មោទកភាព​របស់​កូន​ស្រី​ម្នាក់​ដែល​មាន​ឪពុក​ជំរុញ​ឲ្យ​រៀន​បាន​ខ្ពស់

  • 2016-06-17 16:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពី​មុន​អាណា​ព្យាបាល​តែង​គិត​ថា កូន​ស្រី​វិល​ចង្ក្រាន​មិន​ជុំ ហេតុ​នេះ​មិន​ចាំបាច់​រៀន​វែង​ឆ្ងាយ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ប៉ា​ខ្ញុំ​តែង​តែ​ជំរុញ​និង​លើក​ទឹក​ចិត្ត​កូនស្រី​​ឲ្យ​ខំ​រៀន​បាន​ខ្ពស់» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាង​សុវណ្ណដែន​ ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស New Zealand។

 

 

មូលហេតុ​ដែល​លោក​ឪពុក​របស់​សុវណ្ណ​ដែន​ប្រឹង​ប្រែង​ជ្រោម​ជ្រែង​កូន​ស្រី​ឲ្យ​រៀន​បាន​ច្រើន  ទាំង​ជីវភាព​ខ្សត់​ខ្សោយ ព្រោះ​លោក​គិត​ថា​មនុស្ស​ស្រី​មាន​កាយ​សម្បទា​ទន់​ខ្សោយ​ដែល​ជា​ផល​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រើ​កម្លាំង ប្រសិន​បើ​គ្មាន​ចំណេះ​ជាប់​ខ្លួន ។ «ប៉ា​បាន​ពន្យល់​ខ្ញុំ​ថា យើង​មិន​អាច​ពឹង​ផ្អែក​តែ​លើ​វាសនា​ឡើយ អ្នក​ដែល​មាន​ស្វាមី​ល្អ​ចាំ​ផ្គត់​ផ្គង់​ រាប់​ថា​នោះ​ជា​សំណាង​របស់​គេ តែ​សំណាង​មិន​មែន​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា​ឡើយ»។

 

ក្រៅ​ពី​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន លោក​ឪពុក​របស់​សុវណ្ណ​ដែន​តែង​តែ​ចំណាយ​ពេល​​អប់រំ​ប្រៀន​ប្រដៅកូនៗ​ឲ្យ​មាន​ទម្លាប់​ល្អ​និង​ឧស្សាហ៍​ព្យាយាម​តាំង​ពី​ក្មេង ។ «ខ្ញុំ​ចាំ​បាន​ថា ប៉ា​បាន​បង្កើត​ពាក្យ​ស្លោក​មូយ ហើយ​តែង​តែ​រំលឹក​ពួក​យើង​ថា ទម្លាប់​កើត​មក​ពី​ការ​បង្ហាត់​បង្រៀន​ខ្លួន​ឯង ទម្លាប់​ល្អ​បាន​ល្អ ទម្លាប់​អាក្រក់​បាន​អាក្រក់»។ ពី​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​សូម្បី​តែ​គិត​ថា​ខ្លួន​នឹង​មាន​ឱកាស​បាន​ទទួល​ការ​សិក្សា​នៅ​បរទេស ប្រែ​ក្លាយ​ជា​និស្សិត​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស New Zealand ​​​​​នេះ​ក៏ព្រោះ​តែ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​របស់​ឪពុក។​

 

គ្រា​មួយ​ស្រប​ពេល​ដែល​កំពុង​សសេរ​និក្ខេប​បទ​បញ្ចប់​ការ​សិក្សា​នៅបរទេស និស្សិត​ស្រី​រូប​នេះ​មាន​គ្រោះ​ថ្នាក់​គ្រិច​ក​ជើង​ធ្ងន់​ធ្ងរ​មិន​អាច​ដើរ​បាន ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះ​កាត់។ ការ​ឈឺចាប់ ណាមួយ​នៅ​ឆ្ងាយ​ពី​គ្រួសារ​ទៀត ធ្វើ​ឲ្យ​នាង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​ពេល​នឹក​ឃើញ​សម្តី​ឪពុក​ដែល​ចង់​ឃើញ​កូន​ជោគ​ជ័យ សុវណ្ណ​ដែន​បាន​តស៊ូ​ជំនះ​ឧបសគ្គ​ដ៏​ធំ​មួយ​នេះ។ «កាល​នោះ​ខ្ញុំ​ពិបាក​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ថ្ងៃ​ណា​ក៏​អង្គុយ​យំ​ម្នាក់​ឯង​ ខ្លាច​ធ្វើ​មិន​បាន​ល្អ បរាជ័យ​ក្នុង​ការ​សិក្សា​នេះ តែ​ខ្ញុំ​នឹក​ឃើញ​ពាក្យ​ប៉ា​តែង​ប្រាប់​ថា គ្មាន​អ្វី​ដែល​មនុស្ស​យើង​មិន​អាច​ធ្វើ​បាន​ទេ​ឲ្យ​តែ​ដាក់​ចិត្ត​ធ្វើ​ឲ្យ​អស់​លទ្ធភាព។ ជា​កុសល​ខ្ញុំ​មិន​ត្រឹម​តែ​អាច​បញ្ចប់​និក្ខេបបទ​បានប៉ុណ្ណោះទេ ថែម​ទាំង​ទទួល​បាន​ពិន្ទុ​ល្អ​ទៀត​ផង»។​

 

 

ក្នុង​ចំណោម​បង​ប្អូន​៤​នាក់ សុវណ្ណ​ដែន​ជា​កូន​ទី​៣​នៅ​ក្នុង​គ្រួសារ នាង​និង​បងប្អូន​សុទ្ធ​តែ​ទទួល​បាន​ការ​សិក្សា​ល្អ។ ខ្ញុំ​មាន​មោទន​ភាព​ណាស់​ដែល​បងប្អូន​របស់​ខ្ញុំ​បាន​ទទួល​ការ​សិក្សា​អប់រំ​ល្អ​និង​ចិញ្ចឹម​ជីវិត​ដោយ​ប្រើប្រាស់​ចំណះ​ដឹង​របស់​ពួក​គាត់​ ជា​ពិសេស​ប្អូន​ស្រី​ពៅ​ដែល​កំពុង​បម្រើ​ការងារ​ជា​អ្នក​ជំនាញ​ការ​ច្បាប់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ប្រទេស​ហ្វីលីពីន»។

 

ក្នុង​វ័យ​៣២ឆ្នាំ​សុវណ្ណ​ដែន​បាន​កាន់​តួនាទី​ជា​មន្រ្តី​រាជការ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​តាម​បំណង​ប្រាថ្នា​ឪពុក តែ​ជា​អកុសល​លោក​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ ដោយ​មិន​បាន​នៅ​ឃើញ​ភាព​ជោគជ័យ​របស់​កូន​ស្រី​ឡើយ។ សុវណ្ណ​ដែន​និយាយ​ទាំង​ស្រពាប់​ស្រពោន​ថា «ឆ្លង​កាត់​បទ​ពិសោធ​ទាំង​នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ស្រ្តី​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ផ្តល់​ឱកាស​និង​ជំរុញ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​បាន​ខ្ពស់​ពី​ម៉ាក់​ប៉ា​ដូច​រូប​នាង​ខ្ញុំ​ដែរ»៕

 

អត្ថបទៈ លីដា រូបភាពៈ ផ្តល់ឲ្យ