ហេតុអ្វីសិស្សភាគច្រើនមិនចង់រៀនកសិកម្ម?
- 2014-10-28 22:22:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីសិស្សភាគច្រើនមិនចង់រៀនកសិកម្ម?
ចន្លោះមិនឃើញ
ក្រោយប្រលងជាប់ទី ១២ សិស្សត្រូវជ្រើសរើសមុខជំនាញដើម្បីរៀននៅមហាវិទ្យាល័យ ហើយជំនាញ ដែលគេតែងសង្កេតឃើញសិស្សនិយមជ្រើសយកគឺ ភាសាអង់គ្លេស វិស្វកម្ម សេដ្ឋកិច្ច ព័ត៌មានវិទ្យា គណនេយ្យ ពេទ្យជាដើម។ ពួកគេភាគច្រើនតែងមើលរំលងមុខវិជ្ជាកសិកម្ម មិនសូវមានអ្នកចាប់អារម្មណ៍រៀនប៉ុន្មានទេ។
ដូច្នេះ តើហេតុអ្វីបានជាសិស្សមិនចង់ជ្រើសរៀនជំនាញកសិកម្មពេលរៀននៅមហាវិទ្យាល័យ ?
យុវជន ឃុត ស៊ីយ៉ា សិស្សវិទ្យាល័យឫស្សីកែវទើបប្រលងជាប់បាក់ឌុប បាននិយាយថា សិស្សភាគច្រើនមិនចូលចិត្តការដាំដុះ ហើយទស្សនៈមួយទៀតពួកគាត់គិតថា រៀនកសិកម្មចេញមកវិញដឹងតែធ្វើស្រែ ឬចិញ្ចឹមសត្វអីមិនខាន។ គាត់មិនចូលចិត្តការងារបែបនេះទេ ព្រោះគាត់ចង់សិក្សាជំនាញណាដែលធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ។ សិស្សខ្លះគិតថារៀនជំនាញនេះមិនល្អ មិនអាចរកការងារធ្វើបានស្រួល។ ម្យ៉ាងវាពិបាករកសាលាផង ព្រោះសាលាល្បីខ្លះៗ អត់មានមុខវិជ្ជានេះទេ ច្រើនតែធនាគារ ទំនាក់ទំនងអន្តរជាតិ គណនេយ្យប៉ុណ្ណោះ។
សម្រាប់យុវសិស្ស សាន ចាន់ថន ទើបបញ្ចប់ទុតិយភូមិម្នាក់ដែរ បញ្ចេញយោបល់ថា រៀនមុខវិជ្ជានេះត្រូវធ្វើការក្រោមកម្ដៅថ្ងៃ អាចធ្វើឲ្យបាក់កាលីប និងមិនត្រូវចំណង់ចំណូលចិត្តដែលស្របនឹងសម័យបច្ចុប្បន្នរបស់យុវវ័យ។
ចាន់ថនបន្តថា ៖ "សម្រាប់ខ្ញុំ ក៏មិនស្រលាញ់ដែរ ព្រោះមុខវិជ្ជានេះ មិនស្រួលរៀនប៉ុន្មានទេ វាបញ្ចេញកម្លាំងខ្លួនឯងច្រើន ត្រូវទៅចុះផ្ទាល់នៅតាមចម្ការ" ។
ស្រដៀងគ្នានេះដែរ កញ្ញា ឡា ផានីកា អាយុ១៩ឆ្នាំ សិស្សទី១២និយាយថា ៖ "ខ្ញុំអត់មានចំណូលចិត្ត អត់មាននិស្ស័យខាងហ្នឹងទាល់តែសោះ ។ ថ្វីត្បិតតែវាអាចជួយជីវភាពសង្គមបានពេលរៀនចប់ក៏ពិតមែន តែអត់សូវចាប់អារម្មណ៍ខាងហ្នឹងផង" ។
ប្រធានផ្នែកទីផ្សានៃក្រុមហ៊ុន ANUSSA ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការសិក្សា និង អាហារូបករណ៍ លោក ឃៀង ពេជ្រវិសាល បានប្រាប់ Sabay ថា មានកត្តាពីរដែលជំរុញសិស្សមិនចង់រៀនមុខវិជ្ជាកសិកម្មគឺខ្លួនគាត់ផ្ទាល់ និងមជ្ឈដ្ឋានជុំវិញពិសេសក្រុមគ្រួសាររបស់គាត់។
ភាគច្រើននៅពេលគេនិយាយពីកសិកម្ម ឪពុកម្ដាយមួយចំនួនតែងយល់ច្រឡំថាកសិកម្មគឺធ្វើស្រែធ្វើចម្ការ គាត់មិនបានដឹងថាមុខវិជ្ជានេះជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលទាក់ទងនឹងការផលិតគ្រាប់ពូជ ឬជំនាញសេដ្ឋកិច្ចកសិកម្មអ្វីផ្សេងៗនោះទេ។ ដូច្នេះនៅពេលគាត់គិតផ្ដោតសំខាន់តែលើការធ្វើស្រែចម្ការ ឥចឹងគាត់មិនចង់ឲ្យកូនរៀនជំនាញនេះឡើយព្រោះគាត់គិតថាប្រសិនកូនរៀនមុខវិជ្ជានេះច្បាស់ជារៀនចប់ ធ្វើស្រែចម្ការតាមខេត្តមិនខាន។ គាត់ចង់ឲ្យកូនធ្វើការនៅការិយាល័យម៉ាស៊ីនត្រជាក់ឬការងារផ្សេងៗច្រើនជាង ដូច្នេះគាត់មិនជំរុញកូនឲ្យទៅរៀនផ្នែកនេះឡើយ។
រូបតំណាង
ម្យ៉ាងទៀត សិស្សដែលទើបចេញពីវិទ្យាល័យភ្លាមៗ គាត់អត់ដឹងពីព័ត៌មាននេះច្បាស់ ព័ត៌មានដែលគាត់ទទួលបាននៅមានកម្រិត គាត់អត់បានដឹងថាតើអត្ថប្រយោជន៍នៃកសិកម្មវាមានអ្វីខ្លះ ហើយនៅក្នុងនោះមានធាតុផ្សំអីខ្លះក្នុងជំនាញកសិកម្ម ហើយលឺគេតៗគ្នាថារៀនកសិកម្មចេញមកទៅធ្វើស្រែ ដូច្នេះគាត់មិនចង់រៀននោះទេ គាត់ចង់រៀនមុខវិជ្ជាផ្សេង។
មូលហេតុមួយទៀតទីផ្សារការងារ គឺក្រុមហ៊ុនដែលធ្វើការទាក់ទងនឹងកសិកម្មនៅមានកម្រិតនៅឡើយ ម្ល៉ោះហើយពួកគាត់គិតថាទំហំទីផ្សាការងារវានៅកម្រិតតូច ដូចនេះគាត់មិនចាប់អារម្មណ៍ឡើយ៕
ប្រិយមិត្តអ្នកអានយល់ថា នៅមានចំណុចអ្វីខ្លះទៀតធ្វើឲ្យសិស្សមិនចង់រៀនកសិកម្ម?
សូមអាន៖ មកពីគិតថាស្រណុក ទើបនិស្សិតសម្រុកចង់ធ្វើការនៅធនាគារ?
អត្ថបទ៖ លឹម សុនា