នេះនែ! ខ្លឹមសារ​​សង្ខេប​រឿង "ប៉ុបពីទៅហូលីវូដ"

  • 2016-05-03 18:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "ប៉ុបពីទៅហូលីវូដ" រៀប​រាប់​ពី​សាច់​រឿង​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ មុន្នី ដែល​ជីវិត​ពេញ​ដោយ​បាបកម្ម ការ​កុហក និង​ការ​បោកប្រាស់។ ដោយសារ​ជំពាក់​បំណុល​គេ​ច្រើន ហើយ​ជីវិត​កាន់​តែ​​ទាល់​ច្រក មុន្នី បាន​សុំ​ជំនួយ​ពី​បង​ប្រុស​តែ​មួយ​គត់​របស់​ខ្លួន។ បញ្ហា​ត្រង់​ថា បង​ប្រុស​របស់​មុន្នី ឈ្មោះ លែនណា បែរ​ជា​បុរស​កែ​ភេទ ​ធ្វើ​​ការ​ជា​អ្នក​រាំ​នៅ​ក្នុង​​បា​មួយ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទៅវិញ ។

 

 

ដោយ​ត្រូវ​សង​បំណុល​ដល់​ថៅកែ​ក្លឹប​វិញ មុន្នី បង្ខំចិត្ត​ធ្វើ​ការ​ជា​បុគ្គលិក​អនាម័យ​នៅ​ក្លឹប​នោះ​ រហូត​អាច​សង​បំណុល​ទាំង​អស់ ។ មុន្នី ឆ្លង​កាត់​ពេល​វេលា​ដ៏​សែន​ពិបាក ព្រោះ​គេ​ស្អប់​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​ក្រុម​មនុស្ស​កែ​ភេទ។ យប់​មួយ​ ពេល​ដែល​កំពុង​យក​សំរាម​ទៅ​ចោល​នៅ​ខាង​ក្រោយ​ក្លឹប មុន្នី បាន​ឃើញ​គេ​សម្លាប់​ភ្ញៀវ​ក្លឹប​ម្នាក់។

 

បន្ត​ពី​នោះ បេសកកម្ម​តាម​សម្លាប់​បំបិទ​មាត់របស់​ក្រុម​សង្គម​ងងឹត លើ​ មុន្នី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ ក៏​ចាប់​ផ្ដើម។ ដោយ​សារ​ភ័យ​ខ្លាច​ស្លាប់​ និង​មិន​ដឹង​ថា​ត្រូវ​ទីណា​នោះ មុន្នី បាន​គេច​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ចុង​ក្រោយ​បាន​​ទៅ​ដល់​ខេត្ត​ព្រះវិហារ ហើយ​ដើម្បី​កុំ​ឲ្យ​គេ​រក​ឃើញ មុន្នី ត្រូវ​គេ​តែងខ្លួន​ឲ្យ​ក្លែង​ធ្វើ​ជា​បុរស​ភេទ​ទី៣។ ដំណើរ​រឿង​យ៉ាង​ណា​ទៀត បញ្ចប់​ទៅ​ដោយ​របៀប​ណា សូម​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​នា​ថ្ងៃ​ទី ០៥ ឧសភា ខាន​ស្អែក​នេះ...!!!

 

 

ខ្សែភាពយន្ត​រឿង "ប៉ុបពីទៅ​ហូលីវូដ" និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈ​ពេល​ជិត១០ឆ្នាំ​​មក​ហើយ។

 

ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ និង​បើក​សម្ពោធ​នៅ​ថ្ងៃ​​ទី៤ ឧសភា ស្អែក​នេះ នេះ​នៅ​ជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន ដោយ​ក្នុង​កម្មវិធី​​នោះ តារា​សម្ដែង​​ដែល​ចូល​រួច​​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​​នេះ​នឹង​មាន​វត្តមាន​ទាំង​អស់។ បទ "ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ "រៀប​ការ​នឹង​បង​បាន​ទេ” ​មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។

 

 

រឿង "ប៉ុបពីទៅ​ហូលីវូដ" ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ។

 

បន្ទាប់​ពី​បើក​សម្ពោធ  រឿង "ប៉ុបពីទៅ​ហូលីវូដ"  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី  ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា