មកពីគិតថាស្រណុក ទើបនិស្សិតសម្រុកចង់ធ្វើការនៅធនាគារ?
- 2014-10-27 17:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីគិតថាស្រណុក ទើបនិស្សិតសម្រុកចង់ធ្វើការនៅធនាគារ?
ចន្លោះមិនឃើញ
និស្សិតមួយចំនួនហាក់ចាប់អារម្មណ៍ខ្លាំងជាមួយការងារនៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ស្ដែងឲ្យឃើញតាមរយៈការចាប់សាកសួរនិងដាក់ពាក្យទៅ កាន់ស្តង់ពិព័រណ៍ការងារផ្សេងៗ។ តើមកពីមូលហេតុអ្វី ទើបការងារនៅស្ថាប័នទាំងនេះពេញនិយមសម្រាប់យុវវ័យ?
រូបតំណាង
កញ្ញា សុភ័ណ្ឌវិជ្ជរ៉ា អតីតនិស្សិតនៅសាកលវិទ្យាល័យមួយ បានឲ្យដឹងថា កញ្ញារៀនមុខងារគណនេយ្យ ដែលមុខជំនាញនេះក៏ត្រូវជាមួយការងារនៅធនាគារដែរ។ ម្យ៉ាងទៀត ធនាគារក៏ជាកន្លែងធ្វើការមួយ មានលក្ខណៈថ្លៃថ្នូរ និងមិនសូវប្រើកម្លាំង ស័ក្ដិសមសម្រាប់មនុស្សស្រីដូចកញ្ញា។
វិជ្ជរ៉ា បានបន្ថែមថា៖ “មិនមែនមកពីយល់ថាការងារនៅធនាគារស្រណុកនោះទេ គឺមកពីជំនាញដែលខ្ញុំរៀនត្រូវនឹងជំនាញនេះ”។
រីឯ យុវជន ម៉ី បញ្ញាឈួន និស្សិតឆ្នាំទី៣ជំនាញ General Manager នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា ក្នុងចំណោមការងារទាំងអស់ ខ្លួនចាប់អារម្មណ៍ជាងគេ គឺការងារនៅធនាគារ ហើយណាមួយឃើញគ្រឹះស្ថានហិរញ្ញវត្ថុកើតឡើងច្រើន យល់ថា នឹងមានការងារច្រើននៅតាមធនាគារ។ យុវជនរូបនេះយល់ថា បើបានការងារធនាគារនេះពេលកំពុងរៀន នឹងផ្ដល់មុខមាត់គួរសម គេថាជាមនុស្សមានកំណើត។
លោក ចក់ ភារម្យ កាន់ការងារផ្នែកជ្រើសរើសបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឲ្យដឹងថា ស្ថាប័នរបស់ខ្លួនតែងផ្ដល់ឱកាសជាទូទៅដល់និស្សិតនៅតាម សាកលវិទ្យាល័យឲ្យមានការងារធ្វើ ហើយក៏ទទួលបានការចាប់អារម្មណ៍ដាក់ពាក្យសុំការងារធ្វើច្រើនដែរ។
លោក ភារម្យ បានបន្តថា ពួកគេមិនមែនផ្ដោតតែលើការងារក្នុងការិយាល័យមានម៉ាស៊ីនត្រជាក់ ការងារមិនសូវលំបាកនោះទេ គឺសំខាន់ពួកគាត់ចង់បានបទពិសោធន៍ ពាក់ព័ន្ធនឹងជំនាញសិក្សារបស់ខ្លួន និងចង់បានចំណេះដឹងការងារមុនបញ្ចប់ការសិក្សា ទោះបីជាកិច្ចការកំពុងធ្វើ ត្រឹមជាការងារស្ម័គ្រចិត្តក៏ដោយ។
រីឯ លោកស្រី ពាំង ពិសាក នាយិកាផ្នែកធនធានមនុស្សរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានឲ្យដឹងថា មកពីពួកគាត់គិតថាការងារនៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺនិស្សិតឥឡូវចូលចិត្តការងារណាដែលងាយស្រួល តែពេលជួបការលំបាកក៏សម្រេចបោះបង់ចោលវិញងាយៗ ដូច្នេះហើយទើបពួកគេចង់បានតែការងារនៅក្នុងការិយាល័យមានម៉ាស៊ីនត្រជាក់ងាយស្រួល។
លោកស្រី ពិសាក បានបន្ថែមថា ប៉ុន្តែជាក់ស្ដែងបញ្ហា គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវការបុគ្គលិកចុះតាមតំបន់មួយចំនួននៅតាមកន្លែងក្រក្រី តាមភូមិឆ្ងាយៗ ប៉ុន្តែយុវជនមួយចំនួនពេលចុះធ្វើការត្រូវកម្ដៅថ្ងៃតែម្ដង ក៏សម្រេចចិត្តបោះបង់ភ្លាមដែរ។ ដូច្នេះហើយនៅអេអឹមខេ មានលក្ខខណ្ឌដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ អ្នកដែលអាចធ្វើការងារជាមួយសហគមន៍បាន ទើបអាចធ្វើការជាមួយអេអឹមខេបាន។
លោក ស៊ឹង ថារិទ្ធ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅក្រុមហ៊ុន CamHR ជំនាញផ្នែកធនធានមនុស្សបានឲ្យដឹងដែរថា ទី១ដោយសារឃើញវិស័យនេះកំពុងរីកចម្រើនខ្លាំង ទី២ ការងារនៅស្ថាប័នទាំងនេះសម្បូរនៅទីប្រជុំជន ដូច្នេះហើយទើបនិស្សិតនាំគ្នាសម្រុកចង់ធ្វើការនៅទីនោះ។
លោក បានបកស្រាយបន្ថែមថា ដោយសាររដ្ឋាភិបាលកំពុងជំរុញវិស័យធនាគារ និងហិរញ្ញវត្ថុ ធនធានមនុស្សនៅកម្ពុជាមិនសូវពេញចិត្តចំពោះការងារដែលមានទីតាំង នៅតំបន់ឆ្ងាយទេ ខុសពីយុវជននៅប្រទេសជិតខាងកម្ពុជា ដែលគេពេញចិត្តធ្វើការនៅឆ្ងាយពីទីក្រុងបន្តិចមែន ប៉ុន្តែគេទទួលបានការឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងជាច្រើនលើសពីអ្នកធ្វើការនៅក្នុងក្រុងទៀតផង ។
ដូច្នេះជាដំណោះស្រាយរដ្ឋាភិបាលគួរតែជួយជំរុញវិស័យផ្សេងៗ ដែលនៅសេសសល់ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនសម្រាប់យុវជនខ្មែរ ហើយយុវជនក៏ដូចគ្នាគួរតែងាកទៅចាប់យកជំនាញបច្ចេកទេសផ្សេងៗ ដូចជាវិស័យកសិកម្មជាដើម ដើម្បីជៀសវាងអ្នកវិនិយោគមកកម្ពុជាហើយ ប៉ុន្តែបែរជាជួបបញ្ហា ខ្វះអ្នកជំនាញទៅវិញ។
-មើលអត្ថបទ៖ ការងារ១០ប្រភេទរកបានប្រាក់ខែច្រើនខ្លាំងនៅកម្ពុជា
អត្ថបទ៖ កង ចាន់បញ្ញា