កីឡាករសំខាន់ៗ២ទៅ៣នាក់ មិនព្រមទៅជាមួយក្រុមជម្រើសជាតិ
- 2016-03-22 16:13:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករសំខាន់ៗ២ទៅ៣នាក់ មិនព្រមទៅជាមួយក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
បើតាមសម្ដីរបស់លោក Lee Tae Hoon បានបញ្ជាក់ឱ្យដឹងថា មានកីឡាករសំខាន់ៗ២ទៅ៣នាក់ ដែលលោកព្យាយាមទាក់ទងទៅដើម្បីបានហ្វឹកហាត់ និងត្រៀមខ្លួនទៅប្រកួតជាមួយក្រុមស៊ីរី ប៉ុន្តែមិនទទួលបានចម្លើយអ្វីនោះទេ។ នេះមានន័យថា កីឡាករទាំងនោះ មិនព្រមទៅជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងនេះឡើយ។
ក្រោយប្រកួតមិត្តភាពជាមួយក្រុម African All Stars នៅកីឡដ្ឋាន RSN កាលពីល្ងាចមិញនេះ ក្រុមជម្រើសជាតិកម្ពុជាមិនមានវត្តមានកីឡាករសំខាន់ៗប៉ុន្មាននាក់ ដែលត្រូវបានគេដាក់ចម្ងល់គ្រប់គ្នា។ ទន្ទឹមនឹងនេះដែរ លោក Lee Tae Hoon បានបកស្រាយថា លោកព្យាយាមទាក់ទងទៅកីឡាករ Key Players ទាំងអស់នោះហើយ ប៉ុន្តែពួកគេមិនអាចទាក់ទងបាននោះទេ។ តួយ៉ាងដូចជា ចាន់ វឌ្ឍនាកា ដែលជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិអីចឹង ក្រុមការងារបានព្យាយាមទាក់ទងទៅរហូត ប៉ុន្តែមិនមានការឆ្លើយតបអ្វីនោះទេ។
គ្រូបង្វឹកខាងលើបានបន្តទៀតថា ការលេងឱ្យក្រុមជម្រើសជាតិជាកាតព្វកិច្ចនិងទំនួលខុសត្រូវដែលកីឡាករកម្ពុជាគ្រប់គ្នាត្រូវធ្វើដើម្បីជាតិ ហើយប្រសិនបើពួកគេមិនព្រមទេនោះគឺមានន័យថា កីឡាករទាំងអស់កំពុងតែបាត់បង់នូវទំនួលខុសត្រូវរបស់ខ្លួនឯងហើយ។
ត្បិតតែយ៉ាងនេះក្ដី គ្រូបង្វឹកខាងលើមិនបន្ទោសទៅខាងណានោះទេ ហើយក៏មិននិយាយចំពោះឈ្មោះកីឡាករទាំងអស់នោះដែរ ព្រោះលោកដឹងថាលេងនៅជម្រើសជាតិមិនមានប្រាក់ខែច្រើន ដូចលេងនៅក្លឹបអាជីពឡើយ ហើយវាក៏ជារឿងផ្ទាល់ខ្លួនរបស់កីឡាករដែរ។ លោកនឹងនៅតែព្យាយាមទាក់ទងកីឡាករសំខាន់ទាំងនោះបន្ដទៀត ព្រោះនៅកម្ពុជាមិនសូវមានកីឡាករល្អប៉ុន្មានទេ មានតែពួកគេហើយដែលត្រូវជួយប្រទេសកម្ពុជាឱ្យឈានទៅមុខ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរកាលពីម៉ោង៦ព្រឹកនេះឆ្ពោះទៅប្រទេសថៃដើម្បីបន្តដំណើរទៅប្រទេសអូម៉ង់ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិស៊ីរី ក្នុងយុទ្ធនាការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី សម្រាប់តំបន់អាស៊ី ជុំទីពីរនាថ្ងៃទី២៤ ខែមីនា ខាងមុខនេះនៅប្រទេសអូម៉ង់៕
អត្ថបទ៖ មុន្នី រម្យ