ធ្វើ​ដូច​ម្តេច​ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ឪពុក​និង​កូន?​

  • 2016-06-15 17:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​គ្រួសារ​ភាគ​ច្រើន កូន​រមែង​ស្និទ្ធ​ស្នាល​ជាមួយ​ម្តាយ​ច្រើន​ជាង​ឪពុក ពិសេស​ពេល​កូន​ធំពេញ​វ័យ គម្លាត​នៃ​ទំនាក់​ទំនង​ជាមួយ​ឪពុក​កាន់​តែ​ធំ។ គន្លាត​នៃ​ភាព​ស្និទ្ធស្នាល​នេះ​ធ្វើ​ឲ្យ ឪពុក​បាត់​បង់​ឱកាស​ការពារ​កូន​ជា​ទី​ស្រលាញ់​ពេល​ជួប​បញ្ហា។

 

​អញ្ចឹង​តើ​ត្រូវធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ឪពុក និង​កូនៗ អាច​បង្កើត​ភាព​ស្និទ្ធ​ស្នាល​ឡើង​វិញ​ដោយ​មិន​​ឆ្គាំ​ឆ្គង? តាម​ដាន​កិច្ច​សម្ភាស​រវាង​អ្នក​នាង​លីដា និង​កញ្ញា នាង សុវ៉ាត​នា​ ហៅ ណា​ណា អ្នក​ជំនាញ​ប្រឹក្សា​យោបល់​បញ្ហា​ជីវិត​នៃ​កម្មវិធីវិទ្យុ​ដ៏​ពេញ​និយម​មួយៈ

 

 

សំណួរ៖ តើ​កញ្ញា​យល់​ថា​យ៉ាងណា​ពីទំនាក់​ទំនង​ឪពុក និង​កូន​ក្នុង​សង្គម​ខ្មែរ? ចម្លើយ៖ ភាព​ស្និទ្ធ​ស្នាល​រវាង​ឪពុក​និង​កូន ចាំបាច់​មិន​អាច​ខ្វះ​បាន​ឡើយ​ក្នុង​គ្រួសារ។ ក្នុង​សង្គម​ខ្មែរ​ភាគ​ច្រើន​ឪពុក​មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយ​កូន​ទេ ព្រោះ​លោក​ច្រើន​ស្រលាញ់​កូន​មិន​ឲ្យ​ដឹង​ចិត្ត ​ដូច្នេះ​ទោះ​ជា​បារម្ភ យកចិត្ត​ទុក​ដាក់​ចំពោះ​កូន​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​សូវ​បង្ហាញ​ចេញ​ឲ្យ​កូន​ដឹង​ដែរ។ ម្យ៉ាង​ទៀត​ជា​ទម្លាប់​ទៅ​ហើយ​ដែល​ឪពុក​ត្រូវគេ​ចាត់​ទុក​ជា​តួកាច​ក្នុង​គ្រួសារ​ បើ​មិន​ដូច្នេះ​ទេ​ប្រដៅ​កូន​មិន​ស្តាប់​ឡើយ។

 

សំណួរ៖ តើ​ការ​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​ឪពុក​និង​កូន​ពិបាក​មែន​ទេ? ចម្លើយ៖ វា​អាច​ជា​រឿង​ពិបាក​សម្រាប់​គ្រួសារ​ខ្លះ​ដែល​ឪពុក​និង​កូន​មិន​ទម្លាប់​ស្និទ្ធ​ស្នាល​គ្នា​កន្លង​មក​​ ហើយ​សុខៗ​មក​និយាយ​ផ្អែមល្ហែម គឺ​អាច​មាន​អារម្មណ៍​ថា​ឆ្គង តែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​សង្ឃឹម​ថា​កូនៗ​គួរ​ចាប់​ផ្តើម​មុន​ទោះ​បន្តិច​បន្តួច​ក្តី  ធ្វើ​រហូត​ដល់​ក្លាយ​ជា​ទម្លាប់​​ ព្រោះ​លោក​ឪពុក​ចេះ​តែ​ចម្រើន​វ័យ​ទៅ​ហើយ ជៀស​វាង​លោក​ចាក​ឆ្ងាយ​ធ្វើ​ឲ្យ​កូន​ស្តាយ​ក្រោយ​។

 

សំណួរ៖ តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ឪពុកនិង​កូន​បង្កើត​ភាព​ស្និទ្ធ​ស្នាល​បាន ? ​ចម្លើយ៖ គ្រួសារ​នីមួយៗ​មិន​ដូច​គ្នា​ទេ​ ទាំង​ស្ថានភាព និង​ចរិត​សមាជិក​ក្នុង​គ្រួសារ​  តែ​មាន​លក្ខណៈ​រួម​មួយ​ចំនួន​ដែល​ឪពុក​ និងកូន​អាច​ចាប់​ផ្តើ​ម​​​ធ្វើ​បាន​ដើម្បី​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​ទាំងពីរ​បាន​ល្អ​ប្រសើរ​ឡើង។

 

សកម្ម​ភាព​ដែល​ឪពុក​គួរ​ធ្វើ​៖ -ត្រូវ​បើក​ទូលាយចិត្ត​ ឲ្យ​កូន​អាច​ដឹង​​អ្វី​ដែល​លោក​កំពុង​គិត​ និង​ ចង់​បាន ដោយ​ការ​ចំណាយ​ពេល​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន -គួរ​ស្តាប់​ការ​យល់​ឃើញ​របស់​កូន​ទោះ​នោះ​ជា​គំនិត​ក្មេង​ខ្ចី​ក៏​ដោយ​ -គួរ​បញ្ឈប់​ទម្លាប់​ស្តី​បន្ទោស​កូន​ពេល​គេ​ធ្វើ​ខុស -ពេល​ទំនេរ​ពី​ការងារ​ ឪពុក​គួរ​ស្ម័គ្រ​ចិត្ត​ធ្វើ​សកម្មភាព​មួយ​ចំនួន​ជាមួយ​កូន ដូច​ជា​លេង​កីឡា​ ដើរ​កម្សាន្ត​ជុំគ្នា  ដើរ​ទិញ​អីវ៉ាន់​ ឬ​កំដរ​កូន​មើល​កុន​ ជា​ដើម​។

 

សកម្មភាព​ដែល​កូន​គួរ​ធ្វើ​ ៖ -​ត្រូវ​ជឿ​ជាក់​ថា​ឪពុក​ជា​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ជាទីបំផុត ដូច្នេះ​រាល់​ទង្វើ​ដែល​គាត់​ធ្វើ ឬ​និយាយ​គឺ​ដើម្បី​ឲ្យ​កូន​ល្អ -ត្រូវ​ជា​អ្នក​ចាប់​ផ្តើម​សកម្មភាព​មុន ដូច​ជា​បបួល​លោក​ដើរ​កម្សាន្ត​ជុំ​គ្នា ចាប់​ដៃ​លោក​មុន ញញឹម និង​និយាយ​ទៅ​កាន់​លោក​មុន -ជូន​អំណោយ​ឪពុក រាល់​កម្មវិធី​ពិសេស​ផ្សេងៗ​ អាច​ជា​ថ្ងៃ​ខួប​កំណើត​លោក រដូវ​បុណ្យ​ទាន​ផ្សេងៗ ឬ​ថ្ងៃ​ទិវា​រំលឹក​គុណ​ឪពុក។

 

ខ្ញុំ​សង្ឃឹមថា​អ្នក​ដែល​កើត​ក្នុង​គ្រួសារ​ក្រ​លំបាក សូម​កុំ​មើល​ងាយ​ឪពុក​ខ្លួនគេ ព្រោះ «មនុស្ស​​មិន​អាច​រើស​កំណើត​ខ្លួន​បាន​ តែ​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​កំណើត​បាន» កូន​ត្រូវ​គិត​ថា​ការ​ដែល​គាត់​បាន​ផ្តល់​កំណើត​ឲ្យ​ខ្លួន​មើល​ឃើញ​ពិភព​លោក​នេះ​ជា​គុណ​បំណាច់​មួយ​ធំធេង​ណាស់​ទៅ​ហើយ៕

 

អត្ថបទៈ លីដា រូបថតៈ​ ផ្តល់ឲ្យ