រូបថតល្អប្រចាំឆ្នាំ ឬ Photo Of The Year 2015?
- 2016-01-01 16:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតល្អប្រចាំឆ្នាំ ឬ Photo Of The Year 2015?
ចន្លោះមិនឃើញ
អ្នកប្រដាល់កម្ពុជា កែវ រំចង់ បានបង្កើតកំណត់ត្រាជ័យជម្នះលើអ្នកប្រដាល់ថៃក្នុងព្រឹត្តិការណ៍ Thai Fight កាលពីយប់មិញនៅទីក្រុងបាងកក ប្រទេសថៃដែលជាថ្ងៃដាច់ឆ្នាំចាស់២០១៥ ផ្លាស់ចូលឆ្នាំថ្មី២០១៦។
តើរូបថតមួយសន្លឹកនេះកើតមានឡើងនៅពេលណា? ការតស៊ូគ្នាយ៉ាងស្វិតស្វាញ៣ទឹកពេញ ទីបំផុត កែវ រំចង់ ត្រូវបានចៅក្រមកាត់សេចក្តីឲ្យឈ្នះពិន្ទុកីឡាករថៃ Iquezang។ នៅពេលលោកអាជ្ញាកណ្តាលប្រកាសលើកដៃឲ្យកីឡាករកម្ពុជាឈ្នះហ្នឹងហើយដែលធ្វើឲ្យកីឡាករថៃម្នាក់នេះអស់សង្ឃឹម និងបានដេកផ្ងារពោះលើក្តារសង្វៀនដែលធ្វើឲ្យអ្នកថតរូបថតចាប់យកតែម្តង។ វាជារូបភាពដ៏កម្រសម្រាប់បំណាច់ឆ្នាំចាស់ដែលអាចក្លាយជារូបថតល្អបំផុតប្រចាំឆ្នាំ២០១៥។ រូបថតនេះត្រូវបានថតដោយ Ratanak Dork ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចំពោះលទ្ធផលនេះ កែវ រំចង់បាននិយាយថា ៖«អ្វីដែលខ្ញុំបាទ ខិតខំឥឡូវនេះ ខ្ញុំបាទទទួលបានជ័យជំនះ ជូនបងប្អូនរួមជាតិហើយ សូមអរគុណចំពោះបងប្អូនដែលគាំទ្រ ដល់ខ្ញុំបាទ និងស្រឡាញ់ដល់រូបខ្ញុំបាទ កែវ រំចង់»។
វានិយាយពីអត្ថន័យវិញពិតជាមិនអាចកាត់ថ្លៃបានសម្រាប់វិស័យកីឡាប្រដាល់កម្ពុជា និងអ្នកគាំទ្រប្រដាល់ខ្មែរ។ Sabay.com សូមលើកយកអត្ថន័យ៣យ៉ាងដែលស្តែងចេញពីរូបថតដ៏ល្អនេះ។
ទី១៖ កែវ រំចង់ បានបង្កើតកំណត់ត្រាជ័យជម្នះជាលើកដំបូងលើអ្នកប្រដាល់ថៃក្នុងព្រឹត្តិការណ៍ Thai Fight នេះ។ កីឡាករកម្ពុជារូបនេះបានប្រកួតក្នុងកម្មវិធីនេះ៤ដងហើយរាប់ទាំងលើកនេះផងក្នុងនោះលើកទី១ចាញ់កីឡាករថៃក្នុងទឹកទី២នៅប្រទេសថៃ លើកទី២ចាញ់ពិន្ទុ Iquezang នៅប្រទេសវៀតណាម លើកទី៣ឈ្នះពិន្ទុកីឡាករមីយ៉ាន់ម៉ានៅថៃ និងលើកទី៤នេះឈ្នះកីឡាករថៃនៅលើទឹកដីថៃ។
ទី២៖ កែវ រំចង់បានបំបាក់អំនួតអ្នកប្រដាល់ថៃ Iquezang។ កីឡាករថៃម្នាក់នេះត្រូវបានគេមើលឃើញថា ជាអ្នកប្រដាល់ដែលមានអំនួតបំផុតទាំងផ្លូវចិត្ត និងផ្លូវកាយ។ រាល់ការប្រកួត រូបគេតែងតែកញ្ជ្រោល បោលបុក និងលោតវាយបង្គ្រប់បំផុតលើដៃគូ។ ជាងនេះទៅទៀត មុនការប្រកួតគេបានផ្ញើសារថា គេនឹងវាយ រំចង់ឲ្យសន្លប់រកផ្លូវមកផ្ទះវិញមិនឃើញ។ ទោះជាយ៉ាងណា ពេលរូបគេប៉ះ កែវ រំចង់ ពិតជាមិនអាចលោតកញ្ជ្រោលបានទេ តែផ្ទុយទៅវិញព្យាយាមរត់ថតក្រោយរហូតទាំង៣ទឹកតែម្តង។
ទី៣៖ កែវ រំចង់ បានផ្តល់កាដូថ្លៃថ្លាសម្រាប់ឆ្នាំថ្មីដល់អ្នកនិយមកីឡាប្រដាល់កម្ពុជា។ ការប្រកួតកាលពីយប់មិញជាការប្រកួតអបអរសាទរដាច់ឆ្នាំចាស់២០១៥ផ្លាស់ចូលឆ្នាំថ្មី២០១៦។ ទីបំផុត ជ័យជម្នះរបស់កែវ រំចង់បានផ្តល់ឲ្យអ្នកគាំទ្រកម្ពុជាមិនតិចទេសប្បាយរីករាយ និងមានសេចក្តីផ្លូវចិត្តនោះ។
ក្នុងនាមខ្ញុំជាប្រធានផ្នែកកីឡានៅវិបសាយ Sabay សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិក និងអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រតាំងពីដើមរហូតដល់ពេលនេះ និងបន្តគាំទ្រលើកកម្ពស់ទាំងវិស័យកីឡា និងវិស័យផ្សេងៗទៀតឲ្យកាន់តែរីកចម្រើន។ យើងខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបម្រើជូនអ្នកគាំទ្រនូវអ្វីដែលថ្មីៗ ប្លែក និងរហ័សទាន់ចិត្ត។
ឆ្នាំថ្មី២០១៦! សូមជូនពរអ្នកគាំទ្រជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ពេលវេលា។
ការីនិពន្ធកីឡា ជាន ចាន់រ៉ា