សន វិជ្ជបុត្រ រកលុយធីបបានតិចនៅអូស្ត្រាលី
- 2016-04-08 16:43:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន វិជ្ជបុត្រ រកលុយធីបបានតិចនៅអូស្ត្រាលី
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ ដែលកំពុងតែមមាញឹកច្រៀងនៅប្រទេសអូស្ត្រាលី ជាមួយតារាចម្រៀងស្រី ៣នាក់ ផ្សេងទៀត បានប្រាប់ Sabay ថា ការច្រៀងនៅទីនោះ ក្រុមរបស់លោកមានអ្នកគាំទ្រច្រើន ប៉ុន្តែបើនិយាយពីលុយធីបវិញ គឺបានតិចតួចប៉ុណ្ណោះ។
លោក សន វិជ្ជបុត្រ បានចេញពីប្រទេសកម្ពុជាទៅច្រៀងនៅ ប្រទេសអូស្ត្រាលី កាលពីថ្ងៃ ១៣ ខែ មីនា ឆ្នាំ ២០១៦ ជាមួយ កញ្ញា អេណា កញ្ញា អែមមី និង អ្នកនាង បូ ស៊ីណា ។ ការច្រៀងជាលើកដំបូងនៅក្រៅប្រទេសនេះ លោកធ្លាប់បានប្រាប់ថា គឺដើម្បីរកប្រាក់ជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា តាមរយៈ Sponsor “សមាគមខ្មែរអូស្ត្រាលី” ។ តារាចម្រៀងទាំងអស់ដែលចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីនោះ មិនទទួលយកប្រាក់កម្រៃទេ ពោលថវិកាបានមកពីការលក់សំបុត្រ ទុកសម្រាប់ជួយដល់ក្មេងៗក្រីក្រនៅកម្ពុជាទាំងអស់។
វិជ្ជបុត្របានឲ្យដឹងថា ក្រុមរបស់លោកច្រៀងនៅប្រទេសអូស្ត្រាលីនេះ មានទាំងអស់ មាន១៤ លើក ដោយគ្រោងបញ្ចប់នៅថ្ងៃ១៨ ខែ មេសា ឆ្នាំ ២០១៦ខាងមុខនេះ។ ក្នុងការឡើងច្រៀងកន្លងមក មានប្អូនខ្មែររស់នៅទីនោះគាំទ្រច្រើនខ្លាំងណាស់ ដោយសំបុត្រ ត្រូវបានលក់អស់ ស្ទើរមិនមានកន្លែងអង្គុយផង។
ប៉ុន្តែលោកបានលើកឡើងថា ទោះបីជាមានការគាំទ្រច្រើនបែបនេះក្ដី តែបើនិយាយពីប្រាក់ធីបវិញ មិនមានច្រើនឡើយ គឺបានតិចតួចប៉ុណ្ណោះ ដោយមកទល់ពេលនេះ លោកទទួលបានប្រហែលជា៣ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា ប្រាក់ធីបដែលលោកទទួលបានភាគច្រើន មិនមែនច្រៀងនៅតាមភោជនីយដ្ឋានដែល Sponsor រៀបចំឡើយ គឺបានភាគច្រើន ពេលដែលលោកទៅលេងតាមផ្ទះបងប្អូនខ្មែរនៅទីនោះ ដោយពួកគាត់បានអញ្ជើញលោកទៅច្រៀងលេងតែប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យ មិនសូវបានប្រាក់ឧបត្ថម្ភច្រើនបែបនេះ ត្រូវបានតារារូបនេះ វាយតម្លៃថា អាចមកពីនៅទីនោះ ឧស្សាហ៍មានតារាខ្មែរទៅច្រៀងច្រើនលើកពេក។ ទោះបីជាបានតិចឬច្រើនក្ដី តារាចម្រៀងមានកំណើតពី ស្រុកបាភ្នំ ខេត្តព្រៃវែងម្នាក់នេះ បញ្ជាក់ប្រាប់ថា មិនយកប្រាក់ទាំងអស់នោះមក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ គឺលោកនឹងយកប្រាក់ទាំងអស់នោះ ទៅជួយប្រជាជនក្រីក្រ ក៏ដូចជាសិល្បករសិល្បៈការិនី ដែលកំពុងតែជួបការលំបាកទាំងអស់ តាមការសន្យា៕
អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ