ស៊ីម៉ាក់​មាន​ទំនុក​ចិត្ត​អាច​ទុក គួច ដានី ​ឱ្យ​នៅ​បន្ត​បាន

  • 2016-04-18 17:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួច ដានី ដែល​កំពុង​ផ្ញើ​ខ្លួន​លេង​ឱ្យ​ក្លឹប​ស៊ីម៉ាក់​បណ្ដោះអាសន្ន​ ធ្លាប់​បាន​និយាយ​ថា​រូបគេ​អាច​នឹង​ចាកចេញ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​នេះ​ឬ​រដូវ​កាល​ក្រោយ ដោយ​អាច​នឹង​ស្វែង​រក​ក្លឹប​នៅ​កម្ពុជា​ឬ​ត្រូវ​ទៅ​ប្រទេស​ថៃ។ ទន្ទឹម​នឹង​នេះ​ដែរ លោក កែវ ណារិន ​គ្រូ​ជំនួយ​ក្រុម​ស៊ីម៉ាក់​ឆ្លើយ​តប​នឹង​ការ​អះអាង​នេះ​ថា លោក​មាន​វិធី​ដើម្បី​រក្សា​កីឡាករ​ល្អ​ម្នាក់​នេះ​ឱ្យ​នៅ​ជាមួយ​លោក​បាន​ក្នុង​រដូវ​កាល​ក្រោយ។

 

គួច ដានី

 

លោក កែវ ណារិន ​បាន​បង្ហាញ​ហេតុផល​ថា​ លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ ដានី ​ហើយ​រូបគេ​ក៏​តែងតែ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​ស្នើ​សុំ​ដែរ។ ត្បិតតែ​ស៊ីម៉ាក់​មិន​បាន​ផ្ដល់​អ្វី​ច្រើន​ដល់​រូបគេ (ប្រាក់​ឈ្នួល) ​ប៉ុន្តែ​លោក ណារិន ​មាន​ទំនុក​ចិត្ត​ថា​ មនោសញ្ចេតនា ការ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​អាច​ជា​កត្តា​ធំ ​ជំរុញ​ចិត្ត​របស់​អតីត​ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន​នេះឱ្យ​នៅ​ជាមួយ​ស៊ីម៉ាក់​បន្ត​​បាន។

 

គួច ដានី ​ក្រោយ​ពី​ក្រោន​មិន​បន្ត​កុងត្រា​ឱ្យ​កាល​ពី​រដូវ​កាល​មុន ​បាន​ចាកចេញ​ទៅ​ធ្វើ​តេស្ដ​នៅ​ប្រទេស​ថៃ​ជាមួយ​ក្លឹប​នៅ​ទីនោះ​មួយ​រយៈ ប៉ុន្តែ​រូបគេ​មិន​បាន​ជាប់​ចូល​លេង​នៅ​ក្លឹប​ណាមួយ​នោះ​ទេ ដោយ​ត្រូវ​ត្រលប់​មក​កម្ពុជា ហើយ​ផ្ញើ​ខ្លួន​ជា​មួយ​ក្រុម​ស៊ីម៉ាក់ ដោយ​មាន​លោក កែវ ណារិន ជា​អ្នក​ទទួល​យក​រូបគេ។

 

ចូល​លេង​ឱ្យ​ស៊ីម៉ាក់​បាន​ប៉ុន្មាន​ប្រកួត​មក​នេះ ដានី ​មាន​ទម្រង់​លេង​ល្អ​ទាក់​ចិត្ត​គ្រូ​បង្វឹក ហើយ​ក៏​សហការ​គ្នា​បាន​ល្អ​ផង​ដែរ​ជាមួយ​សមាជិក​ដទៃ​ទៀត ដែល​ធ្វើ​ឱ្យ​មាន​ការ​សរសើរ​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ក្រុម​ដែល​ទើប​បង្កើត​ឡើង​មួយ​នេះ ដោយ​រំពឹង​​ថា​រូបគេនឹង​ជួយ​ក្រុម​​បាន​ច្រើន​៕

 

អត្ថបទ៖ មុន្នី រម្យ