សុខ ដែន ទម្លាយ​តម្លៃ​ខ្លួន​ថត​រឿង“ហ្លួង​ព្រះ​ស្ដេចកន ”

  • 2016-02-25 16:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​បំផុត​​ទឹក​ប្រាក់​ជិត៤០០០ដុល្លារ ត្រូវ​បាន​តារា​សម្ដែង​ល្បី​ខាង​ក្បាច់​គុន លោក សុខ ដែន ទទួល​ពី​ការ​ថត​ខ្សែភាពយន្ត​​រឿង “ហ្លួង​ព្រះ​ស្ដេចកន ”  នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​​ដឹង​ពី​សាមីខ្លួន​ប្រាប់ Sabay ព្រឹក​នេះ។

 

 

នៅ​ក្នុង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​ល្បី​ថា ​គ្រោង​ចំណាយ​រហូត​ដល់​ខ្ទង់​​លាន​ដុល្លារ​នេះ លោក សុខ ដែន គឺ​ជា​តួរង ដោយ​​តួអង្គ​​លោក​សម្ដែង​នោះ​មាន​ឈ្មោះ​ថា វៀង មាន​តួនាទី​ជា​ដៃ​ស្ដាំ​របស់​ស្ដេច​កន។ តារា​ដែល​ធ្លាប់​មាន​ប្រវត្តិ​​ស្នាក់​នៅ​វត្ត​ម្នាក់​នេះ​ សូម​មិន​ពន្យល់​លំអិត​ពី​សាច់​រឿង​ទាំង​មូល​ឡើយ ដោយ​គ្រាន់​តែ​​ប្រាប់​ថា ប្លង់​របស់​​ខ្លួន​មាន​ច្រើន​ថ្ងៃ ពោល​គឺ​​តាំង​ពី​ចំណុច​ចាប់​​​​ផ្ដើម​នៃ​សាច់​រឿង​រហូត​ដល់​​វគ្គ​បញ្ចប់​តែ​ម្ដង។

 

"ដំបូង​​ឡើយ​គេ​គិត​ឲ្យ​ខ្ញុំ​១រឿង​​នេះ ២៨០០ ដុល្លារ​តែ ខ្ញុំ​ទារ​គាត់​៣ពាន់ ហើយ​ក្រោយ​មក​ គេ​ក៏​គិត តាម​ថ្ងៃ​ឲ្យ​ខ្ញុំ​វិញ បើ​គិត​ទៅ​ទម្រាំ​ដល់​ចប់​ខ្ញុំ​អាច​បាន​ជិត៤ពាន់​អីដែរ"  លោក សុខ ដែន ថ្លែង។  

 

តារា​ក្បាច់​គុន​ម្នាក់​នេះ​ បាន​​​បន្ថែម​ទៀត​ថា ជា​ទូ​ទៅ​​ប្រសិន​បើ​​ខ្សែភាពយន្ត​ថត​តិច​ថ្ងៃ លោក​គិត​ក្នុង​១ថ្ងៃ១៥០ ដុល្លារ ហើយ​បើ​រឿង​ខ្នាត​ធំ​លោក​យក​១៥០០ដុល្លារ​ក្នុង​មួយ​រឿង ប៉ុន្តែ​ដោយ​ខ្សែភាពយន្ត​​រឿង "ហ្លួង​ព្រះ​ស្ដេចកន " ជា​រឿង​ប្រវត្តិសាស្ត្រ  ហើយ​ថត​ច្រើន​ថ្ងៃ លោក​​បាន​ចុះ​មក​ត្រឹម​តែ៦០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។  

តាម​ការ​លើក​ឡើង​របស់ សុខ ដែន ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​​វិនិយោគ​ថវិកា​ដោយ​ស្ថាបនិក​​​ទូរទស្សន៍ PNN មួយ​នេះ ​បាន​ថត២០ទៅ៣០ ភាគរយ​ហើយ ដោយ​នៅ​ក្នុង​នោះ ​ប្លង់​​​របស់​​លោក​ថត​បាន​ជាង១០ថ្ងៃ។ តាម​ផែន​ការ​ខ្សែភាពយន្ត​ខាង​លើ គ្រោង​ថត​ចំនួន៤ខែ ទើប​​បញ្ចប់៕

 

 
 
 

 

អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

អត្ថបទថ្មី