ប្រធានក្រុមភ្នំពេញក្រោន កុក បុរិស ប្រកាសដកខ្លួនពីជម្រើសជាតិ
- 2016-05-24 20:13:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមភ្នំពេញក្រោន កុក បុរិស ប្រកាសដកខ្លួនពីជម្រើសជាតិ
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះខ្សែការពារ និងជាប្រធានក្រុមភ្នំពេញក្រោន កុក បុរិស បានប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិកម្ពុជាដោយលើកឡើងពីបញ្ហាផ្ទាល់ខ្លួន។
ប្រធានភ្នំពេញក្រោន កុក បុរិស ដែលមានឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាដែរនោះមិនបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិឡើយ និងបានប្រកាសដកខ្លួនចេញពីជម្រើសជាតិ។ កីឡាករកូនកាត់ខ្មែរ-បារាំងបានសរសេរលើ Facebook របស់ខ្លួនថា អ្នករាល់គ្នានឹងពិបាកចិត្តដែលរូបគេសម្រេចមិនចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដោយសារបញ្ហាផ្ទាល់ខ្លួន។
កុក បុរិសបាននិយាយថា ៖«ខ្ញុំអាចនិយាយបានថា នេះដោយសារតែខ្ញុំស្រលាញ់កម្ពុជា និងប្រជាជននៅប្រទេសរបស់ខ្លាំងដែលខ្ញុំធ្វើការសម្រេចបែបនេះ»។ កីឡាកររូបនេះបញ្ជាក់ថា ក្តីសុបិនរបស់គេបានរលត់បាត់ហើយ ហើយសង្ឃឹមថា អ្នករាល់គ្នាយល់ដែលរូបគេជាមនុស្សពិបាកចិត្តបំផុតចំពោះការសម្រេចនេះ ពីព្រោះរូបគេអាចលះបង់ជីវិតដើម្បីប្រទេសមួយនេះបាន។ រូបគេសង្ឃឹមថា នាពេលអនាគតមានរឿងជាច្រើននឹងផ្លាស់ប្តូរដើម្បីជោគជ័យសម្រាប់ប្រទេសកម្ពុជា។
ការប្រកាសដកខ្លួននេះកើតឡើង បន្ទាប់ពីរូបគេទើបតែបានលើកឡើងកាលពីថ្ងៃច័ន្ទកន្លងទៅថា ភ្នំពេញក្រោនទទួលរងបរាជ័យ២-០ ដោយថ្វីជើងក្រុមអាស៊ីអឺរ៉ុបបណ្តាលមកពីកំហុសរបស់គេ។ ការប្រកាសដកខ្លួននេះជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់អ្នកគាំទ្រដែលចង់ឃើញរូបគេបង្ហាញខ្លួននៅក្រុមជម្រើសជាតិ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទើបចាប់ផ្តើមហ្វឹកហាត់កាលពីម្សិលមិញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ដើម្បីត្រៀមប្រកួតមិត្តភាពនឹងក្រុមទីម័រខាងកើតមុនពេលធ្វើដំណើរទៅជួបក្រុមកោះតៃវ៉ាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Cup។
អត្ថបទ៖ ជាន ចាន់រ៉ា