បវរកញ្ញា Miss Global 2015 ៤រូបបានមកដល់កម្ពុជាហើយ
- 2016-05-06 16:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញា Miss Global 2015 ៤រូបបានមកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
បវរកញ្ញា Miss Global 2015 ៤រូប ក្នុងនោះមានខ្មែរម្នាក់ផង បានមកដល់ប្រទេសកម្ពុជាហើយកាលពីយប់មិញ សម្រាប់បេសកកម្មចូលរួមតន្ត្រីសប្បុរសធម៌មួយ។
(រាប់ពីឆ្វេង) កញ្ញា Virginia Prak កូនខ្មែរ-អាមេរិកាំង ជយលាភីលេខ២ កញ្ញា Jessica Peart ជនជាតិអូស្ត្រាលីជយលាភីលេខ១ និងកញ្ញា Lorna Murphy ជនជាតិអៀរឡង់ជយលាភីលេខ៣ Miss Global 2015
តាមលោក អៀង ស៊ីធុល អតីតប្រធានសមាគមសិល្បករខ្មែរ ដែលជាអ្នកនាំដំណើរ បវរកញ្ញា Miss Global 2015 ទាំង៤រូបមកកម្ពុជាលើកនេះប្រាប់ថា ដើមឡើយក្នុងផែនការមានចំនួន៥រូបគឺ ម្ចាស់ជយលាភី Miss Global 2015 កញ្ញា Jessica Peart ជយលាភីលេខ២ Virginia Prak ដែលជាកូនខ្មែរ-អាមេរិកាំង ជយលាភីលេខ៣ Lorna Murphy បេក្ខនារីរបស់ប្រទេសអៀរឡង់ រួមទាំងបេក្ខនារី ប៊ុលហ្គារី និង ហ្វីលីពីន ទៀត។
ប៉ុន្តែជាក់ស្ដែងមកបានតែ៤ រូបប៉ុណ្ណោះ ព្រោះបវរកញ្ញាតំណាងប្រទេសហ្វីលីពីន បានអវត្តមានដោយសារមានធុរៈ។ "ពួកគេមកតែ៤ទេ ក្នុង៣នាក់ចុះយន្តហោះនៅភ្នំពេញយើងនេះ ឯម្នាក់ទៀតជាជនជាតិប៊ុលហ្គារី គាត់បានចុះនៅសៀមរាប ហើយឥឡូវយើងកំពុងទំនាក់ទំនងទៅនាង"។ លោក អៀង ស៊ីធុល បន្ថែម។
ក្រោយមកដល់កម្ពុជា បវរកញ្ញា Miss Global 2015 ទាំង៤រូប នឹងចូលរួមការប្រគំតន្ត្រីមួយដែលនឹងត្រូវចាប់ផ្ដើមនៅល្ងាចថ្ងៃអាទិត្យទី ០៨ ឧសភា ២០១៦ នេះនៅសាលសន្និសីទចតុមុខចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់។ សំបុត្រចូលទស្សនា មានតម្លៃចាប់ពី ១០ដុល្លារទៅ ១៥ដុល្លារ។
លោក អៀង ស៊ីធុល បញ្ជាក់ថា ថវិកា១០០%បានពីការប្រគំតន្ត្រីចូលរួមដោយ បវរកញ្ញា Miss Global 2015 នឹងបែងចែកជា២ផ្នែក គឺទី១ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងទី២ផ្ដល់ជូនទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕
អត្ថបទ៖ ទារិកា