Sleeping Trees អារម្មណ៍ ថ្មី​នៅ​ពេល​ចូល​និន្ទ្រា នៅ​កោះរ៉ុង

  • 2016-02-02 20:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះរ៉ុង​សន្លឹម​មាន​កន្លែង​ស្នាក់​នៅ ផ្ទះសំណាក់​ និង ​បឹងកាឡូ​ជា​ច្រើន​ ដែល​មាន​រចនាបថ និង​ការចៃ្ន​ប្រឌិត​ផ្សេង​ៗគ្នា​​​ រីឯសេវា​កម្ម​ និង​តម្លៃ​មាន​ទៅ​តាម​តម្រូវ​ការ​ភ្ញៀវ​ទេសចរ។

 

 
 

ដោយឡែក​ គេ​ឃើញ​រមណីយដ្ឋាន​មួយ​នៅ​កោះរ៉ុង​សន្លឹម ដែល​ហៅថា “Sleeping Trees” ហាក់​មាន​ការ​ច្នៃ​​ប្រឌិត​បែប​ប្លែក​ពី​គេ ដោយ​​មាន​តង់​ចងភ្ជាប់​​នឹង​ដើមឈើ សម្រាប់​គេង​នៅ​ពេល​យប់​។​ គួរ​ឲ្យដឹង​ដែរថា​ តង់​នីមួយៗ អាច​ផ្ទុក​មនុស្ស​បាន ៣ នាក់​ និង​ទ្រ​ទម្ងន់​បាន​ ៥០០គីឡូក្រាម ហើយ​គេ​ចងភ្ជាប់​នឹង​​ដើមឈើ​ក្នុង​ព្រៃ​លើ​ដីកោះ​។​ នៅ​ក្បែ​រ​តង់​នោះ​ផង​ដែរ​គេ​មាន​ផ្ដល់​ជូន​ខ្នើយ ភួយ កន្សែង​ពោះគោ ​ពិលបំភ្លឺ​នៅពេល​យប់​ និង​ ប្រអប់​ដែក​សម្រាប់​ដាក់​ឥវ៉ាន់​ដោយ​មាន​សោរ​សុវត្ថិភាព​។ ការ​ជ្រើសរើស​គេង​នៅ​ក្នុងតង់​នោះ​មានតម្លៃ ៣០ដុល្លា ឬ​ក្នុង​ម្នាក់​ ១០ដុល្លា ក្នុង​មួយ​យប់​។

 

ប្រអប់​ដែក​សម្រាប់​ដាក់​ឥវ៉ាន់

 

ក្រៅ​ពី​តង់​ចងភ្ជាប់​នឹង​ដើមឈើ Sleeping Trees ​ក៏មាន​តង់​បោះ​នៅ​លើ​ឆ្នេរសមុទ្រ និង​បឹងកាឡូ​ផង។ សម្រាប់​បឹង​កាឡូ​មាន​គ្រែ​មួយ​សម្រាប់​មនុស្ស​ពីរនាក់ បន្ទប់ទឹក​ឯកជន និង​សំយ៉ាប​ខាងមុខ​បែរ​មុខ​ទៅ​រក​សមុទ្រ ដែល​មាន​តម្លៃ​ ៦០ ដុល្លា​ ក្នុង​មួយ​យប់​។​

 

 
 

ដើម្បី​ទៅដល់​ Sleeping Trees គេ​ត្រូវធ្វើ​ដំណើរ​តាម​រយៈ​កាណូត​ ដោយ​ចំណាយ​ពេល​ប្រមាណ​ជា​ ៤៥នាទី​ពីកំពង់​ផែ​ក្រុង​ព្រះសីហនុ ទៅ​កាន់​កោះ​រ៉ុង​សន្លឹម ក្នុង​តម្លៃ​សំបុត្រ​ក្នុង​ម្នាក់​ ១៥ដុល្លា​ សម្រាប់​ទៅ​និង​មក​។ រួច​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ដោយ​ថ្មើរ​ជើង​ដោយ​ប្រើ​រយៈពេល​ប្រមាណជា​ ៤០នាទីទៀត​ ដើម្បី​ទៅដល់​រមណីយដ្ឋាន​នោះ។​ ប្រសិន​បើ​មិន​ចង់​ដើរ​ឆ្លង​កាត់​ព្រៃ​នោះ​ទេ​ គេ​អា​ច​ធ្វើ​ដំណើរ​បាន​ដោយ​ផ្ទាល់​ពី​កំពង់​ផែ​ក្រុងព្រះសីហនុ​ ទៅ​កាន់​ Sleeping Trees តែម្តង​ តាម​រយៈ​​ទូក​ឯកជន​របស់ The Dive Shop Cambodia ដែល​សំបុត្រ​លក់​ក្នុង​តម្លៃ​ ២០ដុល្លា​ សម្រាប់​អ្នកដំណើរ​ម្នាក់​ ទាំង​​ទៅ​និង​មក៕

 

 
 
 
 

អត្ថបទ​៖ កើត​ ចន្ទ្រា​