ផ្ទៃមុខមានស្នាមច្រើនពេក DJ ខេក រត់ទៅកែសម្ផស្ស
- 2016-05-26 16:09:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទៃមុខមានស្នាមច្រើនពេក DJ ខេក រត់ទៅកែសម្ផស្ស
ចន្លោះមិនឃើញ
DJ ខេក បានប្រាប់ឲ្យដឹងថា ផ្ទៃមុខរបស់ខ្លួនកន្លងមក មានមុន និងស្នាមសម្លាកច្រើនកន្លែង ហើយថ្មីៗនេះ លោកបានសម្រេចទៅកែសម្ផស្សនៅមជ្ឈមណ្ឌលកែសម្ផស្សមួយ ។
DJ ខេក ប្រាប់ថា ផ្ទៃមុខរបស់លោក មានមុន និងស្នាមសម្លាកជាច្រើនឆ្នាំមកហើយ តែកន្លងមកមិនធ្លាប់ទៅកែសម្ផស្សម្ដងណាឡើយ គឺទើបតែសម្រេចចិត្តកាលពីពេលថ្មីៗនេះ។ មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តទៅកែសម្ផស្សដូចតារាស្រីៗមួយចំនួន ក៏ព្រោះតែគិតថា ខ្លួនជាតារាត្រូវការស្អាត ជាប្រយោជន៍មួយលើការងារសិល្បៈបច្ចុប្បន្នដែរ។
DJ ខេក បានប្រាប់ទៀតថា ខ្លួនកែតែលើផ្ទៃមុខប៉ុណ្ណោះ ចំពោះចង្កា ក៏ដូចជាក្ដោងច្រមុះ មិនបានកែឡើយ ។ ចំពោះតម្លៃវិញ លោកប្រាប់ថា អស់ច្រើនគួរសម ប៉ុន្តែដោយស្គាល់ និងរាប់អានម្ចាស់គ្លីនិកច្រើនឆ្នាំ ហើយមានភាពស្និទ្ធស្នាលផងនោះ ខាងគ្លីនិកបានបញ្ចុះតម្លៃឲ្យជាពិសេស តែលោកសូមមិនបញ្ចេញតម្លៃឡើយ។
DJ រូបនេះបានលើកឡើងថា ចាប់តាំងពីមកទទួលការព្យាបាលលើផ្ទៃមុខរបស់ខ្លួនមក មានភាពប្រែប្រួលច្រើន មុនដែលធ្លាប់តែមានលើផ្ទៃមុខចាប់ផ្ដើមក្រាប ហើយចំណែកស្នាមសម្លាក ក៏ចាប់ផ្ដើម រាបបណ្ដើរៗផងដែរ។ លោក រំពឹងថា ប្រើពេលមិនយូរទៀតទេ ផ្ទៃមុខរបស់ខ្លួន និងស្អាតដូចការរំពឹងទុកជាក់ជាមិនខាន៕
អត្ថបទ៖ ខុត សីហា