នី មន្នីនាថ ថា ថតរឿងឲ្យថៃ ជប់លៀងរហូត
- 2016-06-16 14:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នី មន្នីនាថ ថា ថតរឿងឲ្យថៃ ជប់លៀងរហូត
ចន្លោះមិនឃើញ
ខ្សែភាពយន្តភាគរឿង "ភ្លើងស្នេហ៍ ភ្លើងឫស្យា" របស់ប៉ុស្ដិ៍លេខ៥ ដែលកញ្ញា នី មន្នីនាថ និង លោក អែត វិន គ្រងតំណែងជាតួឯកបានថតបញ្ចប់ហើយ។ តួឯកស្រីបាន និយាយថា ចាប់តាំងពីចេញថត ដែលមានអ្នកដឹកនាំសម្ដែងជាជនជាតិថៃ ជប់លៀងញឹកញាប់ធ្វើឲ្យតារាសម្ដែង ក៏ដូចជាក្រុមបច្ចេកទេសសប្បាយ បាត់ការនឿយហត់អស់។
កញ្ញា នី មន្នីនាថ ថ្លែងឲ្យដឹងបែបនេះគ្រាដែលនាង បានចូលរួមជប់លៀងបញ្ចប់ការថតខ្សែភាពយន្តខាងលើនៅឯភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ តារាស្រីរូបនេះលើកឡើងថា វាជាបទពិសោធថ្មីមួយទៀតសម្រាប់អាជីពសម្ដែងរបស់ខ្លួន ដែលបានធ្វើការយ៉ាងល្អជាមួយជនជាតិថៃ។
នាងថា ក្រុមអ្នកដឹកនាំសម្ដែងជាជនជាតិថៃ បានធ្វើការយ៉ាងយកចិត្តទុកដាក់ខ្លាំង ជាពិសេសគឺ សំលៀកបំពាក់របស់តារាសម្ដែង និងការផាត់មុខតែម្ដង ប៉ុន្តែបើរឿងកាមេរ៉ាបច្ចេកទេសវិញ មិនជាងគ្នាប៉ុន្មានឡើយ។
បន្ថែមលើនេះ កញ្ញា នី មន្នីនាថ បានឲ្យដឹងថា ក្រុមអ្នកដឹកនាំសម្ដែងមកពីប្រទេសថៃ ពូកែយកចិត្តតារាសម្ដែង និងអធ្យាស្រ័យ ដើម្បីកុំឲ្យអ្នកដែលមានវត្តមានសម្ដែង មានភាពមិនសប្បាយចិត្ត។ នី មន្នីនាថ ថ្លែង " ថតចប់១ថ្ងៃជប់លៀងៗ មានពេលខ្លះនៅកោះពេជ្រអង្គុយលេង១យប់ទល់ភ្លឺក៏មាន" ។
បច្ចុប្បន្នរឿង "ភ្លើងស្នេហ៍ ភ្លើងឫស្យា"ដែលមានជាង៣០ភាគបានចាក់បញ្ចាំងបណ្ដើរហើយលើ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ លោក ណារ៉ាត់ ប៊ុនថាំ អ្នកដឹកនាំសម្ដែង មកពីប្រទេសថៃ បានសរសើរលើទេពកោសល្យនៃការសម្ដែងរបស់តារាកម្ពុជា។ លោកថា ឆ្លងតាមការប្រឡូកការងារជាមួយតារាខ្មែរ ជាង១ឆ្នាំមកនេះ លោកសន្និដ្ឋានបានថា តារាខ្មែរមាន ទេពកោសល្យសម្ដែងមិនចាញ់តារាថៃឡើយ។
តាមផែនការស្ថានីយប៉ុស្ដិ៍លេខ៥ គ្រោងផលិតខ្សែភាពយន្តភាគឲ្យបាន៣០រឿងក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់ការចាក់ផ្សាយ។ អ្នកដឹកនាំសម្ដែងរូបនេះប្ដេជ្ញាថា ក្រុមរបស់លោកនឹងព្យាយាមផលិតខ្សែភាពយន្តនៅប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរជាងនេះ ដើម្បីជាគុណភាពរបស់ស្ថានីយ ក៏ដូចការចែករំលែកបទពិសោធន៍នានា ដល់តារាខ្មែរក៏ដូចជាផលិតករជាដើម៕
អត្ថបទ៖ ខុត សីហា