ជីជី ឡើងថ្លៃខ្លួន ក្នុងឆ្នាំថ្មី
- 2016-03-10 17:21:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីជី ឡើងថ្លៃខ្លួន ក្នុងឆ្នាំថ្មី
ចន្លោះមិនឃើញ
ឆ្នាំ២០១៥ តារាសម្ដែង និងជាពិធីការិនី កញ្ញា ពេជ្រ សូលីដា ហៅជីជី ថតរឿងយកថ្លៃសម្ដែងតែ ១ ៥០០ ដុល្លារ ប៉ុន្តែចូលមកដល់ឆ្នាំ ២០១៦ នេះ តម្លៃខ្លួនរបស់តារាស្រីម្នាក់នេះឡើងរហូតដល់ទៅ ២ ៥០០ ដុល្លារ ទៅ ៣០០០ ដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួន ប្រាប់ Sabay។
ជីជី បានលើកឡើងថា មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តឡើងថ្លៃជុំវិញការថតខ្សែភាពយន្តបែបនេះ ក៏ព្រោះតែគិតថា វិស័យភាពយន្តបច្ចុប្បន្នមានការរីកចម្រើនជាងមុន ដូចនេះ ការឡើងថ្លៃរបស់តារាសម្ដែងដូចជារូបនាង មិនមែនជារឿងចម្លែកឡើយ។ "គាត់រកបានជាងមុន អីចឹងយើងក៏ត្រូវបានថ្លៃជាងមុនដែរ តើខ្ញុំឡើងក៏មិនច្រើនហួសហេតុដែរ"។
កាលពីឆ្នាំ ២០១៥ ជីជី យកថ្លៃ ១ ៥០០ ដុល្លារ ក្នុងមួយរឿងតារាស្រីម្នាក់នេះ ថតបានតែ ២រឿង ប៉ុណ្ណោះ ហើយការសម្រេចឡើងថ្លៃរហូតដល់ ២ ៥០០ ដុល្លារ ទៅ ៣ ០០០ដុល្លារ នេះ ជីជី មិនទាន់ ចេញថតឲ្យផលិតកម្មណាមួយឡើយ មូលហេតុ ត្រូវបាននាងបញ្ជាក់ថា ចរចាថ្លៃនៅមិនទាន់ត្រូវគ្នា។ "មានផលិតកម្មច្រើនទាក់ទងមក តែតម្លៃមិនត្រូវគ្នា ព្រោះគាត់ឲ្យតម្លៃដូចមុន ខ្ញុំមិនព្រម "។ ជីជី លើកឡើង។
ចំពោះការធ្វើពិធីការិនីតាមកម្មវិធីផ្សេងៗវិញ ពេជ្រ សូលីដា ហៅជីជី បញ្ជាក់ប្រាប់ថា គិតតាមទីតាំងជិតឬឆ្ងាយ ប្រសិនបើនៅភ្នំពេញយក ១ កម្មវិធី ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារ ហើយបើចុះខេត្ត វិញ ស៊ីសងការចរចាគ្នា។
ជីជី បានបោះជំហានចូលវិថីសិល្បៈតាមរយៈ អ្នកនាង ពេជ្រ សិរីរ័ត្ន ដែលជាបងស្រីបង្កើតរបស់ខ្លួន។ អាជីពសិល្បៈដំបូងរបស់នាង គឺការសម្ដែងកាយវិការខារ៉ាអូខេ និង ពិធីការិនីនៅ CTN និង MY TV។ តម្លៃខ្លួនរបស់នាងពីផ្ដើម ៤០ ដុល្លារ នៃការសម្ដែងខារ៉ាអូខេ ១ បទ ហើយបច្ចុប្បន្ន ជីជី ប្រាប់ថា ផ្អាកសម្ដែងខារ៉ាអូខេទៀតហើយ ដោយលើកហេតុផលថា ថតយូរៗពេក។
ចំពោះការថត ខ្សែភាពយន្តវិញ ជីជីធ្លាប់បានថតខ្សែភាពយន្ត ៥ ទៅ ៧ រឿង មកហើយ ក្នុងនោះមាន ដូចជា រឿង "អាបពាក់មួកសុវត្ថិភាពវគ្គ២",រឿង "ដំណើរផ្សងព្រេងទាំង ៤", រឿង "អាចារ្យបីសាសន៍" រឿង "បេះដូងកូពី" ជាដើម៕
អត្ថបទ៖ ខុត សីហា