាមការនិយាយប្រាប់របស់ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុឲ្យដឹងថា ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកយ៉ាងច្រើនកុះករ ហើយនៅ ថ្ងៃទី២៩ ខែធ្នូនេះ ដោយឡែកសណ្ឋាគារ មានចំនួន ៥០ និង ផ្ទះសំណាក់មានចំនួន ១៥០សរុបទាំងអស់មាន ៤ ៦៤៤បន្ទប់ត្រូវបានភ្ញៀវកក់ស្ទើរតែអស់ទៅហើយ។
លោក នូ សុផល និយាយបន្តថា សាលា ខេត្តព្រះសីហនុសហការជាមួយសភាពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលនេះឡើងដោយយើងមានរៀបចំការប្រគំតន្ត្រីលក់ផលិតផលផ្សេងៗ និងការបាញ់កាំជ្រួចនៅយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី ១ មករា ឆ្នាំ ២០១៦នេះ ផងដែរ។
ដោយឡែកបញ្ហាកន្លែងស្នាក់នៅរបស់អ្នកទេសចរវិញ ត្រូវបានលោក នូ សុផល ប្រាប់បន្ថែមថា វាអាចនឹងខ្វះខាត ចំណែកឯសេវាកម្មម្ហូបអាហារវិញមុនការរៀបចំព្រឹត្តិការណ៍នេះយើង ក៏ធ្លាប់បានចុះណែនាំបងប្អូនអាជីវករឲ្យលក់ដូរក្នុងតម្លៃសមរម្យផងដែរ ដើម្បីកុំឲ្យមានបាតុភាពផ្សេងៗកើតឡើងសម្រាប់ភ្ញៀវទេសចរដែលពួកគាត់មកលេងបុណ្យឆ្លងឆ្នាំសកលនៅឆ្នេរសមុទ្រអូរឈើទាលនេះ។
លោក នូ សុផល រំពឹងថា ថ្ងៃឆ្លងឆ្នាំសកលឆ្នាំនេះនឹងមានភ្ញៀវទេសចរច្រើនជាងថ្ងៃ ឆ្លងឆ្នាំ ២០១៥ ជាក់ជាមិនខានពីព្រោះនៅឆ្នេរអូរឈើទាលត្រូវបានគេចាត់ទុកថា ជា តំបន់ឆ្នេរដែលមានលក្ខណៈស្រស់ស្អាត និងខ្សាច់សលាតសន្ធឹងវែងរួមទាំងមានជម្រៅទឹកសមុទ្ររាក់ និងខ្យល់អាកាសស្ងប់ស្ងាត់សម្រាប់ជាកន្លែងលំហែកាយ បានគ្រប់រដូវកាល។ ប្រសិនបើយើងពិនិត្យមើលលើលក្ខណៈទូទៅនៃទីតាំងភូមិសាស្ត្រ របស់ឆ្នេរអូរឈើទាលនេះឃើញមានសភាពខុសប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត ទាំងការទៅសម្រាកកម្សាន្តរបស់ភ្ញៀវទេសចរទាំងការរៀបចំ កន្លែងអង្គុយលេងពោរពេញដោយភាពសប្បាយរីករាយរីឯការលក់ដូរចំណីអាហារនៅឆ្នេរសមុទ្រដ៏ស្រស់បំព្រងនេះក៏សម្បូរបែបផងដែរ។
ការដែលលោកអ្នកជ្រើសរើសយកដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកឆ្លងឆ្នាំ សកលឬហៅថា ថ្ងៃ Coundown មកកាន់ខេត្តព្រះសីហនុដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា និងត្រូវបានគេគ្រប់គ្នាមិនថា ភ្ញៀវជាតិ ឬអន្តរជាតិស្គាល់ថា «កំពង់សោម» នោះត្រូវបានលោក នូ សុផល បញ្ជាក់ថា ប្រាកដជាបានរីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និង ការងូត ទឹកសមុទ្រ ដើរកម្សាន្តលើឆ្នេរខ្សាច់ពណ៌សស្រស់ស្អាត ទស្សនាតំបន់ កោះត្រូពិកធម្មជាតិជួបជុំញុំាអាហារសមុទ្រ យ៉ាងឆ្ងាញ់ពិសា និង ការដើរកម្សាន្តនា ពេលរាត្រីជាដើម។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបញ្ជាក់បន្ថែមថា ជាមួយនឹងឆ្នេរខ្សាច់ និងផ្ទៃទឹកសមុទ្រដ៏ថ្លានៃតំបន់ឆ្នេរអូរឈើទាលនេះវាពិតជាធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកទេសចរបង្កទៅជាបរិយាកាសមួយសែនរំភើបបាត់អស់នូវទុក្ខ កង្វល់មួយរំពេច ហើយក្នុងនោះដែរលោកអ្នកក៏មិនបានភ្លេចឡើយជាមួយនឹងរសជាតិទឹកដូងដ៏ផ្អែមត្រជាក់ អាហារសមុទ្រ ការម៉ាស្សាលើឆ្នេរសមុទ្រនិងការជួបជុំញុំាអាហារពេលល្ងាចនៅតាមភោជនីយដ្ឋានដែលបម្រើជូននូវអាហារសមុទ្រស្រស់ៗដូចជាក្តាម បង្គា មឹក ត្រី និងគ្រំសមុទ្រផងដែរដែលរាល់អ្វីមាននៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យឆ្នេរអូរឈើទាលក្លាយទៅជា កន្លែងលំហែកាយមួយដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ជាពិសេសនៅថ្ងៃឆ្លងឆ្នាំតែងតែមានអ្នកទេសចរជាតិ និងបរទេស មកកម្សាន្តមូលមីដេរដាសយ៉ាងសប្បាយ រីករាយក្រៃលែង៕
អត្ថបទ៖ វិសិទ្ធ ប្រភព៖ Khmerdaily