ពណ៌នៃទឹកនោមប្រាប់ច្រើនអំពីសុខភាពអ្នក
- 2016-02-29 20:39:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពណ៌នៃទឹកនោមប្រាប់ច្រើនអំពីសុខភាពអ្នក
ចន្លោះមិនឃើញ
នៅពេលបត់ជើងតូចអ្នកតែងសម្គាល់ឃើញថា ទឹកនោមរបស់អ្នកមានពណ៌ប្លែកៗ តាមពេលនីមួយៗ។ តាមការឲ្យដឹងពី វេជ្ជបណ្ឌិត Jane Miller និងជាសាស្ត្រាចារ្យ បស្សាវវិទ្យា (ផ្នែករោគតម្រងនោម) នៃសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បានរៀបរាប់បង្ហាញប្រាប់តាមរយៈសារព័ត៌មាន CNN ដូចខាងក្រោម៖
ពណ៌ថ្លា
អ្នកប្រាកដជាធ្លាប់បានឮថា ការញ៉ាំទឹកចំណុះប្រហែល ជិត២លីត្រ (៨កែវ) ក្នុងមួយថ្ងៃ ជាការរក្សាជាតិទឹកនិងមានសារសំខាន់សម្រាប់សុខភាព។ ប៉ុន្តែប្រសិនបើ ទឹកនោមមានពណ៌ថ្លាឆ្វង់នោះអ្នកមុខជាលើសជាតិទឹក បើតាមឲ្យដឹងពី វេជ្ជបណ្ឌិត Jane Miller និងជាសាស្ត្រាចារ្យ បស្សាវវិទ្យា (ផ្នែករោគតម្រងនោម) នៃសាកលវិទ្យាល័យ Washington។ សាស្ត្រាចារ្យបន្ថែមទៀតថា ស្ថានភាពបែបនោះមិនជាបញ្ហាធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែគ្មានទិន្នន័យណាមួយបង្ហាញថា ត្រូវចាំបាច់ញ៉ាំទឹកឲ្យបាន ៨កែវ ឬលើសពីនោះឡើយ។ បន្ថែមពីនោះ អ្នកនឹងចំណាយពេលច្រើននៅតែបន្ទប់ទឹក ប្រសិនបើអ្នកញ៉ាំទឹកច្រើនពេក។
ពណ៌លឿងព្រលែត
ទឹកនោមពណ៌លឿងស្រាល គឺមានន័យថា ជាតិទឹកក្នុងខ្លួនរបស់អ្នកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែពណ៌នោះមិនបង្ហាញពីអាការៈសុខភាពរបស់អ្នកនោះទេ។ នេះបើតាម វេជ្ជបណ្ឌិត Miller។
ពណ៌លឿងខ្លាំង
ប្រសិនបើពណ៌ខ្លាំងបែបនោះ គឺដោយសារតែជាតិវីតាមីន B។ វេជ្ជបណ្ឌិត Miller បានឲ្យដឹងថា សារធាតុ Riboflavin ដែលជាប្រភេទក្រុមវីតាមីន B (B2) ច្រើននៅក្នុងខ្លួនគឺធ្វើឲ្យទឹកនោមមានពណ៌លឿងភ្លឺ។ ទោះយ៉ាងណាវាមិនមែនជាអ្វីគួរឲ្យបារម្ភខ្លាំងនោះទេ។ អាហារដែលសំបូរជាតិ Riboflavin ច្រើនមានដូចជា ស៊ុត និងសាច់គ្មានខ្លាញ់ ។
ពណ៌លឿងលាយត្នោត
ទឹកនោមពណ៌ដូច ទឹកប៉ោម (លឿងលាយត្នោត) គឺមានន័យថាអ្នកខ្សោះជាតិទឹកពីក្នុងខ្លួន។ តាមវេជ្ជបណ្ឌិត Miller ប្រសិនអ្នកមានករណីបែបនោះ ប្រាកដណាស់អ្នកគួរបំពេញជាតិទឹកក្នុងខ្លួនឲ្យបានច្រើន ដោយញ៉ាំទឹកបន្ថែម ជាពិសេសប្រសិនបើអ្នកជាមនុស្ស ឧស្សាហ៍ហាត់ប្រាណច្រើន។
ពណ៌ត្នោត
ទឹកនោមពណ៌ត្នោត គឺអាចពាក់ព័ន្ធនឹងវត្តមានសារធាតុប្រូតេអ៊ីនម្យ៉ាងឈ្មោះ Myoglobin ក្នុងសាច់ដុំ។ សារធាតុនេះ ទាក់ទងនឹងទម្រង់ឈ្មោះ Rhabdo មានន័យថាបង្កជាការបំផ្លាញសាច់ដុំ ធ្វើឲ្យសរសៃសាច់ដុំងាប់។ បើពុំមានការទៅពិនិត្យព្យាបាល វាអាចបង្កឲ្យខូចក្រលៀន។
ពណ៌បៃតងលាយខៀវ ឬពណ៌ទឹកក្រូច
ទឹកនោមមានពណ៌បៃតងលាយ ឬ ទឹកក្រូចគឺមានន័យថា អ្នកកំពុងមានជំងឺនិងកំពុងទទួលការព្យាបាលពីគ្រូពេទ្យ។ ដូចនេះករណីមានពណ៌ទឹកនោមខុសប្រក្រតីដូចនោះ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ។
ពណ៌ផ្កាឈូក ឬពណ៌ក្រហម
ទឹកនោមពណ៌ផ្កាឈូកឬពណ៌ក្រហមជាំ គឺអាចមានន័យពីរយ៉ាង នេះបើតាមវេជ្ជបណ្ឌិត Miller។ វាអាចជាមូលហេតុបង្កដោយការញ៉ាំ មើម beet (ឆៃថាវម៉្យាងពណ៌ស្វាយ) ច្រើន ធ្វើឲ្យទឹកនោមមានពណ៌បែបនេះ។ វានឹងវិលទៅរកភាពធម្មតាវិញ ដែលមិនមែនជាបញ្ហាធំនោះទេ។ ប៉ុន្តែមានមូលហេតុមួយទៀតដែលអ្នកត្រូវបារម្ភនោះ គឺទឹកនោមពណ៌ផ្កាឈូកឬពណ៌ក្រហមជាំ ដែលមិនមែនបង្កពីការញ៉ាំមើម beet គឺអាចបណ្ដាលមកពីមូលហេតុ មហារីកក្រលៀន ទងបង្ហួរនោម ឬប្លោកនោម ដែលធ្វើឲ្យទឹកនោមមានឈាមជាមួយ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ CNN