ពីរទីតាំងសំខាន់រៀបចំអង្គរសង្រ្កាន្ត ២០១៦ មានបង្ហាញសិល្បៈវប្បធម៌ចម្រុះ
- 2016-04-11 16:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរទីតាំងសំខាន់រៀបចំអង្គរសង្រ្កាន្ត ២០១៦ មានបង្ហាញសិល្បៈវប្បធម៌ចម្រុះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលប្រព្រឹត្តិទៅនៅទឹកដីខេត្តសៀមរាបសល់ពេលមិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ។ ផ្ទាំងទស្សនីយភាពវប្បធម៌ច្រើនទម្រង់ និងការកម្សាន្តជាច្រើនទៀត នឹងបង្កើតបរិយាកាសរីករាយសម្រាប់អ្នកដែលបានមកទស្សនា។
មានទីតាំងសំខាន់ចំនួនពីរដែលរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តទីមួយនៅតំបន់ប្រាសាទអង្គរវត្ត និងទីពីរនៅតំបន់ប្រាសាទបាយ័ននិងលានជល់ដំរី។
កម្មវិធីកម្សាន្តប្រចាំថ្ងៃ នៅតំបន់ប្រាសាទអង្គរវត្តមានដូចជា៖
(២) និម្មិតភូមិ
មានការដាក់តាំងបង្ហាញរូបគំនូរ រូបថត ដែលបរិយាយពីទិដ្ឋភាពជីវភាពរស់នៅរបស់ពលរដ្ឋនៅសម័យអង្គរ និងការស្មូនរូបផ្សេងៗពីការកកើតក្រុងអង្គរ។
(៤) កម្មវិធីល្បែងប្រជាប្រិយ
មានការលេងល្បែងប្រជាប្រិយដូចជាបោះអង្គញ់ ចាប់កូនខ្លែង ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើ ដែលជាល្បែងកម្សាន្តពលរដ្ឋខ្មែរនិយមលេងក្នុងឱកាសចូលឆ្នាំថ្មី។
(៥) ការសំដែងគុនល្បុក្កតោ
មានការសំដែងនិងការចាក់ផ្សាយជារូបភាពវិដេអូឯកសារពីក្បាច់គុនបុរាណខ្មែរ "ល្បុក្កតោ"។ ក្រៅពីអាចចូលទស្សនា ប្រិយមិត្តក៏អាចចូលរួមហាត់ឬសម្ដែងដោយផ្ទាល់បានផងដែរ។
(៨) កម្មវិធីវិចិត្រករឯក
មានការគូរគំនូរដោយផ្ទាល់ពីវិចិត្រករខ្មែរដែលមានទេពកោសល្យ ហើយអ្នកទស្សនាក៏អាចជាវរូបគំនូរដែលគូរផ្ទាល់ភ្លាមៗ។ ជាមួយគ្នានេះ អាចចូលរួមគូរគំនូរកម្សាន្តជុំវិញប្រធានបទអបអរចូលឆ្នាំថ្មី។
(៩) តំបន់ត្រជាក់ចិត្ត
មានការរៀបចំការប្រកួតដូចជាបវរកញ្ញាធ្លាក់ទឹក ស្វាដណ្ដើមពាង ទូលក្អម រត់ប្រណាំងកាន់តយទឹកត្នោត និងតក់ៗពេញកែវជាដើម។
(១៤) ពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ
មានការតាំងបង្ហាញនិងលក់ដូរផលិតផល និងវត្ថុអនុស្សាវរីយ៍នានាពីពាណិជ្ជករ អាជីវករមានដូចជាសិប្បកម្មចម្លាក់ ផ្ដៅ សូត្រខ្មែរ ដេរប៉ាក់ និងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណខ្មែរ។
(២២) ពិធីបណ្ដែតគោមបួងសួងសុំសេចក្តីសុខ
មានពិធីបណ្តែតគោមរាប់ពាន់ក្នុងកសិណអង្គរ ដើម្បីបួងសួងសុំសេចក្តីសុខសម្រាប់ឆ្នាំថ្មី។
(១១) កម្មវិធីតន្រ្តីសួស្តីឆ្នាំថ្មី
មានការប្រគំតន្ត្រីសួស្តីឆ្នាំថ្មី ដើម្បីបង្កបរិយាកាសរីករាយដល់ភ្ញៀវទេសចរដែលមកកម្សាន្តអង្គរសង្រ្កាន្ត។ ជាមួយគ្នានេះក៏អាចរាំលេងសប្បាយជាមួយតន្រ្តីនិងចម្រៀងប្រពៃណីសំដែងដោយសិល្បករ សិល្បការិនីខ្មែរ។
(៧) កម្មវិធីពិព័រណ៍ និងប្រកួតប្រជែងរូបថត
ផ្តល់ឱកាសដល់ពលរដ្ឋ ដែលមានទេពកោសល្យក្នុងការថតរូបអាចចូលរួមប្រកួតប្រជែងគ្នា។ ការប្រកួតមានការបែងចែកជាពីរផ្នែកគឺ ការប្រកួតប្រជែងរូបថតជំនាញអនុស្សាវរីយអង្គរសង្ក្រាន្ត និងការប្រកួតប្រជែងរូបថតសែលហ្វីអង្គរសង្ក្រាន្តឆ្នាំ ២០១៦។
(២៧) ការប្រកួតអុកចត្រង្គ
មានការប្រកួតអុកចត្រង្គខ្មែរដែលមានការចូលរួមពីជើងខ្លាំងមកពីគ្រប់ខេត្តក្រុង ដើម្បីល្បងសមត្ថភាពគ្នារកជើងខ្លាំងអុកខ្មែរប្រចាំប្រទេស។
(២០) កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត
មានកម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ដែលភ្ញៀវទេសចរអាចចូលរួមលេងកម្សាន្តដើម្បីបង្កើតភាពរីករាយ ស្និទ្ធស្នាលនិងមិត្តភាព។
@ ចំណែកនៅតំបន់ប្រាសាទបាយ័ន និងលានជល់ដំរីក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនដែរមានដូចជា៖
(១) ភូមិខ្ញុំ
មានបង្ហាញពីផ្ទះបុរាណខ្មែរដូចជាផ្ទះជនជាតិគ្រឹង ផ្ទះជនជាតិព្នង ផ្ទះកសិករ ផ្ទះសេដ្ឋី ផ្ទះអ្នកនេសាទ។ បង្កើតផ្សារបែបជនបទក្នុងភូមិ ដែលមានការលក់ដូរចំណីអាហារ និងឧបករណ៍ប្រើប្រាស់។ ជាមួយគ្នានេះ ក៏មានការរៀបចំឆាកសំដែងសិល្បៈដូចជា ការសំដែងសៀកខ្មែរ អាយ៉ៃ ល្ខោនស្បែកធំនិងល្បែងប្រជាប្រិយ។
(៣) របាំបុរាណ ប្រពៃណី និងប្រជាប្រិយ
មានការសំដែងរបាំបុរាណ ប្រពៃណី និងប្រជាប្រិយដូចជារបាំត្រុដិ របាំគោះអង្រែ របាំសុវណ្ណមច្ឆា រាំវង់រាំក្បាច់។
(១៣) ស្រុកយើង
មានការសាងសង់រោងចំនួន ១០ តំណាងតំបន់ភូមិសាស្ត្រធំៗនៃប្រទេសកម្ពុជា។ ក៏មានការដាក់បង្ហាញម្ហូបអាហារ នំចំណី ដែលផ្សាភ្ជាប់ទំនាក់ទំនងវប្បធម៌ ភូមិសាស្ត្រ តំណាងឲ្យខេត្តក្រុងទូទាំងកម្ពុជា។
(២៦) កម្មវិធីល្ខោនបាសាក់
មានការសំដែងល្ខោនបាសាក់បុរាណប្រជាប្រិយ ដោយរក្សាតន្រ្តី ចម្រៀង ក្បាច់ហួន និងកាយវិការបាសាក់ពីជំនាន់ដើមដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
មិនទាន់អស់នោះទេ នៅមានកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត ពិធីស្រង់ព្រះ កម្មវិធីតន្ត្រីអង្គរសង្ក្រាន្តអបអរឆ្នាំថ្មីដែលរៀបចំនៅតំបន់ប្រាសាទបាយ័ននិងទីលានជល់ដំរី។
ក្រៅពីទីតាំងសំខាន់ចំនួនពីរដែលរៀបចំកម្មវិធីកម្សាន្តអង្គរសង្រ្គាន្ត នៅអង្គរឃ្យុងយូក៏មានការប្រណាំងរទេះគោ/ក្របី និងបង្អែមនៃក្តីស្រលាញ់ ដែលធ្វើឡើងនៅទីតាំងសួនច្បារមុខព្រះរាជដំណាក់៕