ព័ត៌មានពីភូមិកំណើតខេមរៈ ស្រីពៅ ៖ ស្រីពៅ ឈឺមែន តែមិនធ្ងន់ដូចព័ត៌មានទេ
- 2016-02-21 19:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានពីភូមិកំណើតខេមរៈ ស្រីពៅ ៖ ស្រីពៅ ឈឺមែន តែមិនធ្ងន់ដូចព័ត៌មានទេ
ចន្លោះមិនឃើញ
ព័ត៌មានពីស្រុកកំណើតរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែល Sabay ទទួលបាននាព្រឹកនេះ មកថា ប្អូនស្រីរបស់លោក ខេមរៈ សិរីមន្តរូបនេះ ពិតជាមានជំងឺពិតមែន ប៉ុន្តែមិនធ្ងន់ធ្ងរដូចព័ត៌មានដែលធ្លាយចេញប៉ុន្មានថ្ងៃនេះទេ។ នេះបើតាមមន្ត្រីមូលដ្ឋាននៅស្រុកកំណើត ខេមរៈ ស្រីពៅ។
 
លោក គង់ ប៊ុនឈឿន អាយុ ៦៩ ឆ្នាំជាមេភូមិតាម៉ូត ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផ្ដល់បទសម្ភាសន៍ដល់ Sabay ថាបញ្ហានេះ តារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ពិតជាមានជំងឺមែន ប៉ុន្តែនោះក៏មិនមែនមហារីកស្បែកធ្ងន់ធ្ងរដូចព័ត៌មានដទៃបានចុះផ្សាយឡើយ។ យ៉ាងណាក៏ដោយ លោកមេភូមិដដែល សុំមិនអធិប្បាយស៊ីជម្រៅ ដោយសារថា លោកក៏ដឹងមិនច្រើនដែរលើករណីនេះ គ្រាន់តែដឹងថា នាងមិនធ្ងន់ធ្ងរដូចព័ត៌មានឡើយ។
ដូចគ្នានឹងប្រសាសន៍មេភូមិតាម៉ូត ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតកើតជារបស់គ្រួសារខេមរៈ សិរីមន្ត អ្នកភូមិផងរបងជាមួយម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ខេមរៈ ស្រីពៅ មិនបានមានជំងឺអ្វីធ្ងន់ធ្ងរដូចគេផ្សាយឡើយ នាងគ្រាន់តែមានបញ្ហាសុខភាពតិចតួចប៉ុណ្ណោះ។
ស្ត្រីមានវ័យប្រហែល ៤០ ឆ្នាំរូបនេះ ថ្លែងថា “ខ្ញុំជាអ្នកឡើងចុះទៅមើលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញដោយផ្ទាល់ នាងមិនបានកើតមហារីកស្បែកឡើយ។ រឿងហេតុពីដំបូងគឺនាងបានទៅពិនិត្យសុខភាពជាធម្មតា ហើយគ្រូពេទ្យមួយបានប្រាប់ថា នាងមានជំងឺសន្លាក់ឆ្អឹង និងបានចេញថ្នាំឲ្យលេប។ តែពេលលេបរួចស្រាប់តែមានបញ្ហាបែកគ្រាប់ឈាមពេញស្បែក តែមិនមែនមហារីកដូចគេនិយាយឡើយ។ ក្រោយមកមេរោគទាំងនោះចូលទៅដល់ក្នុងសួត ដូចនេះត្រូវបូមទឹកចេញពីសួត។ មិនត្រឹមតែសួតប៉ុណ្ណោះទេ វាថែមទាំងរាលដាលដល់បេះដូង ធ្វើឲ្យនាងពិបាកដកដង្ហើម។ ដូចនេះក្រុមគ្រួសារក៏បានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ តែម្ដងទៅ ហើយពេលនេះ ស្រីពៅ មានសុខភាពល្អឡើងវិញហើយ។”
 
ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា ខេមរៈ ស្រីពៅ កើតជំងឺមហារីកស្បែកធ្ងន់ធ្ងរ រហូតដល់ដេកនៅលើស្លឹកចេកក៏មាន ព្រោះមិនអាចគេងលើកន្ទេល ដោយសារថា ស្បែករបស់នាងបានប្រែរលួយខ្លះៗទៅហើយ។ ជុំវិញ បញ្ហានេះ សាច់ញាតិរបស់តារាចម្រៀងស្រីរូបនេះ គឺលោក ខេមរៈ ភារុណ ជាបងបង្កើត បានអះអាងប្រាប់សារព័ត៌មានថា ប្អូនស្រីរបស់លោក មិនមានបញ្ហាអ្វីឡើយ។ ទោះយ៉ាងនេះក្ដី ប្រភពខាងលើដដែលបញ្ជាក់ថា ឈឺមែន ប៉ុន្តែគ្រួសាររបស់ ស្រីពៅ មិនចង់និយាយពីបញ្ហានេះទេ៕
អត្ថបទ៖ទ្រី រ៉ាវី