ថៃ នរៈពិទូ បង្ហើបគម្រោងក្រោយរៀបការ
- 2016-04-12 16:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ នរៈពិទូ បង្ហើបគម្រោងក្រោយរៀបការ
ចន្លោះមិនឃើញ
អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ ថៃ នរៈពិទូ បង្ហើបគម្រោងក្រោយរៀបការរួច មកកាន់ Sabay ថា នឹងវិលចូលសិល្បៈវិញក្រោយបាត់មុខមួយរយៈធំ។
ចំពោះការខកខានប្រមាណឆ្នាំមកនេះ កូនច្បងអ្នកស្រី ងិន ម៉ានីយ៉ា លើកឡើងថា ដោយសារតែរវល់រឿងរកស៊ី និងមានជម្លោះតិចតួចជាមួយអ្នកក្នុងសិល្បៈទើបលោកផ្អាកមួយរយៈ ខណៈមាន Fans មួយចំនួន បានគិតថា លោកលែងត្រឡប់ចូលវិស័យសិល្បៈវិញហើយ។
តួប្រុសក្នុងរឿង "អ្វីៗខ្ញុំធ្វើដើម្បីស្នេហា" បញ្ជាក់៖ "រឿងសិល្បៈខ្ញុំមិនបោះបង់ទេ គ្រាន់តែមួយរយៈមុន ខ្ញុំរវល់ជួយការងារប៉ា ម្យ៉ាងកាលនៅសិល្បៈខ្ញុំមានជម្លោះតិចតួចជាមួយក្រុមការងារ។ ក្រោយរៀបការរួច ខ្ញុំនឹងចូលសិល្បៈវិញហើយ។ ចំណែកប្រពន្ធខ្ញុំ ក៏គាត់មិនថាអ្វីដែរ"។
ទាក់ទងនឹងការប្រឡូកចូលវិស័យខាងលើវិញ ប្រជាប្រិយភាព កើនឡើង ឬយ៉ាងណា ពិទូ អះអាងថាមិនខ្វល់ឡើយ សំខាន់លោកនៅស្រលាញ់ និងមានចិត្តចង់បណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ និងឆ្លៀតពេលទំនេរជួយការងាររកស៊ីប៉ារបស់លោក។
យ៉ាងណាមិញក្រោយ រៀបការរួចថ្មោងថ្មី ប្តីប្រពន្ធគូនេះមិនទាន់មានគម្រោងទៅ ក្រេបទឹកឃ្មុំនៅកន្លែងណានោះទេ ព្រោះរវល់ជាមួយការងាររកស៊ី។ នេះបើតាមការលើកឡើងពី ថៃ នរៈពិទូ។
អតីត Freshie Boy លេខ១ រូបនេះបញ្ជាក់ថា លោកត្រូវបានទស្សនិកជន ស្គាល់ខ្លាំងតាមរយៈរឿង "អ្វីៗខ្ញុំធ្វើដើម្បីស្នេហា" និងរឿង "ពិសស្នេហ៍"៕
អត្ថបទ៖ ថា ម៉ាលីដា