សិល្បៈ​តន្ត្រី​ខ្មែរ​ប្ដូរ​ពី​ចម្លង​បទ​ភ្លេង មក​ចម្លង​ក្បាច់​រាំ​ពី​គេ?

  • 2016-04-12 21:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បាន​ឆ្លង​កាត់​សម័យ​កាល​ដែល​ទទួល​រង​ការ​រិះគន់​ដូច​ព្យុះ​រឿង​ចម្លង​បទ​បរទេស ដោយ​ផលិតកម្ម​នានា​ងាក​មក​ប្រឹង​និពន្ធ​បទ Original Song វិញ​នោះ មហាជន ចាប់​ផ្ដើម​សម្គាល់​ថា បទ​ចម្រៀង​ខ្មែរ​មួយ​ចំនួន​បាន​ប្ដូរ​មក​ចម្លង​ចង្វាក់​រាំ ជំនួស​បទ​ភ្លេង​វិញ។ តើ​ពិត​ជា​អីចឹង​មែន?

 

ចង្វាក់​រាំ ដែល​ប្រិយមិត្ត​ដក់​ចិត្ត​ថា ផលិត​កម្ម​ចម្រៀង​ក្នុង​ស្រុក​នានា បាន​ចម្លង​តាម​ប្រទេស​ជិត​ខាង​នោះ គឺ​របៀប​រាំ​ដែល​មាន​កាយ​វិការ​គ្រវីគ្រវាត់ ច្រងេងច្រងាង​ដែល​គេ​ឃើញ​មាន​ក្នុង​បទ​ចម្រៀង​​ប្រភេទ​បទ​ញាក់​ភាគ​ច្រើន សម្រាប់​រាំ​លេង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ ដែល​ចេញ​ដោយ​ផលិតកម្ម​ក្នុង​ស្រុក​នានា។ផ្នែក​ខ្លះ​នៃ​ក្បាច់​រាំ​ដែល​ជាប់​មន្ទិល​នេះ មាន​ក្នុង​បទមួយ​ចំនួន​ដូច​ជា "បែក​ស្លុយ" របស់​សាន់ដេ "មិន​មែន​ក្រ​ទេណា" របស់​ថោន និង​ "ក្បាច់​រាំ​បែក​ស្លុយ​" របស់​​ហង្សមាសជា​ដើម។

 

កាយ​វិការ​រាំ​ក្នុង​បទ "ឡូយ​កប់​លូ" របស់ ពេជ្រ សោភា

 

ជា​អ្នក​និយម​ស្ដាប់​ចម្រៀង និង​វីដេអូ​ចម្រៀង​ក្នុង​ស្រុក​កន្លង​មក ប៉ាន់ សុធី វ័យ ២១​ប្រាប់​ថា លោក​សម្គាល់​ឃើញ​ថា ការ​រាំ​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​នៅ​ឆ្នាំ​នេះ រាំ​ប្លែក​ៗ។ សុធី ថ្លែង “ពី​មុន​មក​ឃើញ​មាន​ដែរ គេ​រាំ​សប្បាយ​របៀប​យើង​ធម្មតា​ៗ តែ​ឆ្នាំ​ហ្នឹង​ដូច​ជា​ប្លែក​បន្តិច ដូច​ច្រងេងច្រងាង​ជាង​មុន ហើយ​តាម​ខ្ញុំ​គិត គឺ​ដូច​នឹង​ក្បាច់​រាំ​ដែល​ខ្ញុំ​ឃើញ​ពួក​ថៃ​គេ​ថត​បង្ហោះ​ក្នុង Facebook"។

 

“មើល​ទៅ ដូច​ក្បាច់​របស់​គេ​មែន​តើ តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ថា យើង​ចម្លង​គេ ឬ​គេ​ចម្លង​យើង។" រតនៈ អ្នក​បញ្ចូល​បទ​ភ្លេង​នៅ​ម្ដុំ​លូ​ទឹក​ស្អុយ ថ្លែង។ បុរស​វ័យ ២៤ បន្ត​ថា ចំណុច​មួយ​ទៀត​ដែល​លោក មិន​ហ៊ាន និង​ពិបាក​កំណត់ ថា​អ្នក​ណា​ចម្លង​អ្នក​ណា គឺ​ក្បាច់​រាំ​បទ​ញាក់ ដូច​ជា​គ្មាន​ក្បួន​ខ្នាត​ច្បាស់​លាស់​ផង។ "មិន​ដឹង​កំណត់​ម៉េច បើ​ញាក់ គឺ​ម្នាក់​ៗ ទាំង​យើង​ទាំង​គេ ចាក់​ក្បាច់​រៀង​​តែ​​ខ្លួន ពេល​ខ្លះ​យើង​ដូច​គេ ពេល​ខ្លះ គេ​ដូច​យើង​ដែរ​ហ្នឹង!”។

 

ទោះ​យ៉ាង​នេះ​ក្ដី ផាន សុផនរ៉ាឌី បុគ្គលិក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​មួយ បញ្ចេញ​ទស្សនៈ​ថា ក្បាច់​រាំ​ទាំង​នោះ គឺ​ពិត​ជា​មាន​ចំណែក​ចម្លង​ពី​គេ​ពិត​មែន។ រ៉ាឌី ថ្លែង​ថា "តិច​ច្រើន គឺ​ចម្លង​ពី​គេ​មែន​ហ្នឹង វា​មិន​ជួន​ពេក​ទេ បន្ទាប់​ពី​គេ​រាំ​អីចឹង យើង​ក៏​រាំ​អីចឹង​ដែរ។ បាន​ជា​ខ្ញុំ​ថា​អីចឹង ព្រោះ​ផលិតកម្ម​ទាំង​អស់ ចាំ​តែ​មើល​អី​ល្បី​លើ Facebook គេ​ធ្វើ​ភ្លាម ព្រោះ​គេ​គិត​ថា បទ​របស់​គេ​នឹង​ល្បី​ដេរ"។

 

 

កាយ​វិការ​រាំ​ក្នុង​បទ "មិន​មែន​ក្រ​ទេ​ណា" របស់​ ថេរ៉ាយុ

 

ចំពោះ​បញ្ហា​នេះ លោក ប៊ុន រតនា ហៅ សេម អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​ថោន ថ្លែង​ថា ផលិតកម្ម​របស់​លោក គ្មាន​គោលការណ៍​ចម្លង​បទ​រាំ​ពី​ប្រទេស​ជិត​ខាង​ឡើយ អ្វី​ដែល​ទស្សនិកជន​លើក​ឡើង​ចំពោះ​បទ "មិនមែន​ក្រ​ទេ" គឺ​នោះ គ្រាន់​តែ​ជា​ឈុត​ក្រៅ​ផ្លូវ​ការ​មួយ​ប៉ុណ្ណោះ។ "ចំពោះ​បទ មិន​មែន​​ក្រ​ទេ ដែល​ចេញ​មុន​នោះ គ្រាន់​តែ​ជា Cover តើ...បទ​ផ្លូវ​ការ​អត់​មាន​រាំ​អីចឹង​ទេ។ ក្រុម​ហ៊ុន​គ្មាន​គោលការណ៍ ចម្លង​ក្បាច់​រាំ​តាម​ប្រទេស​ណា​ទេ មាន​តែ​ខំ​បង្កើត​ថ្មី"។

 

ទោះ​យ៉ាង​ណា លោក ទទួល​ស្គាល់​ដែរ ថា​អាច​មាន​ចន្លោះ​ប្រហោង​ខ្លះ សម្រាប់​ការ​ថត​បទ​ញាក់ ដោយ​សារ​តែ​តួ​សម្ដែង រាំ​តាម Style ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដែល​ពេល​ខ្លះ ពិបាក​នឹង​គ្រប់​គ្រង។

 

ងាក​មក​លោក កៅ សីហា អ្នក​ដឹកនាំ​សម្ដែង​របស់​ផលិតកម្ម​រស្មី​ហង្សមាស​វិញ បាន​ប្រាប់​ស្រដៀង​គ្នា​ដែរ​ថា ពួក​លោក​ក៏​គ្មាន​គោល​ការណ៍​បែប​នោះ​ដែរ។ លោក​ថា "ចំពោះ​ក្បាច់​រាំ គឺ​យើង​ព្យាយាម​បង្កើត​ថ្មី​ៗ ទាំង​តារា​ចម្រៀង អ្នក​រាំ​អម ឬ​តួ Background អី​ក៏​ដូច​គ្នា​ដែរ បើ​មាន​តួ​ណា​រាំ​ខុស​ពី​ក្បាច់​យើង ឬ​ដូច​ថៃ យើង​ប្រាប់​ឲ្យ​ដូរ​ភ្លាម មិន​អីចឹង​ទេ ក៏​យើង​កាត់​ចោល​ដែរ ឧទាហរណ៍​ដូច​ក្បាច់​រាំ​បទ​រាំ​ញី​កែង​ជើង​អីចឹង បើ​ទាំង​អស់​គ្នា​រាំ​ញី​កែង​ជើង​បាន​យើង​យក បើ​អត់​កាត់​ចោល"។

 

 

កាយ​វិការ​រាំ​ក្នុង​បទ "បែក​ស្លុយ" របស់​នាយ​ចើម

 

មិន​ខុស​គ្នា​ដែរ អ្នក​ដឹកនាំ​សម្ដែង​ផលិតកម្ម​សាន់ដេ លោក មករា ខូល ប្រាប់​ថា អ្វី​ដែល​ផលិតកម្ម​បាន​ធ្វើ គឺ​បត់​បែន​ទៅ​តាម​សម័យ​កាល និង​តម្រូវ​តាម​ចិត្ត​ទស្សនិកជន​ដែល​ចង់​បាន​ចង្វាក់​រាំ​លេង​សប្បាយ​ក្នុង​ឱកាស​ពិសេស​ដូច​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ចំពោះ​ក្បាច់​រាំ​ញាក់​នោះ លោក​ថា ផ្អែក​ទៅ​លើ​ចរិត​របស់​បទ​ភ្លេង​ដែរ ហើយ​បទ​ភ្លេង​នេះ​ទៀត​សោត ទាំង​ខ្មែរ​ទាំង​ថៃ គឺ​មាន​សភាព​ដូច​គ្នា។

 

“យើង​អាច​និយាយ​បាន​ថា ដូច​ញុំា​បាយ​អីចឹង ញុំា​បាយ គឺ​ដាក់​ចូល​ក្នុង​មាត់​ហើយ ដល់​ចរិត​បទ​ភ្លេង​ក៏​អីចឹង គឺ​ពេល​ខ្លះ​ដូច​ៗ​គ្នា និង​ត្រូវ​រាំ​អីចឹង យើង​ក៏​មាន ថៃ​ក៏​មាន ស្រដៀង​ៗ​គ្នា មិន​អាច​កំណត់​ថា អ្នក​ណា​ចម្លង​អ្នក​ណា​ទេ"។

 

យ៉ាង​ណា​ក្ដី លោក​ទទួល​ស្គាល់​ថា ពេល​ខ្លះ​មិន​អាច​គ្រប់​គ្រង​១០០%​ដែរ ចំពោះ​ការ​រាំ​ក្បាច់​ញាក់ ពិសេស​កាលៈទេសៈ ដែល​ចាំ​បាច់​ត្រូវ​ការ​ចូល​រួម​គំនិត(បង្កើត​ក្បាច់​រាំ)របស់​អ្នក​សម្ដែង​នោះ ព្រោះ​ថា លោក​ម្នាក់​ឯង​ក៏​នឹក​មិន​ឃើញ​អស់​ក្បាច់​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រាំ មាន​ច្រើន​ Style ច្រើន​ក្បាច់​ ហើយ​ពេល​ខ្លះ​ក៏​ដូច​គេ​ខ្លះ​ៗ​ដូច្នេះ៕

 

ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា?

 

អត្ថបទ៖ ទារិកា