ទេសចរណ៍ស្រែអំបិលខេត្តកែប
- 2016-02-19 12:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសចរណ៍ស្រែអំបិលខេត្តកែប
ចន្លោះមិនឃើញ
គេធ្លាប់តែនិយមឭ និងស្គាល់ពីស្រែអំបិលខេត្តកោះកុងដ៏ល្បីល្បាញលើកសិកម្មផលិតអំបិលក្នុងការផ្គត់ផ្គង់ក្នុង និងក្រៅស្រុក។ ខណៈនេះ ខេត្តកំពត និងកែបបានចាប់ផ្តើមចូលរួមក្នុងផលិតកម្មនេះផងដែរ ដោយមានការវិនិយោគពីក្រុមហ៊ុន InfraCo Asia Development Pte Ltd និងក្រុមហ៊ុន EEE Korea Co Ltd តាមរយៈក្រុមហ៊ុន Asia Salt (Cambodia) លើការបើកកសិដ្ឋានស្រែអំបិលមួយលើផ្ទៃដី ១២០ហិកតា នៅក្នុងខេត្តកំពតនឹងលាតទៅដល់ក្រុងកែប។
ដោយប្រទេសកម្ពុជាមានលក្ខខណ្ឌអាកាសធាតុអាចឲ្យយើងប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំ សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានគៀងគរគ្នាក្នុងការផលិតអំបិលក្នុងតំបន់ និងចាប់ផ្តើមប្រមូលផលពីខែមករាទៅដល់ខែមិថុនាក្នុងឆ្នាំនេះ។
លោក YooGi Sang នាយកក្រុមហ៊ុន Asia Salt (Cambodia) បានឲ្យដឹងថា ដោយហេតុថាកម្ពុជាមានអាកាសធាតុអំណោយផល កសិដ្ឋានផលិតអំបិលប្រមូលផលរហូតដល់១៥០ ឬ ១៦០ ថ្ងៃក្នុង១ឆ្នាំនេះជាហេតុដែលធ្វើឲ្យពួកយើងមានការចាប់អារម្មណ៍ក្នុងបន្តាក់ទុន។
មិនគ្រាន់តែជាតំបន់វិនិយោគទុនប៉ុណ្ណោះទេ កសិដ្ឋានស្រែអំបិលខេត្តកំពត និងក្រុងកែប បានក្លាយជាកន្លែងទេសចរណ៍មួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមពីការធ្វើអំបិល។ មិនតែប៉ុណ្ណោះ តំបន់នេះពិតជាល្អ និងស្រស់សម្រាប់ការថតរូប និងវីដេអូ ជាពិសេសនៅពេលព្រឹកព្រលឹមថ្ងៃរះ និងពេលសូរិយារៀបអស់ស្តង្គត់។
អត្ថបទ៖ កើត ចន្ទ្រា