សួង សុខារ៉ានីត បបួលគូជម្លោះទៅស្បថមុខព្រះអង្គដងកើ រឿងលុយជំពាក់
- 2016-07-01 16:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួង សុខារ៉ានីត បបួលគូជម្លោះទៅស្បថមុខព្រះអង្គដងកើ រឿងលុយជំពាក់
ចន្លោះមិនឃើញ
តារាស្រី សួង សុខារ៉ានីត បាននិយាយថា សុខចិត្តបំភ្លេចចោលលុយជំពាក់ចំនួន ៥០០ ដុល្លារនោះ ប្រសិនបើដៃគូជម្លោះរបស់នាង ដែលមានងាជាជំទាវផងនោះ ហ៊ានទៅស្បថមុខព្រះអង្គដងកើថា មិនបានខ្ចីរូបនាង។
“លុយហ្នឹងគ្មានលិខិតស្នាមអីទេ ព្រោះយើងជាសុទ្ធសឹងតែជាអ្នកស្គាល់រាប់អានគ្នា។ តាមខ្ញុំគិតថាមិនបាច់យកលុយហ្នឹងទេ តែសុំឱ្យបងស្រីហ្នឹងហ៊ានចេញមុខស្បថមុខព្រះអង្គដងកើទៅបានហើយ"។ សុខារ៉ានីត ថ្លែងមកកាន់ Sabay ថ្មីៗនេះ។ នាងឱ្យដឹងទៀតថារហូតមកដល់ពេលនេះ នៅមិនទាន់បានចម្លើយតបពីគូទំនាស់នៅឡើយទេ។ ហើយភាគីទាំងពីរស្ថិតក្នុងដំណាក់កាលផ្ញើសារឆ្លងឆ្លើយគ្នាប៉ុណ្ណោះ ក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយនោះដែរ។
ប៉ុន្តែ សុខារ៉ានីត បានបញ្ជាក់ថា នាងនៅមិនទាន់ត្រជាក់ចិត្តនោះទេ ចំពោះដៃគូទំនាស់ដែលចោទប្រកាន់ថា នាងជានារីរកស៊ីលក់ខ្លួន និងដណ្ដើមប្ដីគេនោះ។ សុខារ៉ានីត បន្ថែម៖" គាត់ថាខ្ញុំច្រណែនគាត់ ចង់ដណ្ដើមប្ដីគាត់ ប៉ុន្តែខ្ញុំអត់ដែលស្គាល់ប្ដីគាត់សោះ តែជាការពិតគាត់ជំពាក់លុយខ្ញុំ"។
ទោះបីជាយ៉ាងណា តារាស្រីរូបនេះឱ្យដឹងថា នាងមិនទាន់មានគម្រោងដាក់ពាក្យបណ្ដឹងទៅតុលាការ ឬយ៉ាងណានោះទេ ដោយរង់ចាំមើលភាគីទំនាស់ទៅវិញ ប្រសិនគេដាក់ពាក្យប្ដឹង គឺនាងដាក់ពាក្យបណ្ដឹង១ច្បាប់ដែរ។ ហើយនាងក៏បើកផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធីផងដែរ៕
អត្ថបទ៖ សំ ជំនាញ