សង្គ្រាមពាក្យសម្ដីរវាង សួង សុខារ៉ានីត និងស្រ្ដីម្នាក់ កាន់តែឡើងកម្ដៅ
- 2016-06-20 19:45:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមពាក្យសម្ដីរវាង សួង សុខារ៉ានីត និងស្រ្ដីម្នាក់ កាន់តែឡើងកម្ដៅ
ចន្លោះមិនឃើញ
សង្គ្រាមពាក្យសម្ដីរបស់តារាស្រី សួង សុខារ៉ានីត ជាមួយអ្នកស្រី សន សូម៉ាឡែន នោះកាន់តែខ្លាំងឡើងហើយ ខណៈសាមីខ្លួនទាំងសងខាង បញ្ជាក់រឿងឈានដល់ប្រព័ន្ធតុលាការ។
តាមដំណើររឿងនៃសង្គ្រាមពាក្យសំដីរបស់ភាគីទាំងពីរ តារាស្រីខាងលើបានប្រាប់ Sabay មុននេះបន្តិចថា កើតឡើងពីរឿងខ្ចីលុយ។ រ៉ានីត រៀបរាប់ថា "រឿងរ៉ាវកើតឡើងយូរហើយ ពេលនោះពួកនាងទៅដើរលេងជាមួយគ្នា ហើយខាងអ្នកស្រី សន សូម៉ាឡែន បានខ្ចីប្រាក់ពីនាង ដោយសារថា ចាត់ទុកអ្នកស្រី ម៉ាឡែន ដូចបងស្រីផង ទើបនាងឲ្យ។
រ៉ានីត បន្ថែមថា "ខ្ញុំធ្លាប់ទូរសព្ទទៅទារ តែគាត់មិនលើកទូរសព្ទខ្ញុំសោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រហែលជាឆ្នាំមុនខ្ញុំបានជួបគាត់ដោយចៃដន្យ ខ្ញុំក៏បានទារពីគាត់ទៀត តែគាត់ធ្វើមិនដឹងមិនឮ។ ពីដំបូងខ្ញុំក៏មិនចង់លើយកមកបង្ហោះលើ Facebook ចឹងដែរ តែពេលឃើញគេថាគាត់បានយកប្រាក់ទៅធ្វើបុណ្យ ក៏សម្រេចធ្វើបែបនោះតែម្ដង។ " តារាសាច់សរូបនេះបានបន្តថា ប្រសិនបើអ្នកស្រី សន សុម៉ាឡែន ហ៊ានប្ដឹងមែន នាង ក៏មិនខ្លាចដែរ។
មួយម៉ោងក្រោយមកអ្នកស្រី សន សូម៉ាឡែន ជាគូទំនាស់ពាក្យសំដី ក៏បានតបសារទៅតារាសម្ដែងក្នុងបទ "ស្រុកខ្មែរចាំអូន” វិញភ្លាម ប៉ុន្តែមិនមែននិយាយរឿងលុយឡើយ គឺបានអះអាងថា ចំពោះទំនាស់ពាក្យសំដីមួយនេះ អ្នកនាង បានដាក់ពាក្យប្ដឹងរួចហើយ។ "ខ្ញុំបានដាក់ពាក្យទៅតុលាការឲ្យចាប់ខ្លួនហើយ!!!ខ្ញុំនឹងទារសងជំងឺចិត្តឲ្យនាងស្គាល់ខ្ញុំម្ដង កុំយកពងមាន់មកជល់នឹងថ្ម!! ត្រឹមតែជាស្រីដើរលក់ខ្លួនទេកុំចង់លោត!!! ពេលខ្លះបើមិនកម្រើកខ្លះមិនបានទេ!!! បើខ្លាំងខលមកខ្ញុំមក ខ្ញុំចាំលើកគ្រប់ពេល!!! ”។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី សន សូម៉ាឡែន មិនអាចសុំការបំភ្លឺបន្ថែមបានទេព្រឹកនេះ ដោយលេខទូរសព្ទដែលមានភ្ជាប់ក្នុងសារនោះ ពេលដំបូង Call ចូលតែគ្មានអ្នកទទួល ហើយក្រោយមក ក៏មិនអាចទាក់ទងបានតែម្ដង។ ដោយឡែក សុខារ៉ានីត វិញ ក៏បញ្ជាក់ដែរថា ចំពោះករណីនេះ នាងនឹងធ្វើដល់ទីបំផុត៕
អត្ថបទ៖ទ្រី រ៉ាវី