Peypey Dy តែងខ្លួនស្រី និងកម្មវិធីកម្សាន្តច្រើនទៀត មាននៅ AEON Mall រសៀលនេះ
- 2016-05-04 16:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Peypey Dy តែងខ្លួនស្រី និងកម្មវិធីកម្សាន្តច្រើនទៀត មាននៅ AEON Mall រសៀលនេះ
ចន្លោះមិនឃើញ
នៅម៉ោង៣.៣០នាទីរសៀលនេះ នៅជាន់ផ្ទាល់ដីនៃ ផ្សារទំនើបអ៊ីអន និងមានការចាក់បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” នៅរោងភាពយន្តទំនើប Major Cineplex by Cellcard ផ្សារទំនើប AEON Mall ដោយនៅក្នុងកម្មវិធីនេះ Peypey Dy រួមជាមួយតារា៣ នាក់ផ្សេងទៀត និង តុបតែងខ្លួនជាស្រី ដើម្បីចូលរួមបើសម្ពោធភាពយន្តខ្នាតធំមួយនេះ សម្ពោធនេះ។
តារា៣នាក់ផ្សេងទៀត ដែលចូលរួមតែងខ្លួនជាស្រីមាន Nita Mimi និង Poppy ដោយពួកគេជាតារាសម្ដែងនៅក្នុងខ្សែភាពយន្តខាងលើតែម្ដង។ តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី ភ្ញៀវដែលត្រូវបានអញ្ជើញមានប្រហែលជាង៣០០នាក់ ដែលភាគច្រើនត្រូវបានអញ្ជើញតាមរយៈអ្នកឧបត្ថម្ភការផលិតខ្សែភាពយន្តនេះ និងតាមរយៈតារាសម្ដែង។ ទន្ទឹមគ្នានោះដែរ ទស្សនិកជន ក៏អាចមកទស្សនាពិធីបើកសម្ពោធនេះដោយសេរីផងដែរ។
កម្មវិធី នឹងចាប់ផ្ដើមពីម៉ោង ៣រសៀលតទៅ ដោយមានការសម្ដែង និងកម្មវិធីសប្បាយៗជាច្រើន ដែលចូលរួមដោយសិល្បករ និងភ្ញៀវកិត្តិយស។ លុះដល់ម៉ោង ៧យប់ ភាពយន្ត "ប៉ុបពីទៅហូលីវូដ" នឹងត្រូវចាក់បញ្ចាំងជូនទស្សនា។
រឿង "ប៉ុបពីទៅហូលីវូដ" គឺជាខ្សែភាពយន្តមួយ និយាយពីមនុស្សភេទទី៣មួយក្រុម ត្រូវបានសង្គមរើសអើង លាយឡំដោយឈុតឆាកកំប្លែង និងមនោសញ្ចេតនាស្នេហា។ ចុងបញ្ចប់នៃសាច់រឿងនេះ ប្រកបដោយពុទ្ធិនៃការជំរុញឲ្យសង្គមបានទទួលស្គាល់ និងរាប់រកក្រុមមនុស្សភេទទី៣ តាមរយៈការតស៊ូអត់ធ្មត់របស់ពួកគេ ។
ផ្នែកសំខាន់នៃសាច់រឿង «ប៉ុបពីទៅហូលីវូដ» បានជូនជាគំនិតដល់អ្នកទស្សនាឲ្យដឹងច្រើនថែមទៀតពីអ្វីដែល សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្សភេទពីរ និងមនុស្សកែភេទ) ដែលកម្ពុជាកំពុងជួបប្រទះ និងចង់ឲ្យអ្នកទស្សនាយល់ថា អ្នកទាំងនោះ គឺមនុស្សធម្មតាដែលកើតមកមានចរិតធម្មជាតិរបស់ពួកគេ ហើយមិនអាចផ្លាស់ប្ដូរបាន។ ក្នុងនោះដែរ សាច់រឿង ក៏បានបង្ហាញពីការលើកកម្ពស់តម្លៃស្ត្រី និងសមភាពយេនឌ័រទៀតផង។
តារាដែលចូលរួមសម្ដែងក្នុងរឿងនេះមាន ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និងតារាកិត្តិយសជាច្រើននាក់ទៀត។ រសៀលនេះ បទ “ចាស់ជូរអែម” របស់រាជនីសំឡេងមាស រស់ សិរីសិទ្ធា និងបទ “រៀបការនឹងបងបានទេ” មេឡូឌីថ្មី ក៏ត្រូវយកមកច្រៀង ក្នុងថ្ងៃបើកសម្ពោធនេះផងដែរ។
រឿង “ប៉ុបពីទៅហូលីវូដ” ផលិតឡើង ក្រោមការសហការគ្នា រវាងក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និងក្រុមហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្តខ្នាតធំមួយនេះ ប្រើពេលផលិតជិត១ឆ្នាំមកហើយ ដោយការចំណាយ ទាំងការធ្វើទីផ្សារផងនោះ អស់ខ្ទង់ជិត១០ម៉ឺនដុល្លារអាមេរិកឯណោះ។
បន្ទាប់ពីបើកសម្ពោធនៅរសៀលនេះ រឿង “ប៉ុបពីទៅហូលីវូដ” នឹងបើកឲ្យទស្សនិកជនចូលទស្សនាចាប់ពីថ្ងៃទី៥ ខែ ឧសភា នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ក្នុង ប្រទេសកម្ពុជា ឡាវ និងឥណ្ឌូណេស៊ី ក្នុងថ្ងៃតែមួយតែម្ដង។
បន្ថែមលើនេះ ប្រទេស វៀតណាម មីយ៉ាន់ម៉ា និង ទីម័រខាងកើត ក៏គ្រោងទទួលភាពយន្តមួយនេះចាក់បញ្ចាំងផងដែរ។ ការនាំយកភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅក្រៅប្រទេសនេះ គឺមានការសម្របសម្រួលដោយក្រុមហ៊ុន PUPRUM ENTETANMENT៕
អត្ថបទ៖ ខុត សីហា