រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ភ្នំ​ឈ្ងោក

  • 2016-01-30 12:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ពី​ចម្ងាយ​ភ្នំ​ឈ្ងោក​ប្រៀប​បាន​ដូច​ទៅ​ដុំ​ថ្ម​ដ៏​ធំ​មួយ ព្រោះ​បើ​យើង​បាន​ទៅ​ដល់​ជិត យើង​នឹង​សង្កេត​ឃើញ​ភ្នំនេះ​សុទ្ធតែ​ថ្មទាំង​អស់ សឹង​មិន​មាន​ដីសោះ និង​ម៉្យាងទៀត​វា​មិនមាន​ជម្រាល​ជើង​ភ្នំ​ធម្មតា​នោះ​ទេ គឺ​មាន​ថ្ម​ដុះឡើង​ពីដី​តែម្តង។

 

 

មាន​ផ្លូវច្រើន​ដែល​អាច​ចូល​ទៅ​ដល់​រមណីយ៍ដ្ឋាន​ភ្នំឈ្ងោក។

 

-ទីមួយ​តាមផ្លូវជាតិលេខ ៣ ត្រង់គីឡូម៉ែត្រទី ១៣៣ មាន​ប្រឡាយ​មួយ គឺ​អ្នក​ទេសចរណ៍​ចូល​តាម​មាត់​ប្រឡាយ​ខាងលិច។ ផ្លូវទី១ នេះ​មានប្រវែងប្រមាណជា៣គីឡូម៉ែត្រ អ្នកនឹង​ឃើញ​ស្លាកសំគាល់​ភ្នំឈ្ងោក រួចបត់​មក​តាម​មាត់​ប្រឡាយ​ខាងកើត​វិញ ដោយធ្វើដំណើរ​១គីឡូម៉ែត្រ​ទៀតទើបដល់។ -ផ្លូវទី២ ចូល​តាម​ខ្លោងទ្វារ​វត្ត​កំពូល​មាស ហួស​ផ្លូវ​ចូល​រោង​ចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង ប្រមាណជា​១០០ម៉ែត្រ​ (ទិសដៅពី​ភ្នំពេញ) ទៅ​ត្រង់​ប្រមាណជា ៣គីឡូម៉ែត្រ ដល់​ផ្លូវ​បំបែកជា ៤ អ្នក​នឹង​ឃើញ​ស្លាកសញ្ញា រមណីយ៍ដ្ឋាន​ភ្នំឈ្ងោក។ -ទី៣ មកពីស្រុកកំពត ប្រវែង ១២គីឡូម៉ែត្រ និងទី៤ តាមផ្លូវ​ទៅ​ខេត្តកែប ស្រុក​ដំណាក់​ចង្អើរ។

 

 
 

បើតាម​សម្តី​របស់​លោក តន់ សុខុន ជាមន្ត្រី​ក្រសួង​វប្បធម៌​ប្រចាំ​ភ្នំ​ឈ្ងោក​បានឲ្យដឹងថា ភ្នំ​ឈ្ងោក​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍន៍​តាំង​ពី​ឆ្នាំ ២ ០០០ មក ហើយ​បច្ចុប្បន្ន​ភ្នំឈ្ងោក​បាន​​នឹង​កំពុង​ទទួល​អ្នក​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ឥតដាច់។

 

លោកបាន​និយាយថា ជារៀងរាល់​ថ្ងៃ​មានភ្ញៀវ​ទេសចរ​បរទេស​មក​លេង​រាល់ថ្ងៃ​មិន​ដែល​ដាច់នោះទេ ដោយឡែក​ភ្ញៀវជាតិ​ច្រើន​មកលេងនៅ​រដូវ​បុណ្យ​ដូចជា​បុណ្យ​ចូលឆ្នាំ បុណ្យភ្ជុំ​ជាដើម ឯថ្ងៃធម្មតា​មិន​សូវ​មានទេ។ ក្នុង​ការ​ទស្សនា​ភ្នំនេះ ភ្ញៀវ​ជាតិ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់ទេ ខណៈភ្ញៀវ​អន្តរជាតិ​ត្រូវ​ចំណាយ​ប្រាក់ ១ដុល្លារ សម្រាប់​ការ​ទស្សនា។

 

តើ​ភ្នំឈ្ងោក​មាន​អ្វីពិសេស ដែល​ធ្វើឲ្យភ្ញៀវ​បរទេស​មកទស្សនា​មិនដាច់សោះ​យ៉ាងនេះ?

 

លោក តន់ សុខុន បាន​ប្រាប់ថា ពី​លក្ខណៈ​ពិសេស​របស់​ភ្នំឈ្ងោក​ដូចជា

 

-ប្រាសាទ​ភ្នំឈ្ងោក៖ នៅ​លើភ្នំ​មាន​រូងថ្ម​ដ៏ធំ​មួយ ដែល​ក្នុងនោះ​មានប្រាសាទ​មួយសង់​ពីឥដ្ឋ ដែល​មានទទឹង​ប្រមាណជា ៣ម៉ែត្រ និង កម្ពស់​ប្រមាណជា ៤ម៉ែត្រ។ ប្រាសាទនេះ​មិនសូវ​ជាមានក្បាច់​រចនា​ច្រើន​នោះទេ តែគេអាច​ឃើញ​មានក្បាច់​សល់​ប្រហែល ១ភាគ លើផ្តែរ​នៃប្រាសាទ។ ប្រាសាទ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្នុងសតវត្យទី ៦។ -ថ្មមាន​រាង​ជាសត្វ៖ ថ្ម​ក្នុង​រូងភ្នំ​ជា​ថ្ម​ធម្មជាតិ តែ​វា​មាន​រាង​ជា​សត្វ​ក្រពើ ដំរី (មេ និង​ កូន​ដំរី) និង​បក្សី។ -កន្លែង​សត្វ​ប្រចៀវ​ដេក៖ ចូល​តាម​រូងថ្ម​ដែល​នៅ​ជើងភ្នំ​ដែល​ភ្ជាប់​ដោយ​ស្ពាន (សសរ) ទៅ​មើល​កន្លែង​ប្រចៀវ​ដេក -ថ្មចាំង៖ តាម​ផ្លូវ​ជាមួយគ្នា​នឹង​កន្លែង​ប្រចៀវ អ្នក​នឹង​ទៅ​ដល់​កន្លែង​មួយ​ដែល​ហៅថា ថ្មពេជ្រ នៅ​ពេល​បញ្ចាំង​ភ្លើង អ្នក​នឹង​ឃើញ​មាន​ពន្លឺ​ចាំង​ផ្លេកៗ​ដូចពេជ្រ។

 

 

 

 

 
 

ប្រិយមិត្ត​ណា​ទំនេរ​ចុង​សប្ដាហ៍​នេះ​អាច​មកលេង​រមណីយដ្ឋាន​ភ្នំឈ្ងោក​បាន។

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ bin.bunna@cidc.com.kh​

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទថ្មី