កូន​ខ្មែរទាំង ៣ រូប​ល្បីល្បាញ​ក្នុង​ភាពយន្ត Hollywood ព្រោះ​សម្ដែង​ឈុត​គ្រោះ​ថ្នាក់

  • 2016-04-26 13:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​កូន​ខ្មែរ ៣ នាក់​ហើយ ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​ភាពយន្ត​បរទេស​ដោយ​សារ​តែ​ពួក​គេ​ហ៊ាន​សម្ដែង​ជា​តួ Stunt ក្នុង​ឈុត​វាយតប់ ឬ​ហក់លោត​ប្រថុយ​គ្រោះ​ថ្នាក់​ជា​ទី​បំផុត។

 

 

ហ្សង់ ប៉ូលី ( Jean-Paul Ly)៖ ជា​តារា​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង​វ័យ ៣៣ ឆ្នាំ ធ្លាប់​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន​របស់​ហូលីវូដ​ក្នុង​នាម​ជា​តួ​វាយ​តប់។ ឆាប់ៗ​នេះ​រូប​គេ​នឹង​មក​ចូលរួម​សម្ដែង​ក្នុង​រឿង" Jailbreak” នៅ​ប្រទេស​កម្ពុជា​របស់​ផលិតកម្ម​កងចក្រ​ផង​ជាមួយ​តារា​ខ្មែរ​ដទៃ​ទៀត ក្នុង​តំណែង​ជា​តួ​វាយ​តប់​ដូច​គ្នា ដែល​ជា​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​បាន​បង្ហើយ​ការងារ​សម្ដែង​នៅ​ទ្វីប​អឺរ៉ុប។ ​

 

 

ចាន់ ម៉ូរីស ( Maurice Chan)៖ មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​វ័យ ៤០ ឆ្នាំ​ហើយ​សព្វ​ថ្ងៃ​ជា​ប្រធាន​ក្រុម Cascade Demo។ លោក​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​វាយ​តប់​ជា​ច្រើន​ជា​មួយ​តារា​ល្បីៗ​ដូច​ជា Jack Ly, Rambo ជា​ដើម។ ​បច្ចុប្បន្ន ម៉ូរីស កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ការ​សម្ដែង​ភាពយន្ត និង​សិក្សា​ពី​គម្រោង​បើក​កន្លែង​បង្ហាត់​ហក់លោត​ក្លាយ​ជា​តួ Stunt នៅ​ទី​នេះ។

 

ណុប ដារ៉េន (Daren Nop)៖ ក៏​ជា​សមាជិក​ក្រុម Cascade Demo ដែរ ហើយ​ធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​ភាពយន្ត​មាន​ចំណង​ជើង​ថា" Lucy” ទទួល​បាន​ការ​ពេញ​និយម​ពេញ​ពិភព​លោក​ដោយ​រក​ចំណូល​បាន​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ លោក​បាន​ប្រាប់​មក​កាន់ Sabay ថា នោះ​ជា​ភាពយន្ត​ខ្នាត​ធំ​ចុង​ក្រោយ​មួយ ដែល​លោក​បាន​ចូលរួម​សម្ដែង​ឱ្យ​​ក្រុម Stunt របស់​លោក Jakie Chan(ឈិន ឡុង) និង​តួ Stunt អាមេរិក​ផ្សេង​ទៀត៕

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម