ក្រឡេកមើលតំបន់ទេសចរណ៍ទាក់ទាញសំខាន់ៗនៅប្រ៊ុយណេ
- 2016-01-22 18:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡេកមើលតំបន់ទេសចរណ៍ទាក់ទាញសំខាន់ៗនៅប្រ៊ុយណេ
ចន្លោះមិនឃើញ
ប្រ៊ុយណេ ដារ៉ូសាឡាម ជាប្រទេសសមាជិកមួយនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ។ ថ្វីត្បិតតែ ប្រទេសក្បែរខាង ម៉ាឡេស៊ីមួយនេះ មានផ្ទៃដី ( ៥ ៧៦៥ គីឡូម៉ែត្រ) តូចជាងបណ្ដាប្រទេសសមាជិកអាស៊ានជាច្រើន ប៉ុន្តែកន្លែងទេសចរណ៍គឺមានច្រើនកន្លែងផងដែរ។
១. ព្រះវិហារ Sultan Omar Ali Saifuddien
ជាព្រះវិហារអ៊ីស្លាម ស្ថិតនៅទីក្រុង បង់ដាសេរីបេកាវ៉ាន់ រាជធានីនៃព្រះរាជាណាចក្រប្រ៊ុយណេ។ នៅទីនោះជាកន្លែងសក្ការរបស់ប្រជាជនមូស្លីម និងជាកន្លែងទាក់ទាញភ្ញៀវទេសចរ ទៅលេងជាច្រើននាក់ផងដែរ។ នាពេលរាត្រី ព្រះវិហារបានលម្អដោយភ្លើងស្រស់ស្អាត។ ព្រះវិហារមានកំពូលរាងក្រឡូមចំនួន ២៨ ដែលតំណាងឲ្យស្ដេចស៊ុលតង់ប្រ៊ុយណេទី ២៨ គឺព្រះចៅ Sultan Omar Ali Saifuddien III ។
២. ព្រះវិហារ James 'Asr Hassanil Bolkiah
ជាព្រះវិហារសាសនាអ៊ីស្លាម ធំជាងគេ ក្នុងប្រទេសប្រ៊ុយណេ និងមានកំពូលរាងក្រឡូមមាសចំនួន២៩។ ព្រះវិហារត្រូវបានសង់ឡើង ដើម្បីជាការរំឭក ដល់ការគ្រងរាជ្យរបស់ព្រះចៅស៊ុលតង់ ដែលជាហេតុធ្វើឲ្យអ្នកទេសចរទៅលេង និងចង់ដឹងពីទីនោះ។
៣. ព្រះរាជវាំង Regalia
អ្នកទេសចរអាចចូលទៅទស្សនាព្រះរាជវាំងនៃព្រះចៅស៊ុលតង់ បាន។ នៅទីនោះ គេអាចឃើញ រទេះចម្បាំងរបស់ស្ដេចស៊ុលតង់ មកុដ រួមទាំងរតនសម្បត្តិជាច្រើនទៀត។ អ្នកទេសចរត្រូវបានអនុញ្ញាតឲ្យប្រើកាមេរ៉ាថតរូបបានតែនៅត្រឹមច្រកទ្វារចូលប៉ុណ្ណោះ។
៤. ភូមិលើទឹក Kampong Ayer
ជាភូមិសម័យបុរេប្រវត្តិសាស្ត្រ សពីលើទន្លេ Brunei ។ Kampong Ayer ត្រូវគេឲ្យឈ្មោះជាភូមិលើទឹកធំជាងគេមួយក្នុងពិភពលោក។ អ្នកទេសចរ អាចធ្វើដំណើរតាមការជិះទូកឈ្នួល ឬដើរលេងក្នុងភូមិ ដោយដើរតាមផ្លូវក្ដារលើទឹក។
៥. សារមន្ទីរប្រ៊ុយណេ
សារមន្ទីរបង្ហាញដល់អ្នកទេសចរ នូវវត្ថុបុរាណចាស់ៗ រួមទាំងវត្ថុមានតម្លៃរកឃើញចេញពីបំណែកកប៉ាល់តាមឆ្នេរសមុទ្រ ប្រ៊ុយណេ។ នៅជាប់សារមន្ទីរនោះ មានសាលបច្ចេកវិទ្យា Malay ដែលបង្ហាញពី ការធ្វើទូក សម្ភារៈប្រើប្រាស់ពីដែក និងមាស ក្នុងសម័យបុព្វបុរសផងដែរ។
៦. ដំណាក់ Istana Nurul Iman
ជាកន្លែងគង់នៅ របស់រាជវង្សស៊ុលតង់ ទីនោះបានសង់ឡើងលើទីទួលក្បែរមាត់ទន្លេ ខាងត្បូងនៃទីក្រុង បង់ដាសេរីបេកាវ៉ាន់។ អ្នកទេសចរ និងសាធារណជន អាចទៅទស្សនាទីនោះបាន ក្នុងកំឡុងពេលនៃពិធីបុណ្យ Hari Raya ក្នុងប្រទេសប្រ៊ុយណេ ប៉ុណ្ណោះ។
៧. ឧទ្យានជាតិ Ulu Temburong
ជាឧទ្យានជាតិទីមួយដំបូងគេ របស់ប្រទេសប្រ៊ុយណេ ដែលទទួលការអភិរក្សក្នុងឆ្នាំ ១៩៩១។ អ្នកទេសចរអាច ឡើងតាមផ្លូវដែកទៅមើលទេសភាពព្រៃឈើ លើប៉មកម្ពស់ ៦០ម៉ែត្របាន។ ក្រៅពីនោះ គេអាចរីករាយកម្សាន្តនឹងសកម្មភាពមួយចំនួនទៀតដូចជា ទៅមុជទឹកជ្រោះ ជិះទូក មើលសត្វព្រៃជាដើម។
៨. សណ្ឋាគារ The Empire និង ទីលានវាយកូនហ្គោល
ជាកន្លែងមួយដែលអ្នកទេសចរធ្លាប់ទៅលេងចាត់ទុកថា ជាកន្លែងស្រស់ស្អាតទាក់ទាញមួយ។ ចាប់បើកតាំងពីថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០០០ ក្រៅពីការស្នាក់នៅ ភ្ញៀវទេសចរ អាចរីករាយ នឹងកន្លែង ហែលទឹកស្រស់ស្អាត រោងភាពយន្ត កន្លែងលេងកូនហ្គោល ជាដើម។
៩. មជ្ឈមណ្ឌលរុករកប្រេង និង ឧស្ម័ន
អ្នកទេសចរ មិនត្រឹមតែបានទស្សនាកម្សាន្តនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹងថ្មីៗ ពីដំណើរការឧស្សាហកម្មប្រេង និង ហ្គាស ដែលជាផ្នែកទ្រទ្រង់សេដ្ឋកិច្ចប្រ៊ុយណេ ដ៏សំខាន់មួយផងដែរ។
១០. សំណង់ Billionth Barrel
ជាសំណង់សង់ឡើងនាឆ្នាំ ១៩៩១ ដើម្បីរំឭកពី ដំណើរការផលិតប្រេងលើកទី ពាន់លាន នៅទីតាំងអណ្ដូងប្រេង Seria Oil Field។ អ្នកទេសចរជាដែលទៅលេងទីនោះ នឹងបានឃើញ និងស្វែងយល់ពីសម្ភារៈ បូមប្រេងផងដែរ៕
ចុចអាន៖ ១០កន្លែង រួមចំណែកធ្វើឲ្យថៃក្លាយជាទិសដៅទេសចរណ៍ពេញនិយមនៅអាស៊ី
ប្រែសម្រួល៖ មាន រតនា ប្រភព៖ jyppe