ទស្សនិកជន​ថា បើ​ទិញ​សំបុត្រ​មើល​រឿង “ប៉ុបពីទៅហូលីវូដ” មិន​​ស្ដាយ​លុយ​ទេ!

  • 2016-05-05 16:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “ប៉ុបពីទៅហូលីវូដ” បាន​បើក​សម្ពោធ​រួច​ហើយ​​កាល ពី​ល្ងាច​ម្សិល​មិញ​នៅនៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall  អ្នក​ទស្សនា​បាន​សរសេរ​គ្រប់ៗ​គ្នា​ថា ពិត​ជា​ល្អមើល​មិន​ស្ដាយ​ប្រាក់​ក្នុង​ការ​ទិញ​សំបុត្រ​ឡើយ។

 

 

 

លោក ឯម រាម បណ្ឌិត​​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ​​ត្រូវ​បាន​​អ្នក​រៀបចំ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” ​នេះ បន្ទាប់​ពី​បាន​ទស្សនា​រួច បាន​និយាយ​ប្រាប់​សប្បាយ​ថា ​ខ្សែភាពយន្ត​មួយ​នេះ​ពិត​ជា​ល្អ​មើល ហើយ​មាន​គុណភាព​ខ្លាំង បើ​ប្រៀបធៀប​ទៅ​លើ ​ខ្សែភាពយន្ត​ខ្មែរ​ដែល​លោក ​ធ្លាប់​ទស្សនា​កន្លង​មក។

 

លោក​ថា ខ្លឹមសារ​នៃ​សាច់​រឿង​​គឺ​មាន​ភាព​ទាក់​ទាញ ហើយ​ការ​សម្ដែង​របស់​តួអង្គ​ក៏​ល្អ​ខ្លាំង ដែល​​ធ្វើ​ឲ្យ​អ្នក​​ទស្សនា ទប់​សំណើច​មិន​បាន គឺ​សើច​តាំង​ពី​ដើម​ទី រហូត​ដល់​ទី​បញ្ចប់។ "វា​ជា ​Concept ​ថ្មី ជ្រុង​បែប​ហ្នឹង​អត់​ទាន់​អ្នក​ធ្វើ​ទេ វា​ជា​របត់​ថ្មី​មួយ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ខ្ញុំ​គាំទ្រ អ្នក​ដឹក​យើង​ក៏​ពូកែ​រើស​តួ​ដាក់​ទៀត" បណ្ឌិត​​ច្នៃ​ម៉ូដ​លើក​ឡើង។

 

 

ស្រដៀង​គ្នា​នេះ​កញ្ញា ស្រីណែត  បុគ្គលិក​​មក​ពី​ក្រុមហ៊ុន​ឯក​ជន​មួយ ​​​ត្រូវ​បាន​ក្រុម​​ការងារ​នៃ​រឿង​ខាង​លើ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere បាន​លើ​កឡើងដែរ​​ថា កញ្ញា ស្រលាញ់​ប្លង់២​​ខ្លាំង​ជាង​គេ គឺ ត្រង់ ​Peypey Dy ឌឺដង​តួឯក​ប្រុស លោក អ៊ិន សិទ្ធា ​រហូត​ដល់​ទី​បញ្ចប់ ដោយ​ហៅ "​អា" ​ពេញៗ​មាត់ និង​ត្រង់​ចំណុច  លោក  អ៊ិន សិទ្ធា តែង​ខ្លួន​ជា​ស្រី ចូល​គេង​ជា​មួយ ​កញ្ញា ឌុច លីដា យក​ពិល​ដល់​ពី២ ដាក់​តាម​ខ្លួន។  ស្រីណែត សើច​ហើយ​និយាយ​ថា "រឿង​ហ្នឹង អ្នក​ទិញ​សំបុត្រ​មើល ដឹង​ថា មិន​ស្ដាយ​លុយ​ទេ​សើច​រហូត "។

 

លោក សុធី ដែល​ជា​អ្នក​ថត​រូប​ម្នាក់ មក​ទស្សនា​ការ​ដាក់​បញ្ចាំង Premiere ​នៃ​​ខ្សែភាពយន្ត​ខាង​លើ​ផង​ដែរ​នោះ បាន​​លើក​ឡើង​ថា​រឿង “ប៉ុបពីទៅហូលីវូដ”  ពិត​ជា​ល្អ​អាច​ទទួល​យក​បាន​ បើ​ប្រៀបធៀប ​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត។ លោក​ថា កន្លង​មក​រឿង​ខ្មែរ​មួយ​ចំនួន ទស្សនិកជន​មក​ទស្សនា តែង​រអ៊ូ​​ថា មិន​ល្អ​មើល ហើយ​ស្ដាយ​ពេលវេលា និង​លុយ​ក្នុង​ការ​ទិញ​សំបុត្រ តែ​បើ​រឿង “ប៉ុបពីទៅហូលីវូដ” លោក​បាន​វាយ​តម្លៃ​ថា អ្នក​ចូល​មក​ទស្សនា ច្បាស់​ជា​មិន​ស្ដាយ​ប្រាក់​នោះ​ឡើយ។

 

 

រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​តស៊ូ​ជាមួយ​នឹង​ការ​រើស​អើង​ពី​​សង្គម​រើសអើងរហូត​ទទួល​បាន​ជោគជ័យ លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។

 

ផ្នែក​សំខាន់​នៃ​សាច់​រឿង​ "ប៉ុបពីទៅ​ហូលីវូដ"​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។

 

តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។  កញ្ញា ឌុច លីដា និង លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​នេះ។

 

 

ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទស្សនិកជន​​​អាច​អញ្ជើញ​​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗនៅ​រាជធានី ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ប្រទេស ឡាវ និង​ឥណ្ឌូណេស៊ី ក៏​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ដូច​គ្នា ក្រោម​​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT។

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា