ក្រុមហ៊ុនប្រព័ន្ធបច្ចេកវិទ្យាល្បីឈានមុខគេនៅថៃ True IDC មកដល់កម្ពុជាហើយ
- 2016-05-13 17:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនប្រព័ន្ធបច្ចេកវិទ្យាល្បីឈានមុខគេនៅថៃ True IDC មកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន True IDC (Internet Data Center) ដែលឈានមុនគេនៅថៃលើសេវា Cloud Computing និងសេវា Data Center សម្រាប់គាំទ្រ និងជំរុញអាជីវកម្មឲ្យកាន់តែរីកចម្រើនតាមរយៈការផ្ដល់ជូននូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា បានឈានជើងចូលក្នុងទីផ្សាកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៥ ហើយកំពុងតែធ្វើការផ្សព្វផ្សាយពីសេវារបស់ខ្លួនទៅកាន់អតិថិជន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ក្នុងឱកាសសិក្ខាសាលា ចែករំលែកបទពិសោធន៍ពីសេវា Cloud Computing នៅភ្នំពេញ លោក លី លាន់ ប្រធានផ្នែកលក់ និងពាណិជ្ជកម្មនៃក្រុមហ៊ុន True IDC ប្រចាំកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនជាច្រើននៅកម្ពុជាពិសេស គឺគ្រឹះស្ថានហិរញ្ញវត្ថុ កំពុងមានតម្រូវការបច្ចេកវិទ្យាខ្លាំងដើម្បី អភិវឌ្ឍខ្លួន និងពង្រីកអាជីវកម្ម ដែលជាធម្មតាការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ត្រូវចំណាយពេលជាច្រើនខែ តែតាមរយៈសេវា Cloud របស់ក្រុមហ៊ុនលោក គឺត្រូវចំណាយពេលតែប្រមាណមួយខែប៉ុណ្ណោះ។
លោក Kevin Kai-Man Inn ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន True IDC អន្តរជាតិ ក៏បានលើកឡើងក្នុងឱកាសនោះដែរថា ក្រុមហ៊ុនលោកមានជំនឿចិត្តក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ អតិថិជនក្នុងកម្ពុជា។
លោកបញ្ជាក់ថា "ភាពលេចធ្លោរបស់សេវា True IDC សម្រាប់កម្ពុជា មាន ៣ ធំៗ ទី១ គឺភាពជំនាញខ្ពស់ និងការផ្ដោតការយកចិត្តដាក់ខ្លាំងលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគុណភាពខ្ពស់ ទី២ ការផ្ដល់ជូននូវទស្សនវិស័យលំដាប់អន្តរជាតិ ដោយក្រុមហ៊ុន True IDC ជាដៃគូរបស់ក្រុមហ៊ុនធំល្បីៗក្នុងពិភពលោក លើការផ្ដល់សេវា Cloud ដូចជា Google Microsoft និង Amazon និង ទី៣ បុគ្គលិករបស់ True IDS នៅកម្ពុជា គឺជាជនជាតិខ្មែរដែលយល់យ៉ាងច្បាស់ពីកម្ពុជា"។
បច្ចុប្បន្ន នៅកម្ពុជា ក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ ទ្រូម៉ាន់នី (True Money) គឺជាអតិថិជនដែលកំពុងតែប្រើប្រាស់សេវាបច្ចេកវិទ្យារបស់ក្រុមហ៊ុន True IDC នេះ ដោយមានប្រព័ន្ធសុវត្ថិភាព និងដំណើរការអនុវត្តតាមស្តង់ដារ គុណភាពខ្ពស់បំផុត និងវិញ្ញាបនបត្រស្តង់ដារ ISO ចំនួន ៥ ទទួលស្គាល់ជាអន្តរជាតិ៕
អត្ថបទ៖ លីដា