កុក​ បុរិស​ថា​ ភ្នំពេញ​ក្រោន​​ចាញ់​​ AE​U​ ​យប់​មិញ​បណ្តាល​មក​ពី​​កំហុស​របស់​​គេ​​​

  • 2016-05-23 21:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​ការពារ​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៦​សម័យ​​ភ្នំពេញ​ក្រោន​ កីឡាករ កុក បុរិស បាន​ទម្លាក់​កំហុស​មក​លើ​ខ្លួន​ឯង​​ជុំ​វិញ​ការ​ប្រកួត​ដែល​ភ្នំពេញ​ក្រោន​ចាញ់​ក្រុម​បាត​តារាង​អាស៊ីអឺរ៉ុប២-០ នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ សប្ដាហ៍​ទី៨កាលពី​ម្សិល​មិញ។

 

 

ខ្សែ​ការ​ពារ​កូន​កាត់​ខ្មែរ-បារំាង​ កុក បុរិស​ សរសេរ​លើ​Facebook របស់​ខ្លួន​ថា​ បរាជ័យ​កាល​ពី​យប់​មិញ គឺ​មិន​សំដៅ​​លើ​ក្រុម​ទេ​ គឺ​សំដៅ​មក​លើ​រូប​លោក​តែ​ម្នាក់​គត់។ ចាប់​តាំង​ពី​រូប​គេ​ប្រកប​អាជីព​បាល់ទាត់​​នៅ​​ប្រទេស​កម្ពុជា​ ​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​ដែល​រូប​គេ​​បង្ហាញ​ទម្រង់​លេង​ដ៏​អន់​បំផុត មិន​ធ្លាប់​មាន​​កន្លង​មក។

 

«ប្អូន​ៗ​របស់​ខ្ញុំ បាន​ប្រឹង​ប្រែង​លេង​អស់​ពី​សមត្ថភាព​របស់​ពួកគេ​​ តែ​​​ខ្ញុំ​​​ធ្វេស​ប្រហែស​ ដែល​បណ្ដាល​​​ឲ្យ​​ក្រុម​គេ​ទាត់​ចូល​ទី​បាន​២​គ្រាប់ ហើយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​អាម៉ាស់​ខ្លាំង»។ ប្រធាន​​ក្រុម​​រូប​នេះ​បាន​សរសេរ​ និង​បញ្ជាក់​ថា​ រយះ​ពេល​៣​ឆ្នាំ​កន្លះ​​ ​ក្នុង​នាម​ជា​កីឡាករ​ ក៏​ដូច​ជា​ប្រធាន​ក្រុម​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ រូប​គេ​មិន​អាច​បង្ក​កំហុស​បាន​ទៀត​ឡើយ​ ហើយ​ថែម​ទាំង​ប្ដេជ្ញា​ដឹក​នាំ​ក្រុម​បង្ហាញ​ទម្រង់​លេង​​ឲ្យ​​បាន​ល្អ​ប្រសើរ​គ្រប់​ការ​ប្រកួត​ ពី​ព្រោះ​នេះ​ជា​មេរៀន​ដែល​រូប​គេ​ត្រូវ​​រៀន​សូត្រ​។

 

«ប្រកួត​នេះ​មិន​ត្រឹម​តែ​ជា​ការ​ចាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ការ​បង្ហាញ​ទម្រង់​លេង​ជា​ចម្បង​ ហើយ​ខ្ញុំ​នឹង​ទទួល​យក​ការ​រិះគន់​ និង​រ៉ាប់​រង​នៅ​រដូវ​កាល​មិន​ល្អ​របស់​យើង​នេះ» ។ កុក បូរីស និយាយ​ ។

 

ក្រុម​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូណាយធីត បាន​ស្គាល់​រសជាតិ​ឈ្នះ​ជា​លើក​ដំបូង​ក្នុង​​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​២០១៦ ​ក្រោយ​ដំណើរ​ការ​ត្រឹម​៨​សប្ដាហ៍​មក​នេះ​ ពោល​គឺ​ក្រោយ​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ និង​ជា​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន ២-០ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៦ ​លើ​ទីលាន​កីឡដ្ឋាន RSN។ កីឡាករ​ Afanwi បាន​រក​គ្រាប់​បាល់​ទាំង​២​គ្រាប់​ឱ្យ​អាស៊ី​អឺរ៉ុប៕

 

អត្ថបទ៖ មួន សុគន្ធតារា​

អត្ថបទថ្មី