យ៉ាងគួ រំភើប​ចិត្ត​ពេល​បាន​ឈ្នះ​ពាន​ក្រៅ​ប្រទេស​លើក​ដំបូង

  • 2014-10-27 17:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិង្ហបុរី Christopher Lee ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ជា​តួ "យ៉ាងគួ" បាន​សម្ដែង​ការ​រំភើប​ជា​ខ្លាំង សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​ធំ Best Actor Awards ពី​កម្មវិធី Golden Bell Awards ដែល​បាន​រៀប​ចំ​​លើក​ទី​៤៩ នៅ​​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

Lee បាន​ឈ្នះ​ពាន​រង្វាន់​នេះ​សម្រាប់​ការ​សម្ដែង​​តួ​ឯក​ក្នុង​រឿង "A Good Wife” កាល​ពី​ឆ្នាំ​២០១៣ ដែល​ក្នុង​រឿង​នោះ តារា​ដែល​មាន​កំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី​រូប​នេះ បាន​សម្ដែង​ជា​តួ​បុរស​ម្នាក់​ដែល​ជោគជ័យ​ក្នុង​ជីវិត​ការងារ​ប៉ុន្តែ​មាន​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

 

តារា​វ័យ ៤៣​ឆ្នាំ​រូប​នេះ បាន​អរគុណ​​ជាពិសេស​ដល់​ភរិយា​របស់​គេ​គឺ​តារា​សម្ដែង Fann Wong ដែល​តែងតែ​លើក​ទឹក​ចិត្ត​គេ និង​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ប្រុស​អាយុ ២​ខែ​កន្លះ របស់​គេ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ទៀត​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​បាន​ឈ្នះ​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ Lee បាន​និយាយ​ថា "ខ្ញុំ​មាន​លាភ​ច្រើន​ណាស់​បន្ទាប់​ពី​កូន​ខ្ញុំ​បាន​កើត​មក។ ប្រសិន​បើ​អ្នក​គិត​ថា​ចង់​បាន​កូន សូម​កុំ​ពន្យារ​ពេល​អី"។

 

តារា​សិង្ហបុរី​ជា​ច្រើន​នាក់​រួម​មាន Zheng Geping, Rayson Tan, Chris Tong, Ian Fang, Pronsak, Patricia Mok និង Zhang Zhen Huan ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់ Lee ដែរ តាម​រយៈ​បណ្ដាញ​សង្គម ស្រប​ពេល​ដែល​ភរិយា​របស់​គេ​ Fan Wong បាន​បង្ហោះ​រូប​កូន​ប្រុស​ពួក​គេ​ដោយ​សរសេរ​ភ្ជាប់​ថា សូម​ឲ្យ​ Lee នាំ​ពាន​រង្វាន់​មក​ផ្ទះ​មក​ដើម្បី​​ទុក​ឲ្យ​កូន​លេង។

 

​Christoper Lee និង Fann Wong (តួ សៀវឡុងនី) បាន​រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០០៩។ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤ Fann Wong ក៏​បាន​សម្រាល​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ ដោយ​ដាក់​ឈ្មោះ​ថា Zed ៕

 

អានអត្ថបទ៖ ប្លែក​ទៀត​ហើយ…សុទ្ធ​តែ​កូរ៉េ​ច្រៀង​បទ​ខ្មែរ “ហូលីដេ” ពីរោះ​ណាស់!!!

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ channelnewsasia
អត្ថបទពេញនិយម