កក្រើកយប់នេះ! Liverpool ឬ Sevilla លើកពាន UEFA Europa League?
- 2016-05-18 21:21:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកយប់នេះ! Liverpool ឬ Sevilla លើកពាន UEFA Europa League?
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool របស់អង់គ្លេស នឹងប៉ះក្រុម Sevilla របស់អេស្ប៉ាញ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប UEFA Europa League វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន St Jakob Park ទីក្រុង Basel ប្រទេសស្វីស នាវេលាម៉ោង ០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
Sevilla ជាក្រុមការពារតំណែងជើងឯក ធ្លាប់លើកពាននេះ៤ដង និងលើក២រដូវកាលជាប់ៗគ្នាចុងក្រោយ។ រីឯ Liverpool ក៏ធ្លាប់លើកពាននេះបាន៣ដងផងដែរ ខណៈដែលលើកចុងក្រោយ ឈ្នះតាំងពីឆ្នាំ២០០១។ ក្រុមទាំង២នេះ មិនដែលចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់នេះដូចគ្នា ដូច្នេះចាំមើលថាយប់នេះ តើក្រុមណានៅបន្តភាពខ្លាំង អាចលើកពានលំដាប់ទី២នៅអឺរ៉ុបនេះបាន?
សម្ដីអ្នកចាត់ការ៖
Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយមុនប្រកួតនេះថា៖ "ខ្ញុំបានមកដល់ទីនេះ (Basel) ព្រោះខ្ញុំមានជំនឿចិត្តលើកីឡាកររបស់ខ្ញុំ។ រយៈពេលដែលយើងមិនអាចឈ្នះពាននៅមិនយូរទេ ដរាបណាយើងខំព្យាយាម។ យើងដឹងច្បាស់ពីមហិច្ឆតារបស់អ្នកគាំទ្រយើង។ យើងដឹងច្បាស់ថា ពួកគេចង់បានពាននេះប៉ុនណា។ ខ្ញុំពេញចិត្តណាស់ ដែលបានរួមចំណែកក្នុងក្រុមនេះ ដើម្បីប្រែក្លាយសុបិនរបស់ពួកគេ ក្លាយជាការពិត។ ខ្ញុំសូមសន្យាថា យើងនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីលើកពាននេះ”។
Unai Emery អ្នកចាត់ការក្រុម Sevilla បានលើកឡើងថា៖ "អ្វីដែលយើងសម្រេចបាន ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាអស្ចារ្យ ប៉ុន្តែយើងមិនអាចបញ្ឈប់ត្រឹមនេះទេ។ Liverpool ជាក្រុមមួយ ក្នុងចំណោមក្រុមខ្លាំងបំផុតលើលោកទាំង១០។ ពួកគេមានប្រវត្តិអស្ចារ្យ ពួកគេធ្លាប់លើកពាន UEFA Champions League ៥ដង។ ប៉ុន្តែកីឡាកររបស់យើងទាំងអស់ មានលក្ខណៈពិសេស ហើយយើងត្រូវតែលេងឲ្យបានល្អបំផុតទល់នឹងពួកគេ និងផ្ដោតអារម្មណ៍ខ្លាំងបំផុត”។
ជើងកីឡាករ៖
ហង្សក្រហម ពុំមានកីឡាករណារបួសបន្ថែមគួរឲ្យបារម្ភទៀតទេ ក្រៅពី Joe Gomez របួសជង្គង់ និង Mamadou Sakho ជាប់បម្រាម។ រីឯប្រធានក្រុម Jordan Henderson និងខ្សែប្រយុទ្ធ Divock Orig អាចត្រឡប់មកហ្វឹកហាត់បានវិញហើយ សង្ឃឹមថានឹងអាចជួយក្រុមបានខ្លះយប់នេះ។ ដូច្នេះ១១នាក់ដំបូងរបស់ Liverpool អាចជា៖ Mignolet; Clyne, Lovren, Touré, Moreno; Can, Milner; Lallana, Firmino, Sturridge, Coutinho។
រីឯក្រុម Sevilla នឹងអវត្តមានខ្សែការពារ២នាក់គឺ Michael Krohn-Dehli និង Benoît Trémoulinas របួសជង្គង់ដូចគ្នា។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមម្ចាស់ជើងឯក អាចជា David Soria; Mariano, Rami, Carriço, Escudero; Krychowiak, N'Zonzi; Coke, Banega, Vitolo; Gameiro។
ប្រវត្តិជួបគ្នា និងស្ថិតិ៖
ព្យាករគូនេះគឺ៖ Liverpool ៣-១ Sevilla , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA