វ៉ាត់ ចំរើន ហាមដាច់ខាតរឿងកីឡាអុកប្រើល្បិចស៊ីលុយ
- 2016-04-13 13:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន ហាមដាច់ខាតរឿងកីឡាអុកប្រើល្បិចស៊ីលុយ
ចន្លោះមិនឃើញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ដាំដល់កីឡាករអុកទាំង៨នាក់ដែលត្រូវទៅប្រកួតយកជើងឯកស្ដេចអុកនៅសៀមរាបថាហាមដាច់ខាតចំពោះការប្រើល្បិចភ្នាល់យកលុយនៅពេលប្រកួត ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសដល់កីឡាអុកថ្នាក់ជាតិរបស់កម្ពុជា។
កីឡាករចំនួន៨នាក់ដែល ជម្រេញចេញពីបេក្ខជនចំនួន១២៨នាក់រួមមាន រៀម វាសនា, ហួយ សុខណា, នូ ច័ន្ទផានិត, សៅ ម៉ិចសុភា, សេង សុធា, ហេង សៅឌី, រស់ រិទ្ធីយ៉ា និង ម៉េង សេរីសម្បត្តិ នឹងត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីប្រកួតដណ្ដើមយកពានរង្វាន់ស្ដេចអុកចត្រង្គឆ្នាំ២០១៦ នៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនៅខេត្តសៀមរាប។
កីឡាករទាំង៨នាក់ (អាវក្រហម)
មុនការចេញដំណើរទៅនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានប្រាប់ទៅដល់កីឡាករទាំង៨នាក់ពីលក្ខខណ្ឌមួយចំនួន ដែលត្រូវបំពេញ ហើយអ្វីដែលពិសេសគឺហាមពួកគេមិនឱ្យប្រើល្បិចស៊ីលុយក្នុងការប្រកួតថ្នាក់ជាតិមួយនេះនោះទេ។ “សូមកីឡាករទាំងអស់ប្រកួតដោយស្មោះត្រង់ ហាមដាច់ខាតរឿងប្រើល្បិចស៊ីលុយក្នុងការប្រកួត។ នរណាចាក់លុយនៅទីណាក៏បាន តែហាមកីឡាករចូលលេងដែរ។ ប្រសិនបើក្រុមការងារបានដឹង នោះពួកគេនឹងធ្លាក់ដោយស្វ័យប្រវត្តិ”។ សម្ដី ឯកឧត្តម វ៉ាត់ ចំរើន ។
ចំពោះប្រាក់រង្វាន់សម្រាប់ស្ដេចអុកឆ្នាំ២០១៦នេះ អ្នកចំណាត់ថ្នាក់លេខមួយនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន១២លានរៀល លេខ២ទទួលបាន៨លានរៀល និងលេខ៣ទទួលបាន៤លានរៀល៕
អត្ថបទ៖ មុន្នី រម្យ