តារា​ក្បាច់​គុន សុខ ដែន បើក​ក្លឹប​សិល្បៈ ត្រៀម​​​ថត​រឿង​ធំ

  • 2016-06-03 14:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ ដែន​ តារា​ល្បី​ខាង​ក្បាច់​គុន រួម​ជា​មួយ​​តារា​​សម្ដែង​ជើង​ចាស់ គន្ធ តារាវណ្ណ និង​អ្នក​ដឹក​នាំ​រឿង ពិន ណារិន្ទ បាន​សហការ​​បើក​សាលា​បង្រៀន​សិល្បៈ​មួយ ដើម្បី​​បណ្ដុះ​បណ្ដាល​ដល់​យុវវ័យ​​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​អាជីព។

 

 

ការ​សម្រេច​ចិត្ត បើក​សាលា​បង្រៀន​សម្ដែង​ខាង​លើ​ លោក សុខ ដែន បាន​ប្រាប់​ថា គោលដៅ​សំខាន់ គឺ​ដើម្បី​ស្វែង​រក​​អ្នក​ដែល​មាន​សមត្ថភាព​ចូល​រួម​សម្ដែង​ខ្សែភាពយន្ត​​មួយ ដោយ​គ្រោង​ថត​ក្នុង​​ដើម​ខែ កក្កដា ខាង​​មុខ​នេះ។ "ខ្ញុំ​ជា​មួយ លោក​គ្រូ គន្ធ តារាវណ្ណ និង លោក​គ្រូ ពិន ណារិន្ទ គ្រោង​​ថត​រឿង​មួយ​ឈ្មោះ​ថា "លត់​ដែក​ថែប" ​យើង​សង្ឃឹម​ថា នឹង​រក​អ្នក​ដែល​មាន​សមត្ថភាព​ចូល​រួម​សម្ដែង​ជា​មួយ "លោក សុខ ដែន លើក​ឡើង។ តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា រឿង "លត់​ដែក​ថែប" ដែល​ខ្លួន​សាក​ល្បង​ផលិត​ឡើង​នេះ ជា​ប្រភេទ​រឿង វ៉ៃ​ទាត់​ធាក់ ដែល​ភាគ​ច្រើន បង្ហាញ​ពី​ក្បាច់​គុន​ខ្មែរ ហើយ​បច្ចុប្បន្ន​នៅ​មិន​ទាន់​ជ្រើស​រើស​តារា​សម្ដែង​បាន​នៅ​ឡើយ​ទេ។ លោក រំពឹង​ថា តាម​រយៈ​ការ​បើក​ក្លឹប​សិល្បៈ​នេះ នឹង​ជ្រើស​រើស​បាន​តារា​សម្ដែង​ថ្មីៗ​ជា​ច្រើន​នាក់​ថែម​ទៀត។  

ជំនាញ​ដែល "ក្លឹប​សិល្បៈ សុខ ដែន" បង្រៀន​មាន ដូច​ជា ការ​សម្ដែង រាំ ភ្លេង បញ្ចូល​សំឡេង និង​ក្បាច់​គុន​ជា​ដើម ពោល​គឺ​អត់​តែ​ការ​ច្រៀង​​មួយ​មុខ​ប៉ុណ្ណោះ ដោយ​ក្លឹប​មួយ​នេះ មាន​ទីតាំង​ជិត​រង្វង់​មូល​កាំកូស៊ីធី។ តារា​សម្ដែង​ជើង ចាស់​ គន្ធ តារាវណ្ណ និង លោក​គ្រូ ពិន ណារិន្ទ គឺ​ជា​​គ្រូ​បង្គោល​នៃ​ក្លឹប​សិល្បៈ​មួយ​នេះ។  

 

ជុំ​វិញ​ការ​មក​បង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោយ​នេះ ​ត្រូវ​បាន​​តារា​សម្ដែង​ជើង​ចាស់ គន្ធ តារាវណ្ណ បញ្ជាក់​​ថា ក៏​ព្រោះ​តែ​លោក​ចង់​ចែក​​រំលែក​បទពិសោធន៍​ដែល​ខ្លួន​មាន​​​ជា​ច្រើន​ឆ្នាំ​​ដល់​ក្មេង​ជំនាន់​ក្រោយ។ " តាំង​ពី​ដើម​ទី​មក ​ខ្ញុំ​អត់​ដែល​បង្រៀន​ឲ្យ​​ក្លឹប​សិល្បៈ​ណា​មួយ​ឡើយ នេះ​ជា​លើក​ទី១ ខ្ញុំ​ចង់​ចែក​​​​រំលែក​បទពិសោធន៍​ជាង​៣០ឆ្នាំ ដែល​ខ្លួន​មាន​​ដល់​​ក្មេងៗ ព្រោះ​​អី​យើង​ចាស់​ណាស់​ហើយ " លោក គន្ធ តារាវណ្ណ លើក​ឡើង។  

លោក គន្ធ តារាវណ្ណ ក៏​ដូច​ជា លោក ពិន ណារិន្ទ សង្ឃឹម​ថា ក្លឹប​ដែល​​សហការ​បង្កើត​មួយ​នេះ នឹង​ជួយ​​បន្ថែម​ទៀត ដល់​​សិល្បៈ​​ខ្មែរ​ជា​ពិសេស លើ​តារា​សម្ដែង​តែ​ម្ដង ស្រប​ពេល​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​ចាប់​ផ្ដើម​​​​​ងើប​​​ឡើង​វិញ។  

លោក សុខ ដែន ដែល​ជា​ម្ចាស់​ក្លឹប បាន​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ដែល​បាន​​ចូល​មក​រៀន​ក្នុង ​"ក្លឹប​សិល្បៈ​សុខ ដែន" លោក​ធានា​ថា នឹង​រក​ទីផ្សារ​ឲ្យ​បាន​ចូល​សម្ដែង ត្បិត​អី​ក្រៅ​ពី ខ្សែភាពយន្ត​រឿង "លត់​ដែក​ថែប" ​ដែល​លោក​គ្រោង​ថត ទៅ​ថ្ងៃ​​អនាគត តារា​រូប​នេះ​​គ្រោង​បង្កើត​ផលិតកម្ម​ផ្ទាល់​ខ្លួន​តែ​ម្ដង។ ជា​មួយ​គ្នា​នោះ មុន​​សម្រេច​ចិត្ត​បើក​ក្លឹប​​សិល្បៈ​ខាង​លើ ខាង​អ្នក​ដឹក​​នាំ​សម្ដែង គ្រប់​ផលិតកម្ម​ ធំៗ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា បាន​សន្យា​​ថា នឹង​យក​​កូន​​សិស្ស​ចេញ​ពី​ក្លឹប​​របស់​លោក ចូល​សម្ដែង​ទាំង​អស់ សំខាន់​ឲ្យ​តែ​មាន​សមត្ថភាព៕  

 

 

អត្ថបទ៖ ខុត សីហា