សាន ស្រីឡៃ ជម្រះមន្ទិលរឿងនាងដណ្តើមស្វាមីគេ
- 2016-07-07 17:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន ស្រីឡៃ ជម្រះមន្ទិលរឿងនាងដណ្តើមស្វាមីគេ
ចន្លោះមិនឃើញ
ថ្មីៗនេះមានលេចចេញរឿងរ៉ាវផ្ទាល់ខ្លួនរបស់ សាន ស្រីឡៃ តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុកមួយបានលើកឡើងថានាងមានពាក់ព័ន្ធនឹងស្វាមីគេ ប៉ុន្តែយ៉ាងណាមិញជួបជាមួយសាមីខ្លួនតាមទូរស័ព្ទអម្បាញ់មិញ នាងអះអាងថា មិនដូចអ្វីដែលគេបានលើកឡើងឡើយ។
សាន ស្រីឡៃ ថ្លែង៖ “មិនពិតទេបង គេនិយាយអ្វី ក៏និយាយទៅបង រឿងរ៉ាវនោះ តាំងពីជាង១០ឆ្នាំរវាងស្វាមីខ្ញុំ និងក្រុមគ្រួសារគាត់ចាស់ ដែលគាត់បានដាច់ស្រេចគ្នាអស់ហើយ ប៉ុន្តែពេលនេះគាត់ជាស្វាមីខ្ញុំ"។
ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយផុសរូប ស្វាមីរបស់ស្រីឡៃ និងក្រុមគ្រួសារមួយ ដែលម្ចាស់គណនីបញ្ជាក់ថា ជាក្រុមគ្រួសាររបស់ស្វាមី ស្រីឡៃ។ ជាមួយរូបភាពនេះ ម្ចាស់គណនីនោះ នៅភ្ជាប់សារមកជាមួយថា ៖ "អ្នកយកប្តីគេ តើអ្នកសប្បាយចិត្តទេ ចុះបើមានគេយកយកប្តីនាងវិញតើនាងគិតយ៉ាងណាដែលខ្ញុំចង់ប្រាប់ថានាងពិតជាធ្វើឲ្យខូចដល់មនុស្សស្រីដទៃទៀត...”។
ពាក់ព័ន្ធករណីនេះ Top4 របស់កម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ បានទទួលថា ត្រឹមត្រូវខ្លះមែន ប៉ុន្តែជារឿងអតីត។ នាងថា រឿងរ៉ាវស្វាមីនាង និងអ្នកមុនកើតឡើងយូរហើយ ហេតុអ្វីបានជាមានគេគាស់កកាយឡើងវិញ នៅពេលដែលនាងកំពុងមានកេរ្ត៍ឈ្មោះក្នុងពិភពសិល្បៈបែបនេះ? យ៉ាងណាមិញនាងប្រាប់ថា នាងមិនខ្វល់ឡើយ ចង់ពួកគេនិយាយអ្វីក៏ដោយចុះ ព្រោះរឿងនេះ មិនមែនជាការពិតឡើយ។
រូបភាព៖ ហ្វេសប៊ុក ស្រីឡៃ
“មិនដឹងជាពួកគេ គិតម៉េចបានយករឿងតាំងពីជាង១០ឆ្នាំមុនមកនិយាយ ហើយដល់ពេលនេះ ខ្ញុំមានមុខមានមាត់ក្នុងសិល្បៈតិចតួចតាំងលើករឿងដែលប៉ះពាល់កិត្តិយសខ្ញុំមកនិយាយ តែខ្ញុំសូមប្រាប់ថាមិនមែនជាការពិតទេ"។ ស្រីឡៃ បញ្ជាក់។
កូនក្រុមគ្រូបង្វឹក ពេជ្រ សោភា លើកឡើងទៀតថា នាង និងស្វាមីរៀបការរួចត្រឹមត្រូវតាំងពីឆ្នាំ២០០៨ មកម្ល៉េះ មកដល់បច្ចុប្បន្ន មានបុត្រ២នាក់ហើយ ក្នុងនោះ ម្នាក់អាយុ ៧ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ។ ដូច្នេះនាងសំណូមពរទៅកាន់បងប្អូនសូមឈប់មានការយល់ច្រលំទៀតទៅ៕
អត្ថបទ៖ ថា ម៉ាលីដា