ម្ចាស់​ហាង​លក់​ទូរសព្ទ​មួយ​រូប​ចែក​រំលែក​បទ​ពិសោធន៍​​ធ្វើ​ជំនួញ​ឈរ​ជើង​យូរ​ឆ្នាំ​

  • 2016-03-10 17:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ខ្លះ​បើក​ហាង​លក់​ទូរសព្ទ​មិន​បាន​ប៉ុន្មាន​ក៏​ត្រូវ​ដួល​ទៅ​វិញ​ដោយ​សារ​គ្មាន​គ្រឹះ​រឹង​មាំ​និង​វិធី​សាស្ត្រ​ល្អៗ​ក្នុង​ការ​គ្រប់​គ្រង​ហាង។ ទាក់ទិន​នឹង​ការ​បើក​ជំនួញ​លក់​ទូរសព្ទ​ ម្ចាស់​ហាង​លក់​ទូរសព្ទ ស្រី អូន បាន​បង្ហើប​ពី​បទ​ពិសោធន៍​ខ្លះៗ​ក្នុង​ការ​បើក​ហាង​ឱ្យ​ឈរ​ជើង​បាន​យូរ​និង​កាន់​តែ​រីក​ចម្រើន។

 

 

ស្រី អូន បាន​ឱ្យ​ដឹង​ថា ការ​តាម​រយៈ​បទ​ពិសោធន៍​បើក​ហាង​លក់​ទូរសព្ទ​រយៈ​ពេល​ជិត ៥ឆ្នាំ​មក នេះ​ក្នុង​នាម​ជា​ម្ចាស់​ហាង​ អ្វី​ដែល​អ្នក​ស្រី​តែង​ប្រកាន់​ជាប់​មក​រហូត​គឺ ការ​ស្រាវជ្រាវ ការ​អត់​ធ្មត់ ភាព​ស្មោះត្រង់​បូក​ទំនួល​ខុស​ត្រូវ​ ឈ្លៀស​វៃ​ និង​ភាព​រួស​​រាយ។

 

ស្រាវជ្រាវ៖

 

ស្រី​អូន​ថា ធ្វើ​ជា​ម្ចាស់​ហាង​ទូរសព្ទ​មិន​មែន​អត់​ដឹង​អី​សោះ​បើក​ហាង​កើត​ទេ។ កាល​ពី​មុន​ធ្លាប់​តែ​ជា​អ្នក​លក់​ស្បែក​ជើង ដល់​ពេល​មក​ចាប់​បើក​ហាង​លក់​ទូរសព្ទ ពិត​ជា​លំបាក​ ព្រោះ​មិន​ដែល​ដឹង​ពី​​បច្ចេកវិទ្យា​ស្មាតហ្វូន​បាន​ច្រើន​ហ្នឹង​គេ​ទេ។

 

ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ព្យាយាម​ស្រាវជ្រាវ​នឹង​នៅ​ជាមួយ​ទូរសព្ទ​យូរ​ទៅ ស្រី​អូន​យល់​កាន់​តែ​ច្បាស់​ពី​ទូរសព្ទ បើ​ទោះ​បី​ខូច​បញ្ហា​ណាមួយ​ក៏​​សឹង​តែ​អាច​ដោះ​ស្រាយ​ជូន​ភ្ញៀវ​បាន​ដែរ។ ពេល​មាន​ទូរសព្ទ​ថ្មី ស្រី អូន​តែ​ព្យាយាម​ស្វែង​យល់​ឱ្យ​ច្បាស់ ដើម្បី​ងាយ​ពន្យល់​ភ្ញៀវ​ពេល​គេ​មក​ហាង។

 

ការ​អត់ធ្មត់៖

 

ការ​អត់ធ្មត់​និង​ភាព​ស្មោះ​ត្រង់ ស្រី អូន​ចង់​បាន​ន័យ ថា រក​ស៊ី​អ្វី​ក៏​ដោយ​តែងតែ​ជួប​បញ្ហា​ជាមួយ​អតិថិជន ហើយ​កាន់​តែ​ពិបាក​នោះ​គឺ​ការ​រក​ស៊ី​បើក​ហាង​​លក់​ទូរសព្ទ​នេះ​ឯង។ ពេល​ខ្លះ​មាន​អតិថិជន​មួយ​ចំនួន​ឆេះ​ដុំ​ស្រែក​ខ្លាំងៗ​ដាក់​លោក​ស្រី​និង​បុគ្គលិក​ក្នុង​ហាង​ក៏​មាន តែ​អ្នក​ស្រី​មិន​ដែល​តប​ត​ទៅ​វិញ​ឬ​ធ្វើ​ឥរិយាបថ​ទាំង​កំរោល​ទេ ផ្ទុយ​ទៅ​វិញ​ព្យាយាម​លួង​លោម​និង​សម្រួល​រហូត​ដល់​អតិថិជន​ព្រម​និយាយ​ស្តាប់​គ្នា សឹម​ដោះ​ស្រាយ​បញ្ហា​ជូន​តាម​ក្រោយ។

 

ភាព​ស្មោះ​ត្រង់​បូក​និង​ទំនួល​ខុស​ត្រូវ​ខ្ពស់៖

ស្រី​អូន​ថា បើក​ហាង​លក់​ទូរសព្ទ​មួយ បើ​មិន​ស្មោះ​ត្រង់​ទេ ដួល​បះ​ជើង​ឆាប់​មិន​ខាន។ បើ​យើង​សម្រេច​ចិត្ត​ថា​ចង់​បើក​ហាង​លក់​ទូរសព្ទ​មួយ​ហើយ ត្រូវ​តែ​លក់​ផលិតផល​សុទ្ធ​មក​ពី​ក្រុមហ៊ុន​និង​ល្អ​សម្រាប់​អតិថិជន មិន​ត្រូវ​ក្លែង​បន្លំ​ទេ បើ​មិន​ដូច្នោះ​ថ្ងៃ​ក្រោយ​គេ​មិន​ខ្ចី​មក​ជាន់​ហាង​ទៀត​ទេ។

 

ម្យ៉ាង​ទៀត ​ទំនួល​ខុស​ត្រូវ​ក៏​ជា​រឿង​ចម្បង​ត្រូវ​ប្រកាន់​ខ្ជាប់​ដែរ។ ពេល​អតិថិជន យក​ទូរសព្ទ​មក​ឱ្យ​ហាង​ដោះ​ស្រាយ​បញ្ហា​ជូន ត្រូវ​ប្រាកដ​ថា សេវា​កម្ម​ដែល​ផ្តល់​ទៅ​វិញ​គឺ​ជា​ទី​ទុក​ចិត្ត មិន​មែន​ខូច​នេះ​ថា​ខូច​នោះ​ ហើយ​ត្រូវ​ព្យាយាម​អស់​លទ្ធភាព​ដោះ​ស្រាយ​ជូន​ភ្ញៀវ​បើ​សិន​បញ្ហា​នោះ​កើត​ឡើង​ដោយ​ហាង​ខ្លួនឯង។

 

ឈ្លៀស​វៃ៖

 

អ្នក​បើក​ហាង​លក់​ទូរសព្ទ​ណា​ក៏​ដូចគ្នា តែង​មាន​ជន​មក​បន្លំ​លួច​ទូរសព្ទ តែ​អ្នក​លក់​ក៏​ត្រូវ​ឈ្លៀស​វៃ​ដែរ ក្នុង​ការ​មើល​មនុស្ស។

 

ស្រី​អូន​ថា ពេល​ខ្លះ​មាន​ជន​ប្លែកៗ​មួយ​ចំនួន​មក​ហាង​ធ្វើ​ជា​សួរ​នាំ​ទិញ​ទូរសព្ទ ដោយ​មាន​ពាក់​មួយ​ការពារ ពាក់​មាស​ជា​ដើម ដូច្នេះ​ត្រូវ​ប្រយ័ត្ន។ ពេល​ដឹង​ថា​មាន​ជន​ណា​បម្រុង​នឹង​លួច​ទូរសព្ទ ស្រី អូន​ឬ​បុគ្គលិក​ក្នុង​ហាង​ណាមួយ​ត្រូវ​ចេះ​និយាយ​ស្រួល​មិន​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​តឹង​តែង​នោះ​ឡើយ រហូត​ជន​ឆ​បោក​ទាំង​នោះ​ព្រម​ដើរ​ចេញ​ហើយ​ទុក​របស់ (ទូរសព្ទ)។ ស្ថានការណ៍​បែប​នេះ​ស្រី​អូន ធ្លាប់​ជួប​ច្រើន​ដង តែ​មិន​ដែល​ភ្លាត​ស្នៀត​ធ្វើ​ឱ្យ​បាត់​របស់​ទេ។

 

 

ស្រី​អូន​ថា "​គេ​នៅ​កន្លែង​ងងឹត ឯ​យើង​នៅ​កន្លែង​ភ្លឺ អ៊ីចឹង​និយាយ​ស្រួល​ជា​មួយ​គេ​ឱ្យ​គេ​ទុក​របស់​ហើយ​ដើរ​ចេញ​ទៅ កុំ​ឱ្យ​មាន​បញ្ហា​ដល់​ហាង​យើង​នៅ​ថ្ងៃ​ក្រោយ"។

 

រួស​រាយ៖

 

"ការ​រួស​រាយ ម្ចាស់​ហាង​ណា​ក៏​ត្រូវ​មាន​ដែរ ព្រោះ​បើ​អតិថិជន​ឃើញ​មុខ​ក្រញូវ​ហើយ​មិន​ចេះ​និយាយ​ផ្អែម គ្មាន​អ្នក​ណា​ចង់​ចូល​មក​ទិញ​ឥវ៉ាន់​ក្នុង​ហាង​ទេ ទោះ​បី​របស់​អ្នក​ឯង​លក់​ល្អ​ប៉ុណ្ណា​ក៏​ដោយ"។ ស្រី​អូន​បញ្ជាក់។

 

ម្ចាស់​ហាង​រូប​នេះ​បន្ថែម​ថា ពេល​ខ្លះ​ទោះ​បី​មាន​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ត្រូវ​ធ្វើ​មុខ​រីក​ដូច​គ្រាប់​ជី​និង​រួសរាយ​ដាក់​ភ្ញៀវ​ដែល​មក​ទិញ​ទូរសព្ទ​ក្នុង​ហាង​ជានិច្ច​ដែរ​ ដើម្បី​ទាក់ចិត្ត​ឱ្យ​ថ្ងៃ​ក្រោយ​គេ​មក​ទិញ​របស់​ទៀត៕

 

អ្វី​ទាំង​អស់​នេះ គ្រាន់​តែ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ខ្លះៗ​ដែល​ម្ចាស់​ហាង​ស្រី វ័យ ២៨ឆ្នាំ​រូប​នេះ​ចង់​ចែក​រំលែក​សម្រាប់​ការ​បើក​ជំនួញ​លក់​ទូរសព្ទ​ឱ្យ​ជោគជ័យ​និង​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ៕

 

អត្ថបទ៖ ប៉ែត ផាន់និត