បុណ្យ​៧​ថ្ងៃកវី គង្គ ប៊ុនឈឿន រៀប​ចំ​ដោយ​សិល្បករ ឈាន​មក​ដល់​ថ្ងៃ​ទី​២

  • 2016-04-23 15:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

លោក គង្គ ប៊ុនឈឿន ដែល​អនិច្ចកម្ម​នៅ​បរទេស​ដោយ​សារ​ជំងឺ​មហារីក ហើយ​ធាតុ​មិន​ទាន់​មក​ដល់​ប្រទេស​កំណើត​ផង​នោះ ត្រូវ​បាន យុវជន និង​សិល្បករ​ជំនាន់​ក្រោយ​មួយ​ក្រុម រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ខួប​៧​ថ្ងៃ​ជូន ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​រសៀល​ម្សិលមិញ បន្ត​រហូត​មក​ដល់​ព្រឹក​នេះ។

 

 

  ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​បុណ្យ៧​ថ្ងៃ ឧទ្ទិស​ជូន​កវី គង្គ ប៊ុនឈឿន

 

តាម ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​កម្មវិធី​បុណ្យ​នេះ​ឡើង បាន​ប្រាប់​ភ្នាក់ងារSabayឲ្យ​ដឹង​ថា បើ​ទោះ​មិន​មាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​កវី​ម្ចាស់​សង្កែ តែ​ពួក​លោក​សម្រេច​រៀប​ចំ​ពិធី​បុណ្យ​នេះ​ឡើង ដោយ​សារ​ការ​គោរព និង​មោទនភាព​ចំពោះ​ស្នាដៃ​ជា​ច្រើន​ដែល​ព្រឹទ្ធាចារ្យ​បន្សល់​ទុក​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ ដែល​ស្ទើរ​តែ​មួយ​ឆាក​ជីវិត​របស់​គាត់​ ជា​អ្នក​និពន្ធ បាន​លះបង់​ក្នុង​បុព្វហេតុ​ការ​តែង​និពន្ធ និង​លើក​ស្ទួយ​អក្សរសិល្ប៍​ខ្មែរ។

 

"យើង​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សម្ដែង​ការ​ដឹង​គុណ និង​គោរព​ចំពោះ​វីរភាព​របស់​លោក​តា ដែល​លោក​តា​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​រាប់​មិន​អស់​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​អ្នក​ជំនាន់​គាត់​ផ្ទាល់"។

 

តាម​អ្នក​ផ្ដួចផ្ដើម​គំនិត​ដដែល​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់​ផ្ដើម មាន​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ  ហើយ​កម្មវិធី​បុណ្យ គឺ​មាន​រយៈ​ពេល​២​ថ្ងៃ រាប់​ចាប់​ពី​រសៀល​ម្សិលមិញ ដោយ​មាន​​ការ​សម្ដែង​សិល្បៈ​ដូច​ជា​ការ​ច្រៀង​ចម្រៀង​ចាស់​ៗ​ដែល​និពន្ធ​ដោយ​លោក គង្គ ប៊ុនឈឿន ផ្ទាល់ ការ​លេង​ចាប៉ី​ដង​វែង នៅ​ទីធ្លា​ទល់​មុខ​វត្ត​កណ្ដាល​នៅ​ក្បែរ​នឹង​ទី​តាំង​អនុស្សាវរីយ៍​ម្លប់​ដូង​ទី​១០​របស់​លោក​កវី​ផង។

 

 

ចំណែក​នៅ​ព្រឹក​នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​បែប​សាសនា​មាន​រាប់​បាត្រ បង្សុកូល វេរស្លា​ដក់​ប្រគេន​ព្រះសង្ឃ និង​ចុង​ក្រោយ​មាន​ការ​ដាក់​កម្រង​ផ្កា​ជា​កិច្ច​បង្ហើយ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង៧ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​១១។

 

ពិធី​បុណ្យ​ខាង​លើ ត្រូវ​បាន​សហការ​រៀប​ចំ​ដោយ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នគររាជ ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ មូលធិនិ​កុមារ​សាវិនកម្ពុជា និង​កសិករ​ឡាយហ្វ៍អ៊ិនវេសម៊ិន។សិល្បករ​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​មាន​ដូចជា លោក សាវិន ហ្វីលីព លោក សាន ផានិត លោក ហ្សូណូ លោក យឹង យន អ្នក​ស្រី​ថន សីម៉ា ចំណែក​សិល្បករ​មួយ​ចំនួន​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់ មាន​ដូច​ជា​លោក អ៊ាម វន្នី និង លោក ហេង ពិទូ ជាដើម ក៏​បាន​ចូល​រួម​ជា​បច្ច័យ​ផង​ដែរ៕

 

អត្ថបទ៖ ហួន ទីណារ័ត្ន