Man Utd អាចស៊ី West Ham ឡើង Top 4 បានអត់យប់នេះ?
- 2016-05-10 23:27:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd អាចស៊ី West Ham ឡើង Top 4 បានអត់យប់នេះ?
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United នឹងដំណើរទៅកីឡដ្ឋាន Upton Park ប៉ះក្រុមញញួរយក្ស West Ham ក្នុងការប្រកួត Premier League បង្គ្រប់សប្ដាហ៍ទី៣៧ នៅវេលាម៉ោង០១:៤៥នាទីយប់នេះ។
Man Utd ត្រូវការឈ្នះដាច់ខាត ដើម្បីយកតំណែងលេខ៤ ពីក្រុម Manchester City នៅយប់នេះ និងដើម្បីបានលេង UEFA Champions League រដូវកាលក្រោយ ប៉ុន្តែ West Ham ក៏ត្រូវការ៣ពិន្ទុដូចគ្នា ដើម្បីសង្ឃឹមបានកៅអីលេង UEFA Europa League និងដើម្បីពិធីលាកីឡដ្ឋាន Upton Park ឬ Boleyn Ground រយៈពេល១១២ឆ្នាំផងដែរ មុនពេលពួកគេចាកចេញទៅកីឡដ្ឋានថ្មី Olympic Stadium នៅរដូវកាលក្រោយ។
សម្ដីអ្នកចាត់ការ៖
លោក Slaven Bilic
Slaven Bilic អ្នកចាត់ការក្រុម West Ham៖ "វានឹងក្លាយជាការប្រកួតដ៏ធំ ដោយសារមានហេតុផលពីរបីយ៉ាង។ ហេតុផលទី១ គឺវាជាការប្រកួតចុងក្រោយរបស់យើងនៅ Upton Park ហើយវាពិតជាការប្រកួតដ៏ពិសេស ទាំងអារម្មណ៍ក្ដុកក្ដួល ព្រោះទីនេះប្រៀបដូចជាផ្ទះរបស់យើង...យើងនឹងនឹកកីឡដ្ឋាននេះ។ មួយវិញទៀត វាក៏ជាការប្រកួត ដើម្បីរកពិន្ទុដ៏សំខាន់ទាំងក្រុមយើង និង Man Utd ផងដែរ”។
លោក Louis van Gaal
Louis van Gaal អ្នកចាត់ការក្រុម Man Utd៖ "យើងត្រូវតែឈ្នះប្រកួតនេះ ព្រោះបើពុំនោះទេ យើងគ្មានឱកាសបាន Top 4 ឡើយ។ នោះជាសម្ពាធមួយ សម្រាប់ពួកយើង ប៉ុន្តែយើងនឹងប្រយុទ្ធដល់ទីបំផុត។ West Ham ជាក្រុមល្អ ហើយយើងពិតជាសំណាងណាស់ ដែលអាចឈ្នះពួកគេនៅ FA Cup”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ West Ham គ្មានកីឡាករណារបួសថ្មីគួរឲ្យបារម្ភទេ ពោលគឺអវត្តមានតែអ្នកចាំទីដៃទី១ Adrian ប៉ុណ្ណោះ ដោយសាររបួសកំភួនជើង ប៉ុន្តែអ្នកចាំទីដៃទី២ Darren Randolph នឹងរ៉ាប់រងតំណែងនេះ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមញញួរយក្ស អាចជា៖ Randolph; Antonio, Reid, Ogbonna, Cresswell; Kouyate, Noble, Sakho, Lanzini, Payet; Andy Carroll។
រីឯក្រុមភ្ញៀវ Man Utd នឹងអវត្តមានខ្សែការពារ Matteo Darmian (របួសកជើង) និងខ្សែបម្រើ Marouane Fellaini (ជាប់ពិន័យ) ខណៈដែលខ្សែប្រយុទ្ធ Anthony Martial ស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារបញ្ហារបួសសរសៃពួរ កាលឈ្នះ Norwich។ ដូច្នេះ១១នាក់ដំបូង របស់បិសាចក្រហម អាចជា៖ De Gea; Valencia, Smalling, Blind, Rojo; Schneiderlin, Carrick, Lingard, Rooney, Mata និង Rashford។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
១៤ប្រកួតចុងក្រោយនៅ Premier League ក្រុមបិសាចក្រហម មិនដែលចាញ់ West Ham ទេ (ឈ្នះ១១, ស្មើ៣)។
ប៉ះគ្នាលើកចុងក្រោយនៅ Premier League រដូវកាលនេះកាលនៅ Old Trafford ស្មើគ្នា ០-០ ប៉ុន្តែជំនួបចុងក្រោយនៅ FA Cup កាលខែមុន បិសាចក្រហមឈ្នះ ២-១។
West Ham មិនអាចរកគ្រាប់បានសោះ ចំនួន៨ប្រកួត ពេលប៉ះ Man Utd ១៣ដងនៅ Premier League លើកចុងក្រោយ។
Wayne Rooney របស់ Man Utd ស៊ុត West Ham ១១គ្រាប់ ក្នុង១៥ប្រកួតនៅ Premier League លើកចុងក្រោយ៕
ព្យាករគូនេះគឺ៖ West Ham ១-២ Manchester United , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc