ទូរសព្ទ​បង្ខិត​ពិភពលោក តែ​បង្កើត​ភាព​សោះកក្រោះ​សម្រាប់​ការរស់នៅ​

  • 2016-02-03 16:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ទូរសព្ទ​កំពុង​តែ​រីកចម្រើន​ដល់​កំពូល​ក្នុង​ពេល​បច្ចុប្បន្ន។ ទូរសព្ទ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​​ដែល​មនុស្ស​គ្រប់​គ្នា​ប្រើប្រាស់​ដើម្បី​ការ​កម្សាន្ត​និង​បម្រើ​​ក្នុង​ជីវភាព​រស់នៅ​​ប្រចាំ​ថ្ងៃ។ មាន​សំនួរ​សួរ​ថា តើ​ទូរសព្ទ​កំពុង​ផ្លាស់ប្តូរ​សង្គម​រស់នៅ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​កាន់​តែ​ខិត​ជិត​រក​គ្នា​ឬ​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្នា​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា?

 

 

មាន​ការ​លើក​ឡើង​ខុស​ៗ​គ្នា​និង​ក៏​មាន​ហេតុផល​ត្រឹមត្រូវ​ដូច​គ្នា។ បាន​ជា​គេ​ថា​ទូរសព្ទ​ធ្វើ​ឲ្យ​សង្គម​មនុស្ស​រស់នៅ​កាន់​តែ​ខិត​ជិត​រក​គ្នា ដោយសារ​ទូរសព្ទ​បាន​ប្រែក្លាយ​ពិភពលោក​ដ៏​ធំ​ទូលាយ​ដូច​ស្ថិត​នៅ​ក្នុង​បាតដៃ។ គ្រប់​ទី​កន្លែង​គ្រប់​ពេលវេលា អ្នក​អាច​ប្រើ​ទូរសព្ទ​ទំនាក់ទំនង​គ្មាន​ដែន​កំណត់ ទោះ​បី​ស្ថិត​នៅ​ជ្រុង​ណាមួយ​នៃ​ពិភពលោក។

 

គេ​ប្រៀប​ធៀប​ទូរសព្ទ​ដូច​ត្រចៀក​ទិព្វដែល​អាច​ស្តាប់​ឮ​ដ៏​សែន​ឆ្ងាយ​​​ ដែល​​មនុស្ស​សម័យ​បុរាណ​​​តែងតែ​ស្រមៃ​​ថា​នឹង​ក្លាយ​ជា​ការពិត​នៅ​ថ្ងៃ​ណាមួយ។ ​ទូរសព្ទ​បាន​សម្រួល​ជីវភាព​រស់នៅ​របស់​មនុស្ស​កាន់​តែ​ប្រសើរ នាំ​ការ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន។

 

ប៉ុន្តែ​ក៏​មាន​ការ​លើក​ឡើង​ដោយ​អំណះអំណាង​ត្រឹមត្រូវ​ដែរ​ថា​ដោយសារ​តែ​បច្ចេកវិទ្យា​ទូរសព្ទ​រីក​ចម្រើន​ខ្លាំង​ពេក បាន​នាម​​ផល​អវិជ្ជមាន​គឺ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​ទំនាក់ទំនង​​​​គ្នា​​កាន់​តែ​លែង​មាន​ភាព​ស្និទ្ធស្នាល​​។

 

អង្គុយ​ជិត​គ្នា តែ​អារម្មណ៍​បែរ​ជា​ផ្ដោត​ទៅ​លើ​ទូរសព្ទ។ គ្រួសារ​នៅ​ជុំ​គ្នា តែ​បាត់​អស់​សំឡេង​រីករាយ ដោយសារ​ម្នាក់​ៗ​រវល់​ចុច​ទូរសព្ទ​រៀង​ៗ​ខ្លួន។ ពី​មុន​ការ​ជួបជុំ​គ្នា​ម្តងៗ​តែងតែ​បង្កើត​ក្តី​សប្បាយ​រីករាយ​ការ​សំណេះសំណាល​សួរ​សុខទុក្ខ​គ្នា ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ទូរសព្ទ​ក្នុង​ដៃ ម្នាក់ៗ​ហាក់​បី​ដូចជា​កំពុង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​បើ​ទោះ​បី​ពួក​ស្ថិត​នៅ​ទល់​មុខ​គ្នា​ក៏​ដោយ។

 

ពី​មុន​មាន​ពាក្យ​មួយ​គេ​និយម​ហៅ​ផលិតផល​ទូរសព្ទ​ Nokia គឺ Nokia Connecting People។ ប៉ុន្តែ​ឈាន​ដល់​សម័យ​កាល​ថ្មី​​នៃ​​ការ​ចាប់​កំណើត​នៃ​​ Smartphone  គេ​ក៏​បាន​បង្កើត​ពាក្យ​ថ្មី​មួយ​ទៀត​គឺ Smartphone Disconnect People។

 

ការ​បង្កើត​ពាក្យ​ហៅ​ថ្មី Smartphone Disconnect People ដោយសារ​គេ​មើល​ឃើញ​ការ​ទំនាក់ទំនង​គ្នា​មនុស្ស​​ម្នាក់ៗ​​នៅ​ក្នុង​សង្គម​កាន់​តែ​​ឃ្លាត​ឆ្ងាយ​ពី​គ្នា ដោយសារ​តែ​ភាព​ទំនើប​និង​សំបូរ​បែប​នៃ​ Smartphone។ ​ការ​និយាយ​រក​​គ្នា​ហាក់​លែង​សូវ​មាន​ភាព​ស្និទ្ធស្នាល​​​​ដូច​មុន​ដោយសារ​តែ​​ទូរសព្ទ​បាន​ផ្លាស់ប្តូរ​ទម្លាប់​ការ​រស់នៅ​ ធ្វើ​ឲ្យ​ការ​ជួបជុំ​គ្នា​កាន់​តែ​តិច​ជាង​មុន​​និង​ការ​ទំនាក់ទំនង​កាន់​តែ​សោះកក្រោះ។

 

តើ​យើង​គួរ​តែ​មាន​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ទូរសព្ទ​យ៉ាង​ដូចម្ដេច​ទៅ? នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិត​ពិចារណា។ តើ​យើង​អាច​រស់នៅ​ដោយ​គ្មាន​ទូរសព្ទ​ដែល​ជា​បណ្តាញ​ត​ភ្ជាប់​ដ៏​ចាំបាច់​សម្រាប់ការ​ទំនាក់ទំនងក៏​មិន​អាច​ទៅ​រួច​ដែរ​។ ​វិធី​ដ៏​ប្រសើរ​បំផុត​គឺ​ការចេះ​​គ្រប់គ្រង​និង​ការ​ប្រើប្រាស់​ឲ្យ​សមស្រប​​តាម​កាលៈទេសៈ​ ដើម្បី​កុំ​ឲ្យ​ទូរសព្ទ​ផ្លាស់ប្តូរ​ទម្លាប់​​​ល្អ​និង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​មាន​ភាព​រស់វើក​ឡើង​វិញ​​។

 

ប៊ុណ្ណារ៉ា

 

អត្ថបទថ្មី